ថ្នាក់ដឹកនាំកម្ពុជា-ចិន បានជជែកពិភាក្សាផ្ដោតសំខាន់លើ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៨.០៩.២០២៣

d12

    រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ថ្នាកដឹកនាំកម្ពុជា-ចិន បានជជែកពិភាក្សាផ្ដោតសំខាន់លើ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម មិនមែនផ្ដោតតែលើរឿងនយោបាយឬភូមិសាស្ត្រនយោបាយ ដូចដែលជនអគតិមួយចំនួនបានលើកឡើងនោះឡើយ ។
  ថ្លែងនៅក្នុងធ្វើសន្និសីទសារព័ត៌ មាន ស្តីពីលទ្ធផលទស្សនកិច្ចផ្លូវការនៅចិន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន ថ្នាក់ដឹកនាំកម្ពុជា-ចិន ប្ដេជ្ញាបន្តទំនាក់ទំនងមិត្តភាពយូរអង្វែង ដែលជាមរតករបស់ថ្នាក់ដឹកនាំជំនាន់មុន ខណៈដែលមិត្តភាពយូរអង្វែងនៅក្នុងពេលបច្ចុប្បន្ននេះ គឺបានក្លាយទៅជាមិត្តភាពដែកថែប ។ កម្ពុជា-ចិន ឯកភាពគ្នាបន្តធ្វើឱ្យស៊ីជម្រៅ និងបន្ស៊ីគ្នានូវយុទ្ធសាស្ត្របញ្ចកោណរបស់ប្រទេសកម្ពុជា និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន ជាអាទិ៍លើវិស័យកសិកម្ម ថាម ពល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ។
 ឯកឧត្តមបានបន្តថា កម្ពុជាតាមរយៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីជូនថ្នាក់ដឹកនាំចិន នូវជំហររបស់កម្ពុជាដែលនូវបន្តប្រកាន់ខ្ជាប់គោល ការណ៍នយោបាយចិនតែមួយ ដោយភាគីកម្ពុជានិងចិន បានចុះហត្ថលេខាលើឯកសារចំនួន១៥ សុទ្ធសឹងតែជាគោលការណ៍ដែលត្រូវផ្តល់សន្ទុះដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យក្លាយទៅជាត្បូងពេជ្រពិតប្រាកដ ។សម្ដេចធិបតីនិងគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា ក៏បានឆ្លៀតជួបបណ្ដាក្រុម ហ៊ុនខ្នាតយក្សរបស់ចិនមួយចំនួន ដែលមានសកម្មភាពនៅក្នុងប្រទេសកម្ពុជាថែមទៀតផង ។
ជាងនេះទៅទៀត កាលពីថ្ងៃទី១៦ ខែកញ្ញា សម្ដេចធិបតី ក៏បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ក្នុងគោលបំណងចូលរួមក្នុងពិធី សម្ពោធបើកពិព័រណ៍អាស៊ាន-ចិន និងបានឆ្លៀតជួបជាមួយថ្នាក់ដឹកនាំកំពូលនៃតំបន់នេះ ដូចជាលេខា ធិការបក្សតំបន់ស្វយ័តក្វាងស៊ី និងអភិបាលតំបន់ស្វយ័តក្វាងស៊ី ។
ឯកឧត្តមបានបន្តទៀតថា នៅក្នុងឱកាសជំនួបនៃថ្នាក់ដឹកនាំកំពូលរបស់ចិននៅក្នុងតំបន់និងថ្នាក់ដឹក នាំកំពូលនៃកម្ពុជា គឺមិនមែនជជែកតែលើរឿងនយោបាយឬភូមិសាស្ត្រនយោបាយនោះទេ គឺពិភាក្សាផ្ដោតជាពិសេសពីប្រយោជន៍សេដ្ឋកិច្ច និងប្រយោជន៍ពាណិជ្ជកម្ម ដើម្បីផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមក ។
« ភាគីទាំងសងខាងមិន បានអង្គុយជជែកគ្នាតែពីរឿងនយោ បាយឬពីភូមិសាស្ត្រនយោបាយនោះទេភាគីទាំងសងខាងបានចំណាយពេលវេលាច្រើនសឹងថាចិតសិបភាគរយដើម្បីជជែករួមគ្នាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងគោលដៅអនុញ្ញាតឱ្យប្រទេសកម្ពុជានិងប្រទេសចិនទាញយកប្រយោជន៍ទៅវិញទៅមកនិងក្នុងគោលដៅនាំមកនូវឧត្តមប្រយោជន៍ជាតិសម្រាប់សាកល្បងធ្វើឱ្យជីវភាពប្រជាជនកម្ពុជារីក ចម្រើនទៅមុខបន្ថែមទៀត» ។
  សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ៕

Comments

Related posts