បទយកការណ៍៖ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរត្រូវចូលរួមគោរពច្បាប់ស្តីពីការសាងសង់លំនៅដ្ឋាន

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ ដោយលោកស្រី ធៀង ស្រីមុំ

 

តំបន់រមណីយដ្ឋានអង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ(UNSCO) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លានិងឈ្លាសវៃបំផុត នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ភាពជោគជ័យក្នុងការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកធ្វើឱ្យប្រជាជនខ្មែរមានមោទកភាពជាតិ មានមុខមាត់លើឆាកអន្តរជាតិ និងបានក្លាយជាគោលដៅទេសចរណ៍លេខ១របស់កម្ពុជា ដែលបង្កើនចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំៗដល់កម្ពុជា។ 

ដើម្បីសម្រេចគោលដៅការពារ អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរប្រកបដោយចីរភាព និងដើម្បីអនុវត្តតាមលក្ខខណ្ឌ ក្នុងការបញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ បទបញ្ជា និងបទដ្ឋានគតិយុត្តនានា ជាបន្តបន្ទាប់ដើម្បីកំណត់ និងចាត់ចែងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ។

សូមលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្តីពី៖ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរ ត្រូវចូលរួមគោរពច្បាប់ស្តីពីការសាងសង់សំណង់នៅក្នុងឧទ្យានអង្គរ ដូច តទៅ៖

   យោងតាមសេចក្តីសម្រេចលេខ៧០ សសរ ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ បានកំណត់ថា ប្រជាពលរដ្ឋដែលមានលំនៅឋាន និងរស់នៅយូរលង់ណាស់មកហើយ អាចបន្តរស់នៅតទៅទៀត ដោយមិនមានការតម្រូវឱ្យចាកចេញពីភូមិឋានឡើយ។ អ្នកភូមិទាំងនោះអាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីអាជ្ញាធរ អប្សរា។ ក៏ប៉ុន្តែរាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត។

លោក នង សុវណ្ណារិទ្ធ អនុប្រធានលេខាធិការដ្ឋានសហគមន៍ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរជាយូរលង់ណាស់មកហើយ អាជ្ញាធរជាតិអប្សរា មិនបានហាមឃាត់ការជួសជុលផ្ទះសម្បែង បន្ទប់ទឹក ចង្រ្កានបាយ ឬរោងចិញ្ចឹមសត្វរបស់ពួកគាត់ឡើយ តែនៅពេលត្រូវការសាងសង់ឬជួសជួលលំនៅ ឋានរបស់ខ្លួន ពួកគាត់ត្រូវតែដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា តាមរយៈអាជ្ញាធរភូមិ ឃុំដែលនៅជិត បំផុត។

សំឡេង១«ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរយើងនេះ ពេលដែលគាត់ត្រូវការសាងសង់ឬជួសជុលតិចតួច ត្រូវតែដាក់ច្បាប់។ ប៉ុន្តែនីតិវិធីដាក់ច្បាប់ គាត់ត្រូវស្នើសុំហត្ថលេខាភូមិ ឃុំ ហើយបានដាក់ទៅច្រកចេញចូលតែមួយនៃអាជ្ញាធរជាតិអប្សរា ដែលឯកសារភ្ជាប់ មានដូចជា៖សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណ លិខិតកាន់កាប់ដីដែលមានបញ្ជាក់ ហើយខ្ញុំសូមបញ្ជាក់មួយទៀតថា សម្រាប់ការដាក់ពាក្យ អាជ្ញាធរជាតិអប្សរាមិនតម្រូវឱ្យមានការបង់ប្រាក់ទេ សម្រាប់ការស្នើសុំរបស់ប្រជាពលរដ្ឋសុំរុះរើផ្ទះចាស់ធ្វើថ្មី គឺរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការរបស់អាជ្ញាធរជាតិអប្សរា ប៉ុន្តែបើសិនករណី គាត់ស្នើសុំទៅសហគមន៍ជួសជុលបន្តិចបន្ទួច ទៅតាមជាក់ស្តែងអាចមួយសប្តាហ៍ឬពីរសប្តាហ៍ ក្រុមការងារនឹងទទួលបានឯកសារគាត់ នឹងចុះមកភ្លាមមិនយូរទេ » ។

លោកបន្តទៀតថា៖ នៅក្នុងនីតិវិធីច្បាប់បានកំណត់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋដែលរស់នៅយូរលង់ណាស់មកហើយ អាចស្នើសុំសាងសង់ឬជួសជុលផ្ទះចាស់ទ្រុឌទ្រោមបាន តែពួកគាត់ក៏ត្រូវមានលក្ខខណ្ឌ និងអនុវត្តតាមនីតិវិធីមួយចំនួន។ 

សំឡេង២«ជាធម្មតាគោលការណ៍របស់អាជ្ញាធរជាតិអប្សរា ផ្ទះដែលសុំរុះរើចាស់ធ្វើថ្មីគឺ យើងយោងទៅ តាមគាត់ជាអ្នកស្រុកចាស់ រស់នៅក្រោមឆ្នាំ២០០០ ឧទាហរណ៍គាត់រស់នៅទីតាំងហ្នឹងមានផ្ទះតាំងពីឆ្នាំ៩៨ ឬ២០០០ឬ២០០៤ គាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការរុះរើផ្ទះចាស់ សាងសង់ថ្មី ក្នុងលក្ខខណ្ឌដែលសុំទៅដែនដីអគ្គនាយកដ្ឋានតែម្តងគឺ លក្ខខណ្ឌគាត់រុះរើធ្វើថ្មី តែសម្រាប់ក្រុមការងារសហគមន៍ គឺសម្រាប់ការជួសជុលតូចតាច ហើយបន្ទាន់ឧទាហរណ៍ដំបូលលិចទឹក សំយាបលិចទឹក ឬជញ្ជាំងផ្ទះគាត់ពុកផុយឬបន្ទប់ទឹក សម្រាប់ក្រុមការងារសហគមន៍ » ។

អនុប្រធានលេខាធិការដ្ឋានសហគមន៍ នៃអាជ្ញាធរជាតិអប្សរាបានបន្តទៀតថា៖ ទោះបីជាមានបទបញ្ញត្តិច្បាប់ដើម្បីទប់ស្កាត់ការសាងសង់សំណង់ខុសច្បាប់ ក្នុងតំបន់ឧទ្យានអង្គរហើយក្តី តែប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងតំបន់ការពារទាំងនោះ នៅតែមិនព្រមចូលរួមអនុវត្តតាមការណែនាំដែលច្បាប់បានកំណត់។

សំឡេង៣«បញ្ហាប្រឈមសព្វថ្ងៃក្រុមការងារសហគមន៍បានប្រឈមពេលដែលប្រជាពលរដ្ឋគាត់បានស្នើសុំទៅអាជ្ញាធរជាតិអប្សរាហើយ សុំតាមសហគមន៍ហើយបានការអនុញ្ញាតហើយ គាត់នៅតែធ្វើខុសពីលិខិតអនុញ្ញាតរបស់យើង ដូច្នេះយើងនៅតែសំណូមពរហើយសំណូមពរទៀតថា ប្រជាពលរដ្ឋដែលយើងបានអនុញ្ញាត សូមធ្វើម៉េចគោរពទៅតាមលក្ខខណ្ឌដែលគាត់និយាយនឹងលិខិតអនុញ្ញាតរបស់យើង » ។​​IMG_20220809_160249_741

ជួបជាមួយលោក ឡូយ អ៊ាត អាយុជាង៦០ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាបបានឱ្យដឹងថា៖ លោកមានទីជាលំនៅក្នុងមូលដ្ឋាននេះជាយូរឆ្នាំណាស់មកហើយ ពោលគឺរស់នៅបន្តតាំងពីឪពុកម្តាយមក។លោកបន្តថា៖ ដើមឡើយលំនៅឋានរបស់លោក មានសភាពចាស់ទ្រុឌ ទ្រោមយ៉ាងខ្លាំង តែលោកមិនហ៊ានដាក់ពាក្យស្នើសុំជួស ជុលឡើយ ព្រោះយល់ថាអាជ្ញាធរជាតិអប្សរាមិនអនុញ្ញាត។ តែក្រោយមកលោកក៏ទទួលបានព័ត៌មានថា ប្រជាពលរដ្ឋដែលរស់នៅយូរលង់ណាស់មកហើយ អាចស្នើសុំជួសជួលផ្ទះចាស់ទ្រុឌទ្រោមបាន ទើបលោកសម្រេចចិត្តដាក់ពាក្យស្នើសុំជាបន្តបន្ទាប់រហូតអាចជួស ជុលលំនៅឋានរបស់លោកបានល្អប្រសើរដូចសព្វថ្ងៃ។

លោកបន្តទៀតថា៖ ថ្មីៗនេះលោកទើបទទួលបានលិខិត អនុញ្ញាតពីអាជ្ញាធរជាតិអប្សរា បន្ទាប់ពីលោកបានដាក់ពាក្យស្នើសុំ ដើម្បីតសំយ៉ាបផ្ទះប្រវែង៣ម៉ែត្រ រៀបចំជាពីរបន្ទប់ និងចាក់សាបខាង ក្រោមផ្ទះ ដើម្បីសម្រួលដល់ការរស់នៅព្រោះថាកូនៗដែលមានចំនួន៨នាក់ កាន់តែធំ ក៏ត្រូវរៀបចំបន្ទប់សម្រាប់ពួកគេ ។បុរសវ័យ៦២ឆ្នាំខាងលើ បានរៀបរាប់ទាំងក្តីសប្បាយ រីករាយទៀតថា៖ លោកពិតជាមានមោទនភាពយ៉ាងខ្លំាងដែលបានរស់នៅនិងអាស្រ័យ ផលក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថារមណីយដ្ឋានអង្គរទាំងមូលបានផ្តល់ឱ្យរូបលោក និងប្រជាពលរដ្ឋដទៃទៀត នូវប្រាក់ចំណូលពីវិស័យទេសចរណ៍មិនចេះរីងស្ងួត។  

សំឡេង៤«ខ្ញុំនៅច្រើនឆ្នាំហើយមុនឆ្នាំ៩៣ទៀត នៅទីនេះតែផ្ទះតូចកណ្តៀរស៊ីចង់អស់ តូច៥គុណនឹង៤ម៉ែត្រ សុំតាមរយៈភូមិដល់នេះគេទៅឯនោះហើយគេថាធ្វើបានអាជ្ញាធរជាតិអប្សរា គេចុះមកថតគេថាធ្វើបានខ្ញុំនៅយូរតែមិនហានសុំខ្លាចគេអត់ឱ្យ ខ្ញុំមិនសូវចេះខ្ញុំល្ងង់ដល់ដាក់ចិត្តសុំៗបានមែនខ្ញុំសប្បាយចិត្តឥឡូវបានតមួយបន្ទប់ទៀតខ្ញុំកូនច្រើនផងកូនឡើង៨នាក់ » ។IMG_20220809_160252_390

ជួបជាមួយអ្នកស្រី ឈិន បូលីន អាយុ ៧១ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក បានរៀបរាប់ថា៖អ្នកស្រីជាប្រជាពលរដ្ឋចាស់ ដែលរស់នៅក្នុងតំបន់រមណីដ្ឋានអង្គរជាយូរឆ្នាំណាស់មកហើយ។ ចំណែកការសុំច្បាប់សាងសង់ឬជួសជុលផ្ទះកន្លង មក មានភាពងាយស្រួល មិនមានភាពស្មុគស្មាញអ្វីឡើយ ដោយធ្វើឡើងតាមរយៈភូមិ ឃុំ និងបន្តទៅអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះ ពោលគឺមិនចំណាយថវិកា ឬពេលវេលារង់ចាំយូរនោះទេ។

សំឡេង៥«សុំធ្វើជញ្ជាំងផ្ទះនេះ វាធ្លាក់មកទាំងផ្ទាំង ពេលខ្យល់មក វាពុកអស់ហើយ ឱ្យគេអ្នកបច្ចេកទេសខាងកណ្តៀរមកជួយ គេថាដាក់យ៉ាងម៉េចក៏មិនអស់ដែរ កណ្តៀរទាល់តែវៃចោល។ គាត់ថាអនុញ្ញាតឱ្យបានគាត់អញ្ជើញមក សប្បាយចិត្ត ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នាបានល្អ មិនភ័យព្រួយបារម្ភអី អ៊ំអរគុណអាជ្ញាធរទាំងអស់ អ៊ំមកនៅហើយដាក់ច្បាប់ទៅគាត់អាចជួយយើងតាមសម្រួលពិតប្រាកដមែន យើងនិយាយការពិត គាត់មើលទៅឃើញពិតមែន គាត់ក៏ជួយយើង ខ្ញុំអរគុណក្រុមអាជ្ញាធរអប្សរា» ។IMG_20220809_160256_119

ចំណែកលោកស៊ឹម ឌី អាយុ ៦០ឆ្នាំប្លាយ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចកបានឱ្យដឹងដែរថា៖ លោកទើបតែដាក់ពាក្យស្នើសុំច្បាប់ជួសជុលរោងបាយជាលើកទី១ ដោយគ្រាន់តែត្រូវរៀបចំឯកសារមួយចំនួន តាមរយៈភូមិឃុំប៉ុណ្ណោះ។

សំឡេង៦«សុំជួសជុលរោងបាយ សប្បាយចិត្តតើ ខ្ញុំសុំតែមួយដង បានភ្លាម ដាក់ច្បាប់ទៅបានភ្លាម ដាក់តាមរយៈភូមិ ឯកសារមានអត្តសញ្ញាណបណ្ណ បញ្ជីគ្រួសារ បញ្ជីកំណើត រឿងលំបាកគេថាលំបាកដល់ខ្ញុំអត់លំបាក » ។

លោកឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា៖ អនុវត្តតាមបទបញ្ញត្តិច្បាប់ដែលបានកំណត់ដើម្បីការពាររមណីយ ដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា មិនអនុញ្ញាតឱ្យមានការសាង សង់ជាដាច់ខាតនូវសំណង់ទាំងឡាយណា ដែលមិនបានស្នើសុំច្បាប់សាងសង់ឬជួស ជុល។ លោកបន្តទៀតថា៖ ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុករស់នៅយូរលង់មកហើយ ពួកគាត់បានយល់ដឹងយ៉ាងច្បាស់ពីនីតិវិធីនៃការ សាងសង់ឬជួសជុលលំនៅដ្ឋានរបស់ខ្លួន ដោយសារក្រុមការងារសហគមន៍តែងតែចុះអប់រំផ្សព្វផ្សាយដល់តាមខ្នងផ្ទះ ចៀសវាងប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ផ្ទាល់ ខ្លួនពីទង្វើផ្ទុយនឹងច្បាប់។

សំឡេង៦«រាល់ការសាងសង់ដោយគ្មានការអនុញ្ញាត គឺអាជ្ញាធរជាតិអប្សរានឹងចាត់ វិធានការរុះរើចេញទៅវិញ ក៏ដូចជាចាត់វិធានការផ្លូវច្បាប់សមស្រប នូវរាល់ករណីទាំង អស់នោះ ហើយម្យ៉ាងទៀតក៏ដើម្បីបង្ការ ការខូចខាតផល ប្រយោជន៍ផ្ទាល់ របស់បងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង។ អ៊ីចឹងក្នុងនាមអាជ្ញាធរជាតិអប្សរា ខ្ញុំសូមអំពាវនាវកុំឱ្យមានការសាងសង់នូវរាល់សំណង់ខុសច្បាប់អ្វីមួយទាំងអស់ ក្នុងករណីដែលបងប្អូនមានបំណងចង់ស្នើសុំជួសជុលផ្ទះសម្បែងឬកែលម្អសូមមេត្តាទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ ដោយ ធ្វើការទំនាក់ទំនងផ្ទាល់ជា មួយនឹងអាជ្ញាធរមូលដ្ឋាន » ។IMG_20220809_160300_601

លោកអ្នកនាងស្តាប់ជាទីមេត្រី !

តំបន់សៀមរាបអង្គរ ត្រូវបានកំណត់ជាតំបន់រមណីយដ្ឋានវប្បធម៌ត្រូវការពារ និងត្រូវបានធ្វើចំណាត់ថ្នាក់ជា៥ប្រភេទ ដែលប្រភេទនីមួយៗ ត្រូវមាន កម្រិតការពារ បទដ្ឋាននៃការ ប្រើប្រាស់ដីធ្លី និងការសាងសង់ខុសៗគ្នា។ តំបន់ទាំង៥ រួមមាន៖ តំបន់១ ជាតំបន់រមណីយដ្ឋានមានប្រាសាទ។ តំបន់២ ជាតំបន់ឧទ្យានបុរាណវត្ថុត្រូវការពារ។ តំបន់៣ ជាតំបន់ទេសភាពវប្បធម៌ត្រូវការពារ។ តំបន់៤ ជាចំណុចមានសារសំខាន់ ផ្នែកបុរាណវត្ថុវិទ្យា នរៈវិទ្យា ឬប្រវត្តិវិទ្យា។ និងតំបន់៥ ជាបរិវេណអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងវប្បធម៌ នៃតំបន់សៀមរាបអង្គរ ៕IMG_20220809_160306_652IMG_20220809_160310_046IMG_20220809_160308_377

IMG_20220809_160305_100

 

Comments

Related posts