កម្ពុជា ឥណ្ឌា ប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនង និងបន្តកិច្ចសហការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនឈានទ្បើងជាបន្តបន្ទាប់ទៀត

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
ភ្នំពេញ៖កម្ពុជា ឥណ្ឌា ប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនង និងបន្តកិច្ចសហការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនឈានទ្បើងជាបន្តបន្ទាប់ទៀត ដែលស្របតាមកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។
ក្នុងការទទួលកាជួបសំណេះសំណាល និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ DEVYANI KHOBRAGADE  ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ដោយភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបន្តកិច្ចសហការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនឈានទ្បើងជាបន្តបន្ទាប់ទៀត។
លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងសម្តែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលជានិច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រទាំងសម្ភារនិងថវិកា និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹកជាមួយក្រសួងធនធានទឹក និងឧតុនិយមនាពេលកន្លងមក។
ក្នុងជំនួបពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលនេះដែរឯកឧត្ដមបានសំណូមពរដល់ភាគីឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ធនធានទឹកចំនួន ៥គឺ៖ទី១៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅខេត្តកំពង់ស្ពឺ។ ទី២៖ គម្រោងដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ។ទី៣៖ គម្រោងសិក្សាបន្ថែមទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ ស្ថិតនៅក្រុង-ស្រុក ចំនួន ៤គឺក្រុងច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកឧដុង្គ។ ទី៤៖ ផ្តល់រូបភាពពីផ្កាយរណប ដើម្បីជួយដល់ការព្យាករឱ្យមានប្រសិទ្ធភាព ជាពិសេសការព្យាករទឹកជំនន់នារដូវវស្សា។ទី៥៖ ជួយដល់ការអភិវឌ្ឍធនធានមនុស្សទាំងផ្នែកបច្ចេកទេស និងផ្នែកបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាទឹកក្រោមដី។
គួររម្លឹកផងដែរថា ចាប់តាំងពីឆ្នាំ២០០៤មក ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ទាំងតាមរយៈជំនួយឥតសំណង និងកម្ចីសម្បទាន បានទទួលនូវសមិទ្ធផលជាច្រើនដូចជា ទី១៖ គម្រោងទិញម៉ាស៊ីនបូមទឹក។ ទី២៖ គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកស្ទឹងតាសាលដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទី៣៖ គម្រោងអភិវឌ្ឍន៍ផែនការមេស្ទឹងសៀមរាប។ ទី៤៖ គម្រោងសិក្សាទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ ដែលបានធ្វើឡើងនៅក្នុងស្រុកចំនួន ២គឺ ស្រុកបរសេដ្ឋ និងស្រុកគងពិសី៕photo_2023-09-18_14-15-53photo_2023-09-18_14-16-03photo_2023-09-18_14-15-08photo_2023-09-18_14-15-27photo_2023-09-18_14-15-42

Comments

Related posts