សម្តេចតេជោហ៊ុនសែនជំរុញបណ្តាប្រទេសអាស៊ាននិង ប្រ៊ីក ស្តារឡើងវិញនូវពហុភាគីនិយម ដើម្បីផ្តល់អាទិភាពរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងតំបន់និងពិភពលោក 

វិទ្យុជាតិកម្ពុជា ស៊ឹង សុផារី

 

     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យបណ្តាប្រទេសអាស៊ាននិង ប្រ៊ីក ស្តារឡើងវិញនូវពហុភាគីនិយម ដើម្បីផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា ខណៈដែលពិភពលោកកំពុងមានបញ្ហាប្រែប្រួលនិងស្មុគស្មាញ។ 

 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះនៅក្នុងបទអន្តរាគមន៍ «វេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ  និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក (BRICS)» ក្រោមមូលបទ

«សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍន៍រួម និងអនាគតដ៏ភ្លឺស្វាង»ពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២២។

សម្តេចតេជោបញ្ជាក់ថា  នៅក្នុងបរិបទដែលពិភពលោកទាំងមូលដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស, មិនច្បាស់លាស់ និងស្មុគស្មាញនេះ, យើងមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេ ប្រសិនបើយើងពិតជាមានបំណងដោះស្រាយបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន ។

ក្នុងន័យនេះ សម្តេចតេជោបញ្ជាក់ថា អាស៊ាន និង ប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទំាងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា ។ទន្ទឹមនេះដែរ, យើងក៏ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងចំពោះប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល និងអនុញ្ញាតឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា ។ លើសពីនេះទៅទៀត យើងមិនគួររារាំងបណ្តាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី, ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀត ដែលបំពានលើច្បាប់អន្តរជាតិ ក៏ដូចជា គោលការណ៍ និងគោលបំណងស្នូលដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សម្តេចតេជោបន្តថា    ពាក់ព័ន្ធនឹងការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ យើងពិតជាមានភាពចាំបាច់ជំរុញនូវកិច្ចសហការឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីធានាថា យើងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ សម្តេចសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលរបស់ប្រទេសចិន ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការខិតខំប្រឹងប្រែងដើម្បីជួយដល់បណ្តាប្រទេសដែលមានការអភិវឌ្ឍន៍ទាប ជាពិសេស បណា្តប្រទេសទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត ។ 

 

 សម្តេចតេជោបន្ថែមថា  ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ដែលមានមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទំាងអស់គ្នា” យើងរួមជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត ត្រូវខិតប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីកសាងអនាគតភ្លឺស្វាងជាងមុនសម្រាប់អាស៊ី និង ពិភពលោក ។ ក្នុងន័យនេះ យើងនឹងបង្កើនការខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដងលើការពង្រឹងនូវភាពជាកណ្តាល និងភាពធន់របស់អាស៊ាន ។ យើងក៏កំពុងជំរុញការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់គំនិតផ្តួចផ្តើម និងវិធានការដែលយើងបានព្រមព្រៀងគ្នា រួមមាន ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន, កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី, ការតភ្ជាប់ទាំងរូបវ័ន្ត និងឌីជីថល, សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម, និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន ។

សម្តេចតេជោក៏សូមពឹងផ្អែកលើដៃគូរបស់អាស៊ាន រួមទាំងប្រទេសប្រ៊ីក (BRICS) ចំពោះការគាំទ្រ ដើម្បីធានាបាននូវភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំនេះ ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក៕IMG_20220519_075806_450IMG_20220519_075804_168

Comments

Related posts