ខេត្តប៉ៃលិនត្រូវការជាចាំបាច់នូវធនធានចំណេះដឹងគ្រប់ជំនាញដើម្បីពន្លឿនការងារបន្ថែមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន

ប៉ៃលិន៖ នៅសាលាខេត្ត កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះ សំណាលជាមួយបេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យស្នើសុំបម្រើការងារ នៅក្នុងខេត្តប៉ៃលិន ដើម្បីបំពេញតាមតម្រូវការការងារ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា៖ ខេត្តត្រូវការជាចាំបាច់នូវធនធានចំណេះដឹងគ្រប់ជំនាញឱ្យមកបម្រើការងារតាមជំនាញផ្សេងៗ ដើម្បីពន្លឿនការងារបន្ថែម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើការនៅក្នុងខេត្ត មានសុវត្ថិភាពកក់ក្ដៅ និងនៅក្បែរជួបជុំក្រុមគ្រួសារ ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ដោយខុសច្បាប់ប្រកបដោយហានិភ័យខ្ពស់ ។
លោកជំទាវអភិបាលខេត្ត បញ្ជាក់ថា៖ បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យស្នើសុំបម្រើការងារនាពេលនេះ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន កុំមានការភ័យខ្លាច ឬខ្មាសអៀនអ្វីឡើយ ព្រោះថាយើងបានសម្រេចចិត្តជ្រើសរើសការងារ ដែលខ្លួនបានពេញចិត្ត និងតាមក្តីស្រមៃការងាររបស់យើងហើយ ដូច្នេះត្រូវខិតខំប្រឹងប្រែងតស៊ូព្យាយាមធ្វើការងារឱ្យបានល្អប្រសើរទៅតាមជំនាញរបស់ខ្លួន និងត្រូវគោរពវិន័យ ពេលវេលាការងារ ដើម្បីខ្លួនយើងក្លាយជាបុគ្គលដ៏ឆ្នើម ជាពិសេសត្រូវធ្វើខ្លួនជាមន្រ្តីល្អ ពលរដ្ឋល្អ មានសុជីវធម៌ ព្រមទាំងចៀសវាងការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ។
សូមរំលឹកថា៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានប្រកាសជូនដំណឹងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ដោយជ្រើសរើស បុគ្គលិកក្រុមហ៊ុនឯកជន ផ្នែករដ្ឋបាល ២នាក់, ជំនួយការ ២នាក់ (ស្រី-ប្រុស), ការងារមេផ្ទះ លក្ខណៈឯកជន ចុងភៅ អនាម័យ ថែសួន  ជាច្រើននាក់, កម្លាំងប្រមូលផលកសិកម្ម ជាច្រើននាក់,មន្រ្តីកិច្ចសន្យារដ្ឋបាលខេត្ត ផ្នែកអនាម័យ ២នាក់ (ស្រី-ប្រុស) ហើយគិតមកដល់ត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យស្នើសុំបម្រើការងារនៅរដ្ឋបាលខេត្តប៉ៃលិនមានចំនួន ២២ នាក់ ស្រី១៩ នាក់ ៕photo_2023-01-18_23-09-49photo_2023-01-18_23-09-50photo_2023-01-18_23-09-51photo_2023-01-18_23-09-52

Comments

Related posts