រដ្ឋបាលខេត្តប៉ៃលិនទទួល អំណោយពីស្ថានទូតថៃ ប្រចាំនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តប៉ៃលិន

 

ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានទទួល អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ពីសប្បុរសជនថៃ ដែលជាក្រុមហ៊ុនវិនិយោគ ចំនួន ៨ក្រុមហ៊ុន ដឹកនាំដោយ លោកវរសេនីយ៍ឯក ភិស្ណុ សារៈធី ប្រធានសេនានុព័ន្ធយោធាជើងគោកថៃ តំណាងស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

 

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ស្វាគមន៍ យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូថៃ ដែលបានអញ្ជើញមកកាន់ខេត្តប៉ៃលិន ព្រមទាំងបាននាំមកនូវអំណោយមួយចំនួន មកឧបត្ថម្ភ ដល់រដ្ឋបាលខេត្តប៉ៃលិន ដែលនេះបានបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជននៃប្រទេសទាំង២ ថៃ+កម្ពុជា ហើយជាក់ស្តែង នា ពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី នៃព្រះរាជាណាចក្រកម្ពុជា បានសហការគ្នាយ៉ាងល្អ លើវិស័យមួយចំនួន ដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩, បញ្ហាពលករឆ្លងដែនខុសច្បាប់, ទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជ្ជកម្មឆ្លងដែន ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ។

 

លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រតិភូសេនានុព័ន្ធយោធាជើងគោកថៃ និងសប្បុរសជន ជាវិស័យឯកជន នៃព្រះរាជាណាចក្រថៃ ចំនួន ០៨ក្រុមហ៊ុន កំពុងធ្វើការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អំណោយ ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់ និងវិស័យមនុស្សធម៌ក្នុងខេត្ត។

 

ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍កោតសរសើរដល់សមភាគីថៃ ដែលកន្លងមកបានរក្សានូវ ចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។

 

ជាការឆ្លើយតបលោកវរសេនីយ៍ឯក ភិស្ណុ សារៈធី ប្រធានសេនានុព័ន្ធយោធាជើងគោកថៃ តំណាងស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសន្យានឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ជាមួយរដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ដើម្បី  បង្កើន  កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើរឡើង ពិសេសការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ដែលជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា៕IMG_20220813_161716_103IMG_20220813_161713_927IMG_20220813_161725_334

Comments

Related posts