អភិបាលខេត្តប៉ៃលិនជំរុញឱ្យកែលម្អអនាម័យបរិស្ថានរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅដើម្បីទទួលភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ក្រុមការងារ បានអញ្ជើញពិនិត្យមើល ការរៀបចំកែលម្អ សោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខ ។
   លោកជំទាវ បាន ស្រីមុំ មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នានា ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវអភិបាល បានណែនាំឱ្យយុវជន ស.ស.យ.ក ខេត្តសហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម័ន្ធ ព្រមទាំងរុះរើក្ចុសដែលពុកផុយចេញ និងដាក់ជំនួសដោយក្ចុសថ្មី ដែលមានរចនាបថបែបទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឱ្យបានល្អ និងនាំយកទៅទុកដាក់ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ចៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។
សូមបញ្ជាក់ថា៖ រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាបនារួចរាល់នូវផ្លូវបេតុងអាមេ ប្រវែងជាង ៣គីឡូ ម៉ែត្រ ឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិអន្តរជាតិ៕photo_2023-01-18_23-19-50photo_2023-01-18_23-19-50 (3)photo_2023-01-18_23-19-51 (2)photo_2023-01-18_23-19-51 (3)photo_2023-01-18_23-19-51photo_2023-01-18_23-19-52 (2)photo_2023-01-18_23-19-52

Comments

Related posts