មន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធផ្តល់ចំណេះដឹងដល់អ្នកបើកបរ ពីសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន  គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន  ដែលមានគ្រូបង្គោល៤៥រូប បានរួមគ្នាផ្តល់ចំណេះដឹងតាមរយៈ វគ្គបណ្ដុះបណ្ដាលអ្នកបើកបរអំពីសុជីវធម៌ផ្ទាល់ខ្លួន ដើម្បីពួកគាត់យល់ដឹងអំពីផលប៉ះពាល់ ដែលបង្កឡើង ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអំពីសុជីវធម៌ផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៣១ ឧសភា នៅសណ្ឋាគារភ្នំពេញ លោក ជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលនេះ ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ ក្រៅរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ទាំងក្នុងនិងក្រៅប្រទេសទៅដល់អ្នកបើកបរឱ្យយល់ដឹង ពីការ បើកបរ ប្រកបដោយសុវត្ថិភាព។
លោក ជំទាវបន្តថា កិច្ចប្រឹងប្រែងអនុវត្តគម្រោងសកម្មភាពទាំងអស់នេះ នឹងក្លាយទៅជាការចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបានទៅតាមផែនការទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ដល់២០៣០  សំដៅកាត់បន្ថយចំនួនស្លាប់ និងរបួសឱ្យបាន៥០%ត្រឹមឆ្នាំ២០៣០។
លោកជំទាវសង្ឃឹមថា អ្នកដែលបានទទួលការបង្រៀនផ្សព្វផ្សាយពីវគ្គបណ្ដុះបណ្ដាលទាំងអស់ ដែលភាគ ច្រើនស្ថិតនៅក្នុងចំណោមយុវជន យុវនារី ដែលត្រូវកាន់ដៃចង្កូតយានពេញមួយជីវិតរបស់គេ នឹងបាន យល់ហើយមានឥរិយាបថ មានសុជីវធម៌ល្អពេលបើកបរនៅលើដងផ្លូវ។

ក្រសួងសាធារណការ ក៏បង្ហាញការកោតសរសើរអំពីសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំរបស់អង្គការខេមសេហ្វ ជាមួយនិង UNITAR និង Pernod Ricard Cambodge ដែលជានិច្ចកាលរមែងជួយដល់រាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមអំពីផលប៉ះពាលបណ្ដាលមកពីគ្រឿងស្រវឹង ជាពិសេសគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងហើយបើកបរ។
ជាមួយគ្នានេះ លោកជំទាវ ក៏បានអំពាវនាវ ស្នើឱ្យអង្គការនិងដៃគូបន្តកិច្ចសហការគម្រោងនេះឱ្យបានទូលំទូលាយ និង ពង្រីកវិសាលភាពទៅកាន់រាជធានី ខេត្ត/ក្រុងទូទាំងប្រទេស ខណៈដែលរាជរដ្ឋាភិបាលត្រូវការឱ្យមានដៃគូ ជួយជ្រោមជ្រែង ដើម្បីប្រសិទ្ធភាពការងារនេះទៅថ្ងៃអនាគតថែមទៀត៕photo_2023-06-01_11-11-54photo_2023-06-01_11-11-55photo_2023-06-01_11-11-54 (2)

Comments

Related posts