ការផ្តល់ពូជក្របី និងគម្រោង ស្រូវនិរន្តរភាពនៅសហគមន៍ ប្រឡាយជួយការអភិរក្សសត្វខ្សឹប

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៦ ០៨ ២០២២

 

ក្រសួងបរិស្ថាន និងអង្គការដៃគូ បានបង្កើតនូវគម្រោងផ្តល់មេពូជក្របី និងអនុវត្តនូវការបង្កបង្កើនផលស្រូវនិរន្តរភាព ក្នុងគោលបំណងជំរុញចលនាចូលរួមការពារ និងអភិរក្សសត្វខ្សឹប ឬហៅថា ក្ងោកទេព ដែលកំពុងមានវត្តមាននៅក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប។

កម្មវិធីផ្តល់មេពូជក្របីរបស់ក្រសួងបរិស្ថាន កំពុងអនុវត្តនៅសហគមន៍ប្រឡាយ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបានមេពូជក្របីចំនួន២ក្បាល ខណៈគម្រោង ស្រូវនិរន្តរភាពគាំទ្រដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ WCS និងអង្គការដៃគូជាច្រើនទៀត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការផ្ដល់មេពូជក្របី ដល់ប្រជាសហគមន៍ការពារធនធានធម្មជាតិ ប្រឡាយ ដើម្បីបង្កើតរបរថ្មី ដល់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយការចូលព្រៃកាប់ឈើ ដាក់អន្ទាក់ បរបាញ់សត្វ ពិសេសឱ្យពួកគាត់ចូលរួមអភិរក្សសត្វខ្សឹប ដែលជាសត្វកម្រលើពិភពលោក។ ឯកឧត្តម បានឱ្យដឹងថា ក្រសួងបានផ្តល់មេពូជគោ ក្របី ជ្រូក ជាដើម បានជាង១ពាន់ក្បាលហើយ ដើម្បីពលរដ្ឋយកទៅចិញ្ចឹមបែបលក្ខណៈប្រវាស់។ 

បើតាមការបញ្ជាក់របស់លោក ញ៉ឹប ញឿន អ្នកសម្រប សម្រួល សហគមន៍នៃគម្រោងអភិរក្សសត្វខ្សឹបរបស់អង្គការ WCS បានឱ្យដឹងថា គម្រោងបានទិញក្របីមេពូជចំនួន៥០ក្បាល ដើម្បីផ្ដល់ដល់សមាជិកសហគមន៍ការពារធម្មជាតិប្រឡាយចំនួន២៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួល បាន២ក្បាល សម្រាប់កម្មវិធីអនុវត្តសាកល្បងរយៈពេល១០ឆ្នាំ ខណៈសហគមន៍នេះ មានការចូលរួមពីប្រជាពលរដ្ឋចំនួន៣ភូមិ ដែលមានសមាជិកសរុប៣៨៩ គ្រួសារ។

ចំណែក លោក តឹក គឹមសុង អ្នកសម្របសម្រួលគម្រោងស្រូវនិរន្តរភាពនៃអង្គការ WCS បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រជាសហគមន៍ជាង៣០០គ្រួសារ បាននិងកំពុងអនុវត្តគម្រោងស្រូវនិរន្តរភាព ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ លោកថា គម្រោងស្រូវនិរន្តរភាព និងកម្មវិធីផ្តល់ពូជក្របី ជួយដល់ទាំងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក្នុងសហគមន៍ និងជួយដល់ការអភិរក្សសត្វខ្សឹប ដោយសារគម្រោងទាំងពីរ នេះ បានភ្ជាប់នូវលក្ខខណ្ឌមិនឱ្យពលរដ្ឋចូលទន្ទ្រានដីក្នុងតំបន់ការពារ ការដាក់អន្ទាក់ឬបរបាញ់សត្វ និងប្រើប្រាស់ជីគីមី ឬថ្នាំពុលលើដំណាំស្រូវ ដែលនាំដល់ការអន្តរាយដល់ពពួកសត្វនានា ពិសេសសត្វខ្សឹប ដែលកំពុងមានវត្តមាននៅក្នុងតំបន់ការពារ ទេសភាពទំនាបខាងជើងទន្លេសាប។ លោកបានឱ្យដឹងថា មកដល់ពេលនេះ ប្រជាសហគមន៍ជាង៣០០គ្រួសារ បាននិងកំពុងអនុវត្តគម្រោងស្រូវនិរន្តរភាព។

អ្នកស្រី តែន សុឃី ដែលជាកសិករអនុវត្តនូវគម្រោងស្រូវនិរន្តរភាពនៅក្នុងភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានឱ្យដឹងថា គ្រួសាររបស់អ្នកស្រី បានអនុវត្តស្រូវនិរន្តរភាពនេះ នៅលើផ្ទៃដី៦៨អា តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដោយក្នុងមួយរដូវទទួលបានទិន្នផលចន្លោះពី១តោន ទៅ២តោន។ ក្រោយប្រមូលផលបាន ខាងគម្រោងទទួលទិញ ក្នុងមួយគីឡូក្រាម តម្លៃពី១.១០០ ទៅ ១.២០០រៀល ដែលជាតម្លៃមួយខ្ពស់ជាងស្រូវធម្មតា ដែលនេះជាការលើកទឹកចិត្តដល់កសិករ ក្នុងការងារចូលរួមអភិរក្សសត្វខ្សឹបនៅក្នុងតំបន់នេះ។

គម្រោងស្រូវនិរន្តរភាព ត្រូវបានអនុវត្តនៅតំបន់អភរិក្សសត្វខ្សឹបចំនួន៦កន្លែង ដោយភាគច្រើននៅខេត្តកំពង់ធំ ដែលមានវត្តមានសត្វខ្សឹបច្រើនជាងគេ ។ គម្រោងនេះ បាននិងកំពុងពង្រីកនៅតំបន់ផ្សេងទៀតនៅជុំវិញបឹងទន្លេសាប មានដូចជានៅបារាយតាំងគោកដែលមានប្រជាពលរដ្ឋចំនួន៦០០គ្រួសារ និងបន្តពង្រីកទៅស្រុកកំពង់ស្វាយ និងស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកបាកាន ខេត្តពោធិសាត់ ក្នុងគោលបំណងពង្រីកវិសាលភាពសត្វខ្សឹប ដែលត្រូវ បានប៉ាន់ប្រមាណថា មានប្រហែល៥៥០ក្បាលនៅកម្ពុជា ស្នើនឹង៧០ភាគរយ នៃចំនួនដែលកំពុងមានវត្តមាន នៅលើពិភពលោកប្រមាណជាង៨០០ក្បាលប៉ុណ្ណោះ និងត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN៕IMG_20220816_120115_039IMG_20220816_120103_096IMG_20220816_120101_083

Comments

Related posts