ខេត្តប៉ៃលិន និងខេត្តចាន់បុរីរបស់ថៃ បន្តពង្រឹងកិច្ចសហប្រតិបត្តិការដោះដូរពាណិច្ជកម្ម និងលើកម្ពស់ជីវភាពប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្ត បានអនុញ្ញាតឱ្យប្រតិភូយោធាថៃ ដឹកនាំដោយ លោកវរសេនីយ៍ទោ ម៉ៃទ្រី ប៊ុតប៊ូរី (Mr. Maitree Butburi) មេបញ្ជាការសឹករងខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២ (ប៉ៃលិន+ចាន់បុរី) ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងយោធាថៃ ខេត្តចាន់បុរី ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អរវាងខេត្តទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផល ប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ ហើយជាក់ស្តែងនាពេល កន្លងមក បើទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩  ក៍សកម្មភាពទំនាក់ទំនង និងកិច្ចសហការនានា រវាងខេត្តទាំងពីរ នៅតែមានដំណើរការធម្មតា ។
លោកជំទាវបន្តថា  «ប្រទេសយើងទាំង២ មានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំង២ ដូចជាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានរដ្ឋមន្រ្តី ការពារជាតិទាំង ២ ជាប្រធាន និងគណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា-ថៃ(JBC) ព្រមទាំងការប្រជុំ អភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព និងដោះស្រាយបញ្ហាតាមព្រំដែន រវាងប្រទេសទាំង២»  ហើយជាក់ស្តែងនាពេលកន្លងមក កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ គឺជាអ្នក នាំមុខក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដើម្បីនាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរ ចិញ្ចឹមជីវិត និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែននៃ ប្រទេសទាំងពីរ កម្ពុជា-ថៃ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ  ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះ រាជរដ្ឋាភិបាល ប្រជាជន និង កងទ័ពថៃ ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការ សម្របសម្រួលយ៉ាងកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រជា ពលករខ្មែរដែលរស់នៅ និងកំពុងធ្វើការនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩  ដែលនេះបានបង្ហាញពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង២ ។
ជាការឆ្លើយតប លោកវរសេនីយ៍ទោ ម៉ៃទ្រី ប៊ុតប៊ូរី (Mr. Maitree Butburi) មេបញ្ជាការសឹករងខេត្ត ចាន់បុរី នៃព្រះរាជាណាចក្រថៃ បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលបានគាំទ្រដល់ការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំងពីរ ឲ្យកាន់តែបន្តរីកចម្រើនទៅមុខ ដូចដែលបាន ឆ្លុះបញ្ចាំងតាមរយៈ សមិទ្ធផលសំខាន់ៗ ដែលកងទ័ពខេត្ត (ប៉ៃលិន+ចាន់បុរី) សម្រេចបានក្នុងរយៈកាល កន្លងមកនេះ ទាំងកិច្ចសហការល្អ រវាងបណ្តាកងឯកភាពជួរមុខ នៅតាមបណ្តោយព្រំដែន, ការភ្ជាប់ទំនាក់ ទំនង រវាងអង្គភាពថ្នាក់យុទ្ធវិធីនិងរវាងយោធិនជាលក្ខណៈបុគ្គលដើម្បីជួយពង្រឹងដល់ការកសាងទំនុកចិត្ត តាមរយៈការបង្កើនមនោសញ្ចេតនា ស្គាល់គ្នាទៅវិញទៅមកឱ្យបានស្អិតល្មួត។ 
លោកមេបញ្ជាការក៏បានមានប្រសាសន៍លើកឡើងផងដែរ អំពីការខិតខំចូលរួមចំណែក របស់កងកម្លាំង នៃខេត្តទាំងពីរ ក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កលក្ខណៈ ដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែក យ៉ាងសំខាន់ក្នុងការបង្កើតការងារ និង លើកកម្ពស់ជីវភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ ៕photo_2023-01-17_03-30-26photo_2023-01-17_03-30-27photo_2023-01-17_03-30-29

Comments

Related posts