ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យពិធីបុណ្យចូលឆ្នាំចិនក្លាយជាទុក្ខ ដោយគ្រោះថ្នាក់ចរាចរណ៍និងគ្រោះអគ្គិភ័យ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៩.០១.២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យពិធីបុណ្យចូលឆ្នាំចិនក្លាយជាទុក្ខ ដោយគ្រោះថ្នាក់ចរាចរណ៍និងគ្រោះអគ្គិភ័យ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ បង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់ ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។
ក្នុងឱកាសពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» និងសំណេះ សំណាល ជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ១,២០០នាក់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣នេះ នាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ជំងឺកូវីដ១៩ នៅតែជាក្តីកង្វល់មួយរបស់កម្ពុជាដែលអាច នឹងមានការឆ្លងបន្តតែក្នុងចំនួនតិចតូចប៉ុណ្ណោះ ប៉ុន្តែនៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ គឺពិធីបុណ្យចូលឆ្នាំចិននិងវៀតណាមនឹងមកដល់ ដែលនេះជាក្តីកង្វល់ពិតប្រាកដមួយ  ទាមទារឱ្យ ប្រជាជនខ្មែរ ដែលជាប់សែស្រឡាយចិនទាំងអស់ ធ្វើយ៉ាងណាការពារសុខសុវត្ថិភាព ដើម្បីកុំឱ្យសប្បាយ ក្លាយទៅជាទុក្ខ ។
សម្តេចតេជោបានបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរភាគច្រើនគឺជាប់សែស្រឡាយចិន ប្រមាណពី៧០ ទៅ៨០ភាគរយហើយ ខណៈដែលនៅពេលមានកម្មវិធីបុណ្យសាសនាបែបនេះម្តងៗ គឺប្រជាពលរដ្ឋតែងតែ សេពគ្រឿងស្រវឹង ដែលអាចនឹងបង្កគ្រោះថ្នាក់ណាមួយជាយថាហេតុ។ ដូច្នេះសូមជូនពរឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ទទួលបានភាពសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននិងវៀតណាមនេះ ប៉ុន្តែធ្វើយ៉ាងណាកុំបើកបរនៅក្នុងអំឡុងពេលស្រវឹងឱ្យសោះ ។ ម្យ៉ាងវិញទៀត ត្រូវមានការប្រុងប្រយ័ត្ន ចំពោះអគ្គិភ័យ ដោយសារតែការអុជធូប ទៀន ដុតក្រដាសសែន ដើម្បីឧទ្ទិសកុសលទៅដល់ជីដូនជីតា ដែលបានចែកឋានទៅ ដែលនេះបង្កផលលំបាកក៏ដូចជាបង្កផលប៉ះពាល់យ៉ាងច្រើន មិនត្រឹមតែខ្លួនឯង នោះទេ ។
សំឡេង ៖ « អ៊ីចឹងអ្វីដែលខ្ញុំនិយាយនេះទៅកាន់បងប្អូនជនរួមជាតិ ទីមួយ គឺកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមខាងមុខនេះ ទីពីរ គឺខិតខំធ្វើយ៉ាងណា ការពារសុវត្ថិភាព កុំឱ្យមានអគ្គិភ័យណាមួយកើតឡើង ដោយសារតែការធ្វេសប្រហែសពីការដុតទៀន ធូប សែនព្រេន ទៅដល់ដូនតាដែលបានចែកឋាន » ។
សូមបញ្ជាក់ថា ពិធីចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃ២៤ ខែមករា ដោយឡែកនៅថ្ងៃទី២១ ខែមករា គឺជាថ្ងៃសែនព្រេនតាមបែបប្រពៃណីចិន ៕photo_2023-01-18_18-00-43 (2)photo_2023-01-18_18-00-43

Comments

Related posts