មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានគាំទ្រដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស ខេត្តព្រះវិហារដែលបានគ្រប់គ្រង ធនធានធម្មជាតិបានល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

ព្រះវិហារ៖ មន្ត្រីជាន់ខ្ពស់ក្រសួង បរិស្ថានគាំទ្រ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស ខេត្តព្រះវិហារដែលបានគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះបានល្អប្រសើរដើម្បីឱ្យបានស្ថិតស្ថេរគង់វង្ស។
  ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច រហូតទទួលបានសមិទ្ធផលជោគជ័យ ។
   ឯកឧត្តមបានគាំទ្រ និងសូមលើក ទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្តការងារ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវតួនាទីភារកិច្ចរបស់ខ្លួន និងដោះស្រាយ បញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ មនសិកាវិជ្ជាជីវៈការ ទទួលខុសត្រូវ និង ការច្នៃប្រឌិតខ្ពស់ ព្រមទាំងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និង អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម និង គោលបំណងជាយុទ្ធសាស្ត្ររបស់យើង ពោលគឺធានាឱ្យបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង ធន ធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព សម្រាប់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់។
   លោក សុង ច័ន្ទសុជាតិ ប្រធាន មន្ទីរបរិស្ថានខេត្ត បានអានរបាយ ការណ៍ឱ្យដឹងថា មន្ទីរបរិស្ថានបានរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោល បំណងដើម្បីធ្វើបទបង្ហាញពីលទ្ធ ផលការងារ ដែលសម្រេចបាន និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក្នុងអំឡុងពេលអនុវត្តសកម្មភាពការងារ ដែលផ្តោតសំខាន់ទៅលើការកសាងរដ្ឋបាលទំនើប ការគាំពារបរិស្ថាន ការអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងភូមិ សាស្ត្រខេត្ត។
    លោក សុខ សាន្តតារ៉ា អភិបាល រងខេត្តព្រះវិហារ បានវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តព្រះវិហារដែលបានរៀបចំសហគមន៍តំបន់ការពារធម្មជាតិ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិជាពិសេសបានបង្កើនសេដ្ឋកិច្ចជាតិ កម្ពស់កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និង កិច្ចសហការជាមួយអង្គការដៃគូក្រៅរដ្ឋាភិបាល។
លោក គាំទ្រចំពោះគម្រោងរបស់មន្ទីរបរិស្ថានដែលកំពុងសម្រប សម្រួល អនុវត្តសកម្មភាពការងារចម្បងៗមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ៕photo_2023-01-18_06-03-28photo_2023-01-18_06-03-32 (2)photo_2023-01-18_06-03-32photo_2023-01-18_06-03-33photo_2023-01-18_06-03-35photo_2023-01-18_06-03-36photo_2023-01-18_06-03-37

Comments

Related posts