អាជ្ញាធរខេត្តបាត់ដំបងគ្រោងរៀបចំពិធីបុណ្យអុំទូក ចំថ្ងៃចេញព្រះវស្សាខាងមុខនេះ បន្ទាប់ពីខកខាន២ឆ្នាំដោយកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង

 

បាត់ដំបង៖ ថ្នាក់ដឹកនាំខេត្ត បាត់ដំបង បានត្រៀមរៀបចំពិធីបុណ្យអុំទូកឡើងវិញនៅ ក្នុងថ្ងៃចេញព្រះវស្សានាឆ្នាំនេះ បន្ទាប់ពីខកខាន ពិធីដ៏សំខាន់នេះ ពីរឆ្នាំជាប់គ្នា ដោយសារតែការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ។

 តាមគម្រោង គឺពិធីបុណ្យអុំ ទូកនេះប្រព្រឹត្តទៅរយ:ពេលពីរថ្ងៃគឺថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២ខាងមុខ និងមាន ការបាញ់កាំជ្រួចពីរយប់និងកម្មវិធីបណ្តែតប្រទីបនៅល្ងាចថ្ងៃចេញព្រះវស្សាផងដែរ។ 

   ក្នុងកិច្ចប្រជុំការងារស្តីពីការ រៀបចំពិធីអុំទូក បណ្តែតប្រទីប លើកទី២១ នាថ្ងៃទី១១ខែសីហានៅសាលា ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលក្រុង- ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីត្រៀមលក្ខណៈរៀបចំកម្មវិធីបុណ្យអុំទូកខេត្ត នៅក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា នាពេលខាងមុខ ។ ត្រូវចុះពិនិត្យមើលទីតាំងចុះទូក ដែលត្រូវរកទីតាំងណាមានភាពងាយស្រួលក្នុងការចុះ មិនប៉ះពាល់ដល់ទូក និងដើម្បីកុំឱ្យបង្កលក្ខណៈរាំងស្ទះការធ្វើចរាចរណ៍ទីសាធារណៈផងដែរ ។ ឯកឧត្តមបានបញ្ជាក់បន្តទៀតថា មិនខុសពីការរៀបចំបណ្ដាឆ្នាំកន្លងទៅដែរ នៅឆ្នាំនេះក៏នឹងមានការរៀបចំការតាំងពិព័រណ៍ផលិតផល កម្មវិធីកម្សាន្តនានា ក៏ដូចជាការបាញ់កាំ 

ជ្រួចរយៈពេលពីរយប់ និងកម្មវិធីបណ្ដែតប្រទីបនៅល្ងាចថ្ងៃចេញព្រះវស្សានេះតែម្ដង។

ឯកឧត្តមបញ្ជាក់ថា ក្រុមការ ងារ ត្រូវរៀបចំទីកន្លែងសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរអាចចុះបណ្ដែតប្រទីប រៀបចំកន្លែងបាញ់កាំជ្រួចដែលមានសុវត្ថិភាព មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលមកកម្សាន្ត ជាពិសេសត្រូវតែចាត់កម្លាំងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថាប្រជាពលរដ្ឋដែលអញ្ជើញមកកម្សាន្តនាឱកាសពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនេះ មិនមានភាពភ័យខ្លាចផ្នែកសុវត្ថិភាពនោះឡើយ ។ 

បន្ថែមពីនោះ ឯកឧត្តម ក៏បានមានប្រសាសន៍ណែនាំដល់មន្ទីរ អង្គភាពជុំវិញខេត្តទាំង អស់ត្រូវត្រៀមរួចជាស្រេចក្នុងការរៀបចំតុបតែងលំអនៅមន្ទីរ អង្គភាពសាមីខ្លួន និងក៏ដូចជាត្រៀមទូកសម្រាប់ចូលរួមនាឱកាសបុណ្យអុំទូកនេះ ឱ្យកាន់តែអធិកអធមផងដែរ ។ ព្រមជាមួយនេះ បានណែនាំឱ្យត្រៀមរៀបចំសណ្ដាប់ធ្នាប់ ក្រុមការងារតុបតែងលំអ ត្រូវតែចាប់ផ្ដើមសិក្សា រៀបចំការតុបតែងលំអក្នុងក្រុងឱ្យមានភាពស្រស់ស្អាតត្រៀមទទួលប្រជាពល រដ្ឋមកកម្សាន្តខេត្តបាត់ដំបង ឱ្យកាន់តែច្រើនកុះករ ។

ទន្ទឹមនេះផងដែរ រដ្ឋបាលខេត្តបាត់ដំបង កំពុងសម្រុកសាងសង់ វេទិកាអុំទូកខេត្តបាត់ដំបងថ្មី ដែលនឹងលេចរូបរាងឡើងដ៏ស្រស់ស្អាត ដែលវេទិកាអុំទូកខេត្តបាត់ដំបងនេះ គ្រោងនឹងសាងសង់រួចរាល់នៅមុនពេលពិធីអុំទូកខេត្ត នៅថ្ងៃបុណ្យចេញព្រះវស្សា ឆ្នាំ២០២២ ខាងមុខនេះ ។ 

ឯកឧត្តមសុខលូ បានបញ្ជាក់លើផេកហ្វេសប៊ុកផ្លូវការថា វេទិកាអុំទូកខេត្តបាត់ដំបង មានបណ្តោយប្រវែង ៣៧ ម៉ែត្រ ទទឹង ១៨ម៉ែត្រ និងកម្ពស់ ១៨.៣៥ ម៉ែត្រ មានហោជាង ៤ទិស និងមានជណ្តើរ២ចុះឡើងសងខាងមុខវេទិកា ព្រមទាំងអាចផ្ទុកភ្ញៀវ និងអ្នកចូលរួមបានប្រមាណជិត៤០០នាក់ ៕IMG_20220811_161142_646IMG_20220811_161132_551IMG_20220811_161140_048

Comments

Related posts