ភូមិបេតិកភណ្ឌចាប់ផ្តើមបើកការដ្ឋានសាងសង់ ដើម្បីត្រៀមទទួលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

MC. អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើពិធីក្រុងពាលី បើកការដ្ឋានសាងសង់ ភូមិបេតិកភណ្ឌ ដើម្បីត្រៀមទទួលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលខាងមុខ។
ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងថ្នាក់ដឹកនាំជាច្រើនរូប បានប្រារព្វ ធ្វើពិធីក្រុងពាលីចំពោះម្ចាស់ទឹកម្ចាស់ដី និងបារមីនៃវត្ថុសក្តិសិទ្ធ នៅខាងមុខអង្គរវត្ត ដើម្បីសុំរៀបចំ បើកការដ្ឋានសាងសង់ភូមិបេតិកភណ្ឌនិងស្តង់ពិព័រណ៍ នៅព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣ សម្រាប់ ត្រៀមទទួលព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងមកដល់នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។
អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលស្រាវជ្រាវនិងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក ទិន ទីណា មានប្រសាសន៍ថា  ភូមិបេតិកភណ្ឌ ដែលអាជ្ញាធរអប្សរាកំពុងរៀបចំសាងសង់នេះ នឹងដាក់បង្ហាញអំពី បេតិកភណ្ឌរូបិយ ដូចជាបង្ហាញឧបករណ៍បច្ចេកទេសនៃការរំលីងថ្ម ដើម្បីយកមកផ្គុំកសាងប្រាសាទ ដែល ឃើញមាននៅតាមចម្លាក់របស់ប្រាសាទបាយ័ន ការបង្ហាញអំពីបច្ចេកទេសនៃការជួសជុល ប្រាសាទទឹក។ 
ចំណែកឯបេតិកភណ្ឌអរូបិយវិញ គឺនឹងមានបង្ហាញអំពីការចារសាស្ត្រាស្លឹករឹត ដោយគ្រោងនឹងអញ្ជើញ អ្នកស្រីភឿន ផាវី ជាអ្នកចេះចារសាស្ត្រា ឱ្យមកបង្រៀន ដល់អ្នកមកទស្សនា ឱ្យបានយល់ដឹងផងដែរ។ ចំណែកវប្បធម៌អរូបិយមួយទៀត គឺអាជ្ញាធរអប្សរានឹងបង្ហាញអំពីសិល្បៈនៃការសូនភាជន៍ ដោយនឹងបើក ឱ្យអ្នកចូលរួមទស្សនាអាច រៀនសូត្របានពីអ្នកជំនាញផងដែរ។ បន្ថែមពីនេះទៀតក៏មានបង្ហាញអំពីចម្លាក់ស្បែកតូច ស្បែកធំ ។ក្រៅពីនោះគឺមានលេងល្បែងប្រជាប្រិយ ព្រមទាំងមានក្រុមភ្លេងកន្រ្ទឹម ដើម្បីកំដរនិងរាំលេងកម្សាន្ត។ ចំណែកនៅផ្នែកខាងស្ពានហាលវិញ ក៏នឹងមានរៀបចំស្ដង់ដើម្បីរៀបចំដាក់បង្ហាញអំពីផលិតផលនៃការងាររយៈពេល៣០ឆ្នាំ របស់អាជ្ញាធរ អប្សរាផងដែរ។
សំឡេង៖ ការបង្ហាញអំពីបេតិកភណ្ឌរូបិយនិងអរូបិយ ហើយបន្ទាប់ទៅយើងអត់មានបង្ហាញតែប៉ុណ្ណឹងទេ យើងនៅមានល្បែងប្រជាប្រិយក៏មាន ហើយយើងនៅមានភ្លេងកន្រ្ទឹមរបស់អ្នកស្រុកត្បែងយើងនេះ គាត់ចូលរួមដែរ ដើម្បីកំដរ កម្មវិធីរាំកម្សាន្តគាត់សប្បាយរីករាយតាមហ្នឹងដែរ។
សូមជម្រាបផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ     «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលនឹងលើកយកនូវកេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃ របស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈ ទស្សនីយភាពជាច្រើនទៀត ៕photo_2023-02-27_14-15-20photo_2023-02-27_14-15-32photo_2023-02-27_14-15-27photo_2023-02-27_14-15-16photo_2023-02-27_14-15-35photo_2023-02-27_14-15-04

Comments

Related posts