អាជ្ញាធរជាតិអប្សរា ប្រទះ ឃើញបំណែកចម្លាក់ក្បាលនាគ ក្នុងរចនាបថបាយ័នចំនួន១ កប់ក្នុងដី

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២

 

MC.ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន ក្រោយពេលដើមស្រឡៅធំមួយដើម បានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដី ជាយូរឆ្នាំហើយនោះ បានផុសឡើងតាមឫសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!

លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ បន្ទាប់ពី ដើមស្រឡៅដែលដុះពីលើមិនមានឫសកែវ ធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឫសឈើដុះចាក់ស្រេះមកជាមួយតែម្តង។ លោកបន្តថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគ មកក្បាលខាងលើដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ បំណែកសត្វគ្រុឌជិះលើក្បាលនាគ ស្ថានភាពមុខនាគខាងមុខមានការខូចខាតច្រើនដោយ អន្លើ ដោយបាក់បែកមុខនាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។

លោកបន្តថា តាមការសន្និដ្ឋាន បំណែកក្បាលនាគនេះ អាចយកចេញពីប្រាសាទបាយ័ន តែមិនដឹងថា យកមកទីតាំងនេះក្នុងគោលបំណងអ្វី និងពេលណានោះទេ។ លោកបន្ថែមទៀតថា រូបចម្លាក់បែបនេះច្រើន ឃើញនៅរចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។ អាចជាព្រះអង្គចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនា រវាងព្រហ្មញសាសនា និងព្រះពុទ្ធសាសនា ទើបព្រះអង្គឱ្យស្ថាបត្យករបញ្ចូលនាគ និងគ្រុឌនៅជាមួយគ្នា ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់។ 

សំឡេង៖ក្បាលនាគភាគច្រើនគេដាក់នៅលើ បើនៅប្រាសាទ បាយ័នគេដាក់នៅតាមថែវ យើងនឹងឃើញនាគនៅតាមថែវនីមួយៗ ហើយយើងពិនិត្យក្បាលនាគនៅប្រាសាទបាយ័ន មានលក្ខណៈស្រដៀងគ្នា សឹងតែដូចគ្នា នឹងចម្លាក់នាគមួយនេះ ដូច្នេះខ្ញុំគិតថាបំណែកនាគនេះប្រហែលយកមកពីផ្នែកណាមួយនៃប្រាសាទបាយ័ន។

បើតាមការបញ្ជាក់ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគនេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយនគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍ ធ្វើកំណត់ហេតុ ប្រគល់ទទួលបំណែកចម្លាក់ខាងលើ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារ លាងសម្អាត រក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀតផងទាក់ទងនឹងបំណែកក្បាលនាគនេះ ងាយស្រួលយកទៅដាក់នៅទីតាំងដើមវិញ បើមានការជួសជុលនៅទីតាំងដែលបានបាត់បង់នោះ៕IMG_20221005_141838_568IMG_20221005_141830_273IMG_20221005_141827_791IMG_20221005_141835_914

Comments

Related posts