ក្រសួងបរិស្ថាន អំពាវនាវដល់ពលរដ្ឋកុំឱ្យចាញ់បោករឿងទិញលក់ដីនៅតំបន់ការពារធម្មជាតិ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ១១ ២០២២

 

ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបន្តចាញ់បោកក្រុមជនខិលខូច ដែលបានឃុបឃិតគ្នា បោកប្រាស់ប្រជាពលរដ្ឋ ទិញលក់ដី នៅក្នុងតំបន់ការពារធម្មជាតិ ដោយអះអាងថាជាដីស្របច្បាប់ និង អាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន។ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានបញ្ជាក់ថា «តាមពិត គឺមិន អាចទៅរួចឡើយ»។ ការថ្លែងរបស់ឯកឧត្ដមដូចខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពីមានក្រុមជនខិលខូចបង្កើតទំព័រហ្វេសប៊ុក និងបានដាក់ផ្ទៃដីនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងតំបន់អន្លង់ក្មេងលេង ស្ថិតក្នុងភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត លក់លើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ផ្ទៃដីដែលមានទំហំ១.៨០០ហិកតា ដែលជនខិលខូចរៀបចំ ផែនទីដាក់លក់នោះ ជាផ្ទៃដីព្រៃស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ហើយផ្ទៃដីមួយចំនួន ត្រូវបាន ជនទុច្ចរិតលួចចូលឈូសឆាយទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីលក់ដូរ ហើយត្រូវបានកសាង សំណុំរឿង នៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយដែរ។ 

គួរបញ្ជាក់ថា មន្ត្រីនៃមន្ទីរបរិស្ថានបានធ្វើការតាមដាន និងធ្វើចំណាត់ការលើហ្វេសប៊ុកមួយឈ្មោះថា NL Real Estate Cambodia បានដាក់បង្ហាញផែនទីនិងទីតាំងដីទំហំ១.៨០០ ហិកតា និងរូបភាពមួយ ចំនួនសម្រាប់លក់។ ក្រុមមន្ត្រីបានសួរនាំភ្នាក់ងារលក់ដីដែលធ្វើសកម្មភាពនោះ ដោយបានបញ្ជាក់ថាឈ្មោះ សុខ ម៉ាប់ ជាតំណាងម្ចាស់ដី។ 

តាមការបញ្ជាក់របស់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត ឈ្មោះ សុខ ម៉ាប់ នេះគឺជាជនសង្ស័យមួយរូប ក្នុងចំណោម ២ រូបដែលមន្ទីរបរិស្ថានខេត្តកំពត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការ ទន្ទ្រានដីព្រៃខុសច្បាប់នៅក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាមួយឈ្មោះ ឡៅ អាន់ ដែលជាឪពុករបស់ខ្លួន។ 

បច្ចុប្បន្នសំណុំរឿង បាននិងកំពុងបន្តនីតិវិធីនៅតុលាការខេត្តកំពត។ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បានបន្តថា ជាមួយភស្តុតាងនិងសាក្សីថ្មីនេះ មន្ទីរបរិស្ថានខេត្តកំពត នឹងរៀបចំសំណុំឯកសារភស្តុតាង បន្ថែមដាក់ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ដើម្បីចាត់ការលើជនទុច្ចរិត រួមនឹងបក្ខពួកនៅពីក្រោយ ដែលឃុបឃិតគ្នាចូលរុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់។ 

ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានមាន ប្រសាសន៍ថា មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តដាក់ ភស្តុតាងបន្ថែមលើសំណុំរឿង និងបានអំពាវនាវដល់ពលរដ្ឋដែលបានចាញ់បោកក្រុមជនខិលខូច ទិញដី នៅតំបន់នោះ ត្រូវទាមទារលុយរបស់ខ្លួនមកវិញ ព្រោះ ទីតាំងនោះជាដីរបស់ឧទ្យានជាតិបូកគោ ដែលត្រូវ ការពារនិងអភិរក្ស។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា«គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លី នៅក្នុង តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅតាមខេត្តនានាបានឡើយ, ក្រសួងស្នើឱ្យពលរដ្ឋឈប់ ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូចតទៅទៀត»។ 

ឯកឧត្តមបានរំឭកឡើងថា មានប្រជាពលរដ្ឋជាច្រើនបន្តការចាញ់បោកក្រុមជនខិលខូចដែលលក់ដីខ្យល់ គ្មានដីពិតប្រាកដ និងគ្មានការកាន់កាប់ស្របច្បាប់។ ក្រុមជនខិលខូចមួយ ចំនួនបានដើរចង្អុលដីព្រៃ ដើម្បីលក់ និងខ្លះទៀត បង្កើតឯកសារក្លែងក្លាយ ដើម្បីយកដីព្រៃរបស់រដ្ឋ ដោយប្រឌិតថា ជាដីដែល ប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលជាយូរមកហើយ ដើម្បីស្នើសុំកាត់ឆ្វៀល។ ឯកឧត្តមក៏បានលើកឡើងផងដែរថា ក្រុមជនខិលខូចមួយចំនួនបានអនុវត្តយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយក្នុងជម្លោះដណ្តើមដីរដ្ឋ និងមានក្រុមជនខិលខូចខ្លះ បានជួលប្រជាពលរដ្ឋដើម្បីតវ៉ា និងទាមទារដីជាមួយអាជ្ញាធរពេលចុះអនុវត្តច្បាប់៕IMG_20221119_134344_219IMG_20221119_134338_791IMG_20221119_134340_248

Comments

Related posts