បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកទេ ដូចនេះសូមបុគ្គលិកអប់រំ មាតាបិតារៀបចំកម្មវិធីកុំឱ្យប៉ះពាល់ដល់ការសិក្សា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៨ មករា ២០២៣

MC៖ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកទេ ដូចនេះសូមបុគ្គលិកអប់រំ មាតាបិតារៀបចំកម្មវិធីកុំឱ្យប៉ះពាល់ដល់ការសិក្សា។    
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ មាតាបិតាមិនត្រូវរៀបចំកម្មវិធីគ្រួសារប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតាឡើយព្រោះថាបុណ្យចូលឆ្នាំចិនមិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ២០២៣នោះទេ។
សំឡេង៖ « បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិតកម្មករ ប្រចាំឆ្នាំ២០២៣ ទេ។  សូមបុគ្គលិកអប់រំ រៀបចំកម្មវិធីការងារឱ្យមានដំណើការជាប្រក្រតី។ សូមមាតាបិតាអ្នកអាណាព្យាបាល រៀបចំកម្មវិធីគ្រួសារកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតា»។
ឯកឧត្តម រស់ សុវាចា បានបន្ថែមទៀតថា ការជំរុញនេះគឺដើម្បីឱ្យសិស្សនិងគ្រូមករៀននិងបង្រៀនបានពេញលេញនិងទាន់កម្មវិធីសិក្សាព្រោះថាពិធីបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាករបស់បុណ្យជាតិនោះទេ។ ឯកឧត្តម សង្ឃឹមថា អាណាព្យាបាលមាតាបិតាសិស្ស នឹងនាំកូនៗរបស់ខ្លួនមករៀនឱ្យបានគ្រប់ៗគ្នានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ដើម្បីកុំឱ្យពួកគេខាតការសិក្សាឬរៀនមិនទាន់គេជាដើម។
សូមបញ្ជាក់ថា ពិធីបុណ្យសែនចិនឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមករាឆ្នាំ២០២៣ និងបុណ្យចូល ឆ្នាំចិន នឹងប្រព្រឹត្តរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕photo_2023-01-17_22-18-49photo_2023-01-17_22-20-10photo_2023-01-17_22-20-51photo_2023-01-17_22-21-35photo_2023-01-17_22-21-48

Comments

Related posts