កុលាលភាជន៍ អាជីវកម្មប្រវត្តិសាស្ត្រមានអាយុកាលដ៏យូរលង់ដែលត្រូវបន្តថែរក្សានិងការពារ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២

 

MC.អ្នកប្រកបអាជីវកម្មផលិតកុលាលភាជន៍ខ្មែរ លើកឡើងថា ការបន្តផលិតកែច្នៃកុលាលភាជន៍ គឺជាការបន្តថែរក្សាប្រពៃណីប្រវត្តិ សាស្ត្រមួយដែលមានអាយុ កាលដ៏យូរលង់។

    លោកសុន សីហៈ ម្ចាស់សិប្បកម្មមរតកសេរ៉ាមិចក្រុងសៀមរាប បានឱ្យដឹងថា កុលាលភាជន៍គឺជាអាជីវកម្មប្រវត្តិសាស្ត្រមួយ តាំងពីសម័យបុរេប្រវត្តិមក ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ក្នុងនោះខេត្តសៀមរាប មានឡបុរាណជាច្រើនកន្លែង សម្រាប់ផលិតកុលាលភាជន៍ពីសម័យបុរាណ។ លោកបន្តថា បើទោះបីជាខេត្តមួយនេះមានឡបុរាណជាច្រើនកន្លែងក៏ពិតមែន ប៉ុន្តែការប្រកបអាជីវកម្ម លើការផលិតកុលាលភាជន៍ហាក់មានតិចតួចនៅឡើយ ទើបក្នុងឆ្នាំ២០១៥ លោកបាន សម្រេចចិត្តបើកដំណើរការសិប្បកម្មផលិតកែច្នៃកុលាលភាជន៍មួយកន្លែង ដើម្បីបន្តថែរក្សា  លើកតម្លៃផលិតផលកុលាលភាជន៍ខ្មែរ។

លោកបន្តថា ដំណើរការផលិតកុលាលភាជន៍របស់សិប្បកម្មលោកមានភាពខុសប្លែកជាងមុនបន្តិច ក្រោយពេលពិនិត្យឃើញថា កុលាលភាជន៍ពីសម័យបុរាណមានស្រទាប់រលោងស្អាត ដូច្នេះទើបលោកបានកែច្នៃកុលាលភាជន៍ដែលផលិតបានឱ្យមានស្រទាប់រលោង ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់។ ហើយសិប្បកម្មលោក មានលទ្ធភាពកែច្នៃវត្ថុឬរបស់របរប្រើប្រាស់ពីដីឥដ្ឋ បានមិនក្រោម២០០ប្រភេទឡើយ ដើម្បីលក់ជូនអតិថិជន ក្នុងនោះទម្រំាអាចផលិតចេញជារូបរាងវត្ថុប្រើប្រាស់ពីកុលាលភាជន៍បានមួយៗ មិនងាយស្រួលប៉ុន្មានឡើយ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដោយចំណាយពេលមិនតិចជាង១ទៅ២សប្តាហ៍ ទើបអាចឱ្យកុលាលភាជន៍ផលិតបានរឹងមាំល្អ។ ជាពិសេសការជ្រើសរើសប្រភេទដីឥដ្ឋ មកប្រើប្រាស់ ត្រូវយកដីមកពីតំបន់ខ្លះនៃស្រុកបន្ទាយស្រី និងយកដី មកពីតំបន់ខ្លះនៃខេត្តកំពង់ឆ្នាំងតែប៉ុណ្ណោះ។ បន្ថែមពីនេះ លោកក៏កំពុងសិក្សាបន្ត ដើម្បីស្វែងរកដី ពីតំបន់ផ្សេងៗទៀត ដែលអាចមកផលិតជាកុលាលភាជន៍បាន។

លោកបន្តទៀតថា ដោយសារកំណើនភ្ញៀវទេសចរ ហាក់មានសន្ទុះកើនឡើង អត្រាលក់ចេញកុលាលភាជន៍ក៏មមាញឹកខ្លាំងដែរ។ ក្នុងនោះ កុលាលភាជន៍ដែលផលិតបាន ទោះបីចំណាយពេលយូរ តែការលក់ចេញមានតម្លៃសមរម្យសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយផលិតផលខ្លះ មានតម្លៃចាប់ពី១ដុល្លាររហូតដល់១០០ដុល្លារជាដើម ទៅតាមទំហំតូចឬធំ ឬតាមការ កម្មង់របស់អតិថិជន។

ម្ចាស់សិប្បកម្មមរតកសេរ៉ាមិចក្រុងសៀមរាបបានបន្តទៀតថា ក្រៅពីការចូលរួមចំណែកលើកកម្ពស់គុណតម្លៃកុលាលភាជន៍ដល់ជនរួមជាតិ និងអន្តរជាតិបានស្គាល់ហើយនោះ សិប្បកម្មលោកក៏មានបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ បានចូលមកទស្សនានិងសិក្សាស្វែងយល់ អំពីដំណើរការផលិតកុលាលភាជន៍ខ្មែរផងដែរ។

សំឡេង៖ត្រូវឆ្លងកាត់ដំណាក់ កាលច្រើនដែរដោយ យើងត្រូវយកដីមកត្រាំទឹក ហើយកូររែងវា យកគ្រួសយកថ្មអីចេញ អ៊ីចឹងទៅបានយើងយកកកូរផុកដែលយើងត្រងដូចច្រកម្សៅចឹង ហើយយើងយកមកហាលឱ្យវាស្រកទឹកអស់ ដើម្បីដីហ្នឹងល្មមយកមកអាចធ្វើជារូបរាងវត្ថុបានហ្នឹង បន្ទាប់ពីហាលដីហើយ យើងយកមកលុញយកមកប៉នវាឱ្យណែនចូលគ្នា ដើម្បីឱ្យដីហ្នឹងល្អហើយ យើងយកទៅធ្វើរូបរាង ហើយបន្ទាប់ធ្វើរូបរាងចេញហើយ យើងមកទៅឆាបសម្អាត ឆ្លាក់ក្បាច់បន្តបន្ទាប់គ្នាទៅ បានយើងហាលសំដិលទុករយៈពេល តូចអាចមួយសប្តាហ៍ បើធំ២ទៅ៣ សប្តាហ៍បានយើងអាចយកទៅដុតបាន។

បើតាមម្ចាស់សិប្បកម្មផលិតកុលាលភាជន៍បញ្ជាក់ថា៖ វត្ថុឬរបស់ប្រើប្រាស់ដែលផលិតពីកុលាលភាជន៍ មិនត្រឹមតែមានគុណភាពល្អ ស្រស់ស្អាត ជាប់បានយូរអង្វែង អាចដាក់ម្ហូបអាហារក្តៅនិងត្រជាក់បានជាច្រើនម៉ោង មិនប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ឡើយ ព្រោះវត្ថុធាតុដើម បានយកមកពីក្នុងតំបន់តែប៉ុណ្ណោះ។

សូមជម្រាបផងដែរថា កុលាលភាជន៍ គឺជាការសូន្យរូប ដែលធ្វើឡើងអំពីដី មានដូចជា៖ ចាន ពែង ប៉ាន់តែ ក្អម ថូផ្កា និងរបស់តាំងលម្អនៅតាមគេហដ្ឋានផ្សេងៗ។ កុលាលភាជន៍ គឺជាសិល្បៈប្រពៃណី ដែលមានវ័យចំណាស់ដ៏យូរលង់ណាស់មកហើយ។ រហូតមកដល់បច្ចុប្បន្ននេះ ការសិក្សាពីកុលាលភាជន៍ គឺមានសារសំខាន់ណាស់ ដើម្បីដឹងពីការរស់នៅរបស់មនុស្សសម័យបុរាណ ហើយត្រូវបានចាត់ទុកថា ជាវត្ថុដ៏មានតម្លៃមួយ ក្នុងការសិក្សាស្រាវជ្រាវពីអតីតកាល៕IMG_20221118_200325_371IMG_20221118_200334_316IMG_20221118_200338_749

Comments

Related posts