រដ្ឋសភាកម្ពុជា និងវៀតណាម ចុះហត្ថលេខាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ១១ ២០២២

 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម វឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។

ការចុះហត្ថលេខាធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជា ម្ចាស់ផ្ទះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវាងរដ្ឋសភាកម្ពុជា-វៀតណាម មានការវិវឌ្ឍកាន់តែរីកចម្រើន និងស្អិតល្មួត ដោយភាគីទាំងពីរបានឯកភាព និងចុះអនុស្សរណៈ នៃកិច្ចព្រមព្រៀងជាមួយគ្នា សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត តាមរយៈការផ្លាស់ប្តូរ ទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មការជំនាញ និងមន្រ្តីជំនាញ ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរសភា ក្នុងតំបន់ និងអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរនាពេលកន្លងមក។

ឯកឧត្តម វឿង ឌីញ ហ្វេ បានសម្តែងក្តីរីករាយយ៉ាងក្រៃលែងចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ ពិសេសរដ្ឋសភាប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់ ទំាងនៅក្នុងកម្រិតទ្វេភាគី និង អន្តរជាតិ។ ឯកឧត្តមបានស្នើ សម្តេចប្រធានរដ្ឋសភាជួយជំរុញនិងបង្កលក្ខណៈកាន់តែងាយស្រួល នៅក្នុង ការលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះ ឱ្យបាននៅគ្រប់កម្រិតទំាងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសភាស្រ្តី សមាជិកសភាវ័យក្មេង និងកម្រិតមន្រ្តីបច្ចេកទេស។

ឯកឧត្តម វឿង ឌីញ ហ្វេ បានជូនពរដល់រដ្ឋសភាកម្ពុជារៀបចំមហាសន្និបាតAIPA លើកទី៤៣ ទទួលបាន ជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះ ត្រចង់ ដែលធ្វើឱ្យកិត្យានុភាព និងតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិកាន់តែសំខាន់ឡើង។

សូមជម្រាបថា ដំណើទស្សនកិច្ចរបស់ ឯកឧត្តម វឿង ឌីញ ហ្វេ នៅកម្ពុជានាពេលនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែកញ្ញា កន្លងមកនេះ៕IMG_20221119_134051_884IMG_20221119_134059_991

Comments

Related posts