សហគ្រាសជលផលចំនួន២៨ ទទួលបានកញ្ចប់វិនិយោគ និងឧបករណ៍សង្វាក់ផលិតកម្ម

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០១ ០៥ ២០២៣

សហគ្រាសជលផលខ្នាតតូច និងមធ្យមចំនួន២៨ បានទទួលការគាំទ្រលើកញ្ចប់វិនិយោគ ជំនួយផ្នែក បច្ចេកទេស និងសម្ភារៈបរិក្ខារលើខ្សែសង្វាក់ផលិតកម្ម តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយបរិយាប័ន្ន និងចីរភាព ហៅកាត់ថា CAPFISH ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប, រដ្ឋបាលជលផល, និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ UNIDO ដើម្បីធ្វើឱ្យប្រសើរឡើងផ្នែកផលិតកម្ម ប្រតិបត្តិការអាជីវកម្ម និងអនុលោមភាពតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារ កិច្ចគាំពារសង្គម និងបរិស្ថាន។
គម្រោងដែលបានប្រកាសកាលពីចុងសប្តាហ៍នេះ បានបញ្ជាក់ថា សហគ្រាសជលផលទាំង២៨ ទទួលបាន ទូសម្ងួតពន្លឺព្រះអាទិត្យ ផ្ទាំងស្រូបថាមពលពន្លឺព្រះអាទិត្យ ម៉ាស៊ីនសម្អាតទឹក ម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីនសម្ងួត អគ្គិសនី ទូបង្កក ធុងទឹកកកក្លាស្សេ និងឧបករណ៍មួយចំនួនទៀតដែលជាគំរូបច្ចេកវិទ្យាបៃតង ត្រូវបានផ្តល់ ក្រោមកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម។
លោក ហ្គូនធឺ បេកហ្គឺ តំណាងអង្គការ UNIDO លើកឡើងថា ការគាំទ្រនេះ ជាការរួមចំណែកកាត់បន្ថយ ភាពក្រីក្រ បង្កើតការងារ និងផ្តល់លទ្ធភាពឱ្យវិស័យកសិ-ម្ហូបអាហារ ដែលកំពុងដើរតួជាក្បាលម៉ាស៊ីន ជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពនៅកម្ពុជា។
ចំណែកលោកជំទាវ ខាមិន ម៉ូរ៉េណូ អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់ថា វាជាការចូលរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ចបៃតង បង្កើនភាពប្រកួតប្រជែងនិងភាពប្រទាក់ក្រឡាផ្នែកសេដ្ឋកិច្ច និង លើក កម្ពស់ សមាហរណកម្មសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាចូលទៅក្នុងទីផ្សារអាស៊ាន និងអន្តរជាតិ។ 
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកកិច្ចគាំទ្រនេះ ស្របទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ម្ហូបអាហារដែលមានសុវត្ថិភាព និង ចរាចរណ៍នៅលើទីផ្សារអន្តរជាតិ អភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផល ផលិតផលជលផល តាមរយៈការកែលម្អ ប្រតិបត្តិការ និងការកែច្នៃផល ផលិតផលជលផលក្រោយប្រមូលផល ដោយផ្តោតជាសំខាន់លើគុណភាព និងសុវត្ថិភាព។
កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម ហៅកាត់ VCIS ដែលបានដំណើរការជាផ្លូវការ      ចាប់តាំងពីខែសីហា ឆ្នាំ២០២១ គឺជាកម្មវិធីសហវិនិយោគដើម្បីជំរុញ និងគាំទ្រសហគ្រាសជលផល នៅកម្ពុជា កែលម្អប្រតិបត្តិការអាជីវកម្ម និងអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ កិច្ចគាំពារសង្គម និងបរិស្ថាន។ កម្មវិធីនេះ គឺជាការអន្តរាគមន៍ដ៏សំខាន់មួយរបស់គម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូល ផល ដែលមានគោលដៅគាំទ្រដល់សហគ្រាសជលផលប្រមាណជា២០០សហគ្រាស ដោយផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេសនិងកញ្ចប់វិនិយោគជាសម្ភារៈ បរិក្ខារ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងការបោះ ជំហានចូលទៅកាន់ទីផ្សារបានកាន់តែប្រសើរ៕photo_2023-05-01_08-16-36photo_2023-05-01_08-16-41photo_2023-05-01_08-16-40photo_2023-05-01_08-16-38

Comments

Related posts