កសិករក្នុងសហគមន៍សំបូរមានជ័យកែច្នៃស្លឹកគ្រៃផលិតជាប្រេងសម្រាប់លក់នៅលើទីផ្សារ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ម៉ៅ សុខរីម ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២

 

MC៖ កសិករក្នុងសហគមន៍សំបូរមានជ័យ កែច្នៃគល់ស្លឹក គ្រៃផលិតជាប្រេងសម្រាប់លក់នៅលើទីផ្សារ ខណៈប្រេងស្លឹកគ្រៃមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ។

   លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍សំបូរមានជ័យ ស្ថិតនៅខេត្តកំពង់ចាម ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ប្រជាកសិករនៅក្នុងសហគមន៍សំបូរមាន ជ័យក្រៅពីការដាំដំណាំផ្សេងៗហើយនោះ បច្ចុប្បន្ននេះខាងសហគមន៍ក៏មានការ កែច្នៃស្លឹកគ្រៃផលិតចេញជាប្រេងដែលមានអត្ថប្រយោជន៍ជាច្រើនប្រភេទផ្សេងៗគ្នា សម្រាប់ដាក់លក់នៅលើទី ផ្សារនៅទូទាំងរាជធានីខេត្ត។ 

     លោកបានបន្ថែមថា ការ ផលិតប្រេងស្លឹកគ្រៃនេះផងដែរ គឺវាមានផលលំបាកច្រើនដោយសារតែស្លឹកគ្រៃខ្មែរមានប្រេងតិច ដូច្នេះក្នុង១០០ គីឡូក្រាមស្លឹកគ្រៃអាចចម្រាញ់បានតែ៣០មីល្លីលីត្រ ហើយត្រូវប្រើរយៈពេលពី៨ ម៉ោងទៅ១០ម៉ោង និងអាចថែរក្សាគុណភាពទុករហូតបានទៅដល់៣ឆ្នាំ។ លោកបានបញ្ជាក់បន្ថែមថា សម្រាប់ប្រេងស្លឹកគ្រៃនេះ គឺមានអត្ថប្រយោជន៍ជាច្រើនប្រភេទដូច ជា៖ លាបរឹតពេលចុករោយខ្លួនប្រាណ ក្លិនសម្រាប់ដុតនៅក្នុងបន្ទប់ ប្រេងសម្រាប់ម៉ាស្សា និងប្រេងសម្រាប់កម្ចាត់សត្វល្អិត។ ក្នុងពេលបច្ចុប្បន្ននេះដែរ ខាងសហ គមន៍សំបូរមានជ័យកំពុងទទួលបានការគាំទ្រច្រើនពី

អតិថិជន មិនថាតាមជនបទ ឬតាមទីប្រជនជុំនោះទេ គឺនិយមទិញប្រេងស្លឹកគ្រៃនេះយកទៅប្រើប្រាស់ទៅតាមតម្រូវការរៀងៗខ្លួន។

 សំឡេង៖ « កំពុងតែទទួលបានការគាំទ្រច្រើនសម្រាប់អតិថិជន ព្រោះពេលដែលចប់កូវីដនេះយើងចាប់ផ្ដើមរកទីផ្សារខ្លាំង ពីមុនយើងពិបាក តែសម្រាប់ផលិតផលប្រេងនេះទទួលបានការគាំទ្រច្រើន កសិករដែលមានកម្រិតខ្ពស់ កម្រិតមធ្យម គាត់យកទៅដាក់ប្រើនៅក្នុងផ្ទះរបស់គាត់ កុំឱ្យមានមូសកុំឱ្យមានសត្វ ល្អិត អ៊ីចឹងទៅ បណ្ដេញក្លិននៅក្នុងផ្ទះ ជាពិសេសតាមអូតែលតាមហាងម៉ាស្សា និងហាងផ្សេងផ្សេងទៀតគឺយើងលក់បានទៅខាងហ្នឹង »។

លោក ឆេង ថុង បញ្ជាក់បន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះ ខាងសហគមន៍សំបូរមានជ័យកំពុងស្វែងរកដៃគូសហការបន្ថែមទៀតដើម្បីចូលរួមពង្រីកការដាំដុះដំណាំផ្សេងៗបន្ថែមទៀត ជាពិសេសកំពុងមានទំនាក់ទំនងពិភាក្សាជាមួយដៃគូនានាសម្រាប់ធ្វើការនាំចេញដំណាំស្លឹកគ្រៃ ទៅក្រៅប្រទេស ដើម្បីជួយលើកស្ទួយវិស័យកសិកម្មក្នុងខេត្តផង និងបានជួយលើក ស្ទួយជីវភាពប្រជាជនក្នុងសហគមន៍ផងដែរ។

សូមបញ្ជាក់ថា សហគមន៍សំបូរមានជ័យ បានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ ស្ថិតនៅភូមិសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នមានដាំដំណាំស្លឹកគ្រៃ ដាំបន្លែសុវត្ថិភាព ដាំស្រូវ និងការកែច្នៃប្រេងស្លឹកគ្រៃ ៕IMG_20220925_164134_155IMG_20220925_164138_296

Comments

Related posts