រដ្ឋមន្ត្រីក្រសួងវប្បធម៌បន្តលើកទឹកចិត្តដល់គណៈប្រតិភូរួមគ្នាទប់ស្កាត់ការជួញដូរសម្បតិ្តវប្បធម៌ ខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាព

      វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២

                        លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងជាប្រធានAMCA កាលពីល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារពេលល្ងាច ក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីការការពារ និងការទប់ស្កាត់ ការជួញដូរចរាចរសម្បតិ្តវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន នៅបរិវេណប្រាសាទក្រវ៉ាន់ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណដ៏អស្ចារ្យ ជាច្រើនដូចជា អង្គរវត្ត បាយ័ន និងប្រាសាទតាព្រហ្មជាដើម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Ekkhaphab Phanthavong អគ្គលេខាធិការរងអាស៊ាន ឯកឧត្តម Sarda Umar Alum អ្នកតំណាងយូណេស្កូភ្នំពេញ ឯកអគ្គរដ្ឋទូត គណៈប្រតិភូអញ្ជើញមកពីគ្រប់ប្រទេសនិងរដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានAMCA មានប្រសាសន៍ថា ការរៀបចំអាហារពេលល្ងាចនាពេលនេះ ដើម្បីភាពជាមិត្តភាព សាមគ្គីភាព និងសមិទ្ធិផលនានារបស់យើង ព្រមទាំងរីករាយជាមួយតន្ត្រី និងការ សម្តែងសិល្បៈ អមជាមួយនឹងអាហារចម្រុះរសជាតិបែបខ្មែរ ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ។ 

លោកជំទាវបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តថា តំបន់ឧទ្យានអង្គរនៃខេត្តសៀមរាប ជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាង្គប្រាសាទបុរាណជាច្រើនកន្លែង និងមានអាយុកាលជាយូរឆ្នាំមកហើយ ដែលប្រាសាទទាំងនេះ ធ្វើឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង មិនត្រឹមតែពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងកាលពីអតីតកាលទៀតផង។

លោកជំទាវបានថ្លែងអំណរគុណចំពោះវត្តមានគណៈប្រតិភូដែលបានបន្តការចូលរួម និងកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងកិច្ចការពារបេតិកភណ្ឌវប្បធម៌។

សូមជម្រាបថា ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយអង្គការ Antiquities Coalition បានរៀបចំ សន្និសីទអន្តរជាតិ ស្តីពីការការពារសម្បត្តិវប្បធម៌“ការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ទស្សនៈវិស័យអាស៊ាន” នៅក្នុងខេត្តសៀមរាបដើម្បីផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហការ និងការយោគយល់គ្នាកាន់តែប្រសើរថែមទៀតរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូអន្តរជាតិសំខាន់ៗ មកពីអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក៕IMG_20220907_110112_300IMG_20220907_110208_898IMG_20220907_110205_969IMG_20220907_110118_961IMG_20220907_110126_388IMG_20220907_110121_832

Comments

Related posts