ផ្ទះប្រជាពលរដ្ឋ ១៤០ខ្នង និងផ្ទៃដីស្រូវវស្សា ១ពាន់ ៩៦៣ហិកតា បានរងផលប៉ះពាល់ និងរងការលិចលង់ដោយសារទឹកជំនន់ នៅក្នុងខេត្តព្រះវិហារ

  វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

 

  ខេត្តព្រះវិហារ៖ ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះ វិហារបានមានប្រសាសន៍ កាលពីថ្ងៃទី២ខែតុលា ឱ្យដឹងថា នៅទូទាំងខេត្តព្រះវិហារ ជំនន់ទឹកភ្លៀងបានធ្វើឱ្យរងផលប៉ះពាល់ និងរងការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ ១៤០ខ្នង លិចលង់ផ្ទៃដីស្រូវវស្សា ១ពាន់ ៩៦៣ហិកតា លិចផ្លូវប្រវែង ១ម៉ឺន ៤២៦ ម៉ែត្រ និងស្ពាន ២ កន្លែង បានរងការជន់លិច ។

  ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការជន់លិចលំនៅឋាន ផ្ទៃដីស្រូវស្រែ និងហេដ្ឋារចនា សម្ព័ន្ធនេះ គឺស្របពេល ដែលកម្ពុជា បាននិងកំពុងរងនូវសំពាធទាប (ITCZ) បានធ្វើឱ្យកម្ពុជាទទួលរងខ្យល់មូសុង ល្បឿនពីខ្សោយទៅបង្គួរ ដែលស្ថានភាពទាំងនេះ បានធ្វើឱ្យខេត្តព្រះវិហារ ទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៦ ក្រុង-ស្រុក ក្នុងចំណោមក្រុង-ស្រុកទាំង៨ នៃខេត្តព្រះវិហារ ។ ឯកឧត្តមថា ក្រុង-ស្រុកទាំង ៦ ដែលរងការលិចលង់នោះ គឺក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី ស្រុកឆែប និងស្រុកគូលែន ។

  យោងតាមរបាយការណ៍របស់ ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តព្រះវិហារ បានបញ្ជាក់ថា ផលប៉ះពាល់ដែលបង្កដោយជំនន់ទឹកភ្លៀង បានធ្វើឱ្យស្រូវស្រែ និងស្រូវចម្ការ នៅទូទាំងខេត្ត ១ពាន់ ៩៦៣ ហិកតា ស្មើនឹង១ពាន់ ៣២០ គ្រួសារ រងផលប៉ះពាល់ លិចដីចម្ការ ២៦៦ ហិចតា ស្មើនឹង ១៦៨ គ្រួសារ ផ្ទះសម្បែងប្រជាពលរដ្ឋ ១៤០ ខ្នងផ្ទះ ស្មើនឹង ១៤០ គ្រួសារ បានរងការជន់លិច និងអាជ្ញាធរមាន សមត្ថកិច្ច បានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពចំនួន ៦៩ គ្រួសារ ។ ក្រៅពីនោះ ក៏មានការលិចលង់ខូចខាតនូវផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតាមបណ្តាក្រុង-ស្រុកទាំង ៦នោះ ផងដែរ។

  នៅក្នុងកាលៈទេសៈដ៏ចាំបាច់នេះ រដ្ឋបាលខេត្តព្រះវិហារ ដែលដឹកនាំដោយ ឯកឧត្តមគីម រិទ្ធី តែងតែដឹកនាំមន្ត្រីរាជការ និងកងកម្លាំង ចុះជួយជាប់ជាប្រចាំ ដល់ប្រជាពល រដ្ឋដែលកំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀង ព្រមទាំងបាននាំយក នូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ ស្បៀង អាហារ និងថ្នាំពេទ្យ ចែកជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុង-ស្រុក ដែលរងការលិចលង់នោះ ផងដែរ ។

  ស្របពេលជាមួយគ្នានោះ ឯកឧត្តមគីម រិទ្ធី បានដាក់ ចេញនូវគោលការណ៍ដឹកនាំដល់ មេបញ្ជាការកងកម្លាំងទាំងបី ក្នុងការត្រៀមកម្លាំងចុះជួយសង្គ្រោះ ក្នុងករណីចាំបាច់ ជូនដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ៕IMG_20221003_181843_418IMG_20221003_181901_944IMG_20221003_181853_777IMG_20221003_181856_371

Comments

Related posts