គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយអង្គការដៃគូ ដើម្បីសាងសង់ផ្ទះគំរូ ក្នុងការទប់ទល់នឹងខ្យល់កន្រ្តាក់

 

វិទ្យជាតិកម្ពុជា ៖ វ៉ែន សុវុទ្ធី ២០ ១០ ២០២៣

s6-13

s2-24

s1-25

s5-17

s4-23

s3-23

s-8

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយអង្គការដៃគូ ដើម្បីសាងសង់ផ្ទះគំរូ ក្នុងការទប់ទល់នឹងខ្យល់កន្រ្តាក់ និងកាត់បន្ថយការចំណាយទៅលើសម្ភារៈរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាមជ្ឈ មណ្ឌលសន្និបាតនិងពិព័ណ៌អន្តរជាតិជ្រោយចង្វារ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ស្ថានភាពខ្យល់កន្រ្តាក់នៅតែបន្តកើតមានក្នុងកម្រិតមធ្យម ដែលក្នុងរយៈពេល ៩ ខែឆ្នាំ២០២៣នេះ ខ្យល់កន្រ្តាក់បានកើតមានចំនួនជាង ២០០លើក ក្នុងក្របខណ្ឌទូទាំងប្រទេសដែល បណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួនជិត ២ពាន់ខ្នង របើកដំបូលនិងខូចមធ្យមជាង ១ម៉ឺនខ្នង។
ឯកឧត្តម បានបញ្ជាក់ថា ដើម្បីទប់ស្កាត់នឹងបញ្ហាខ្យល់កន្ត្រាក់ ដែលធ្វើឱ្យខូចខាតផ្ទះសំបែង របស់ ប្រជាពលរដ្ឋនេះ និងដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានពិនិត្យឃើញអង្គការមួយ បានសាងសង់ផ្ទះ ដែលធន់និងអាចទប់ទល់នឹងខ្យល់កន្ត្រាក់នេះបាន ដូច្នេះគណៈកម្មាធិការនឹងសហការ ជាមួយអង្គការដៃគូ ពន្យល់ប្រជាពលរដ្ឋឱ្យសាងសង់ផ្ទះរបៀបនេះ នៅកន្លែងដែលឧស្សាហ៍មានខ្យល់ កន្ត្រាក់នោះ។ បន្ថែមពីនោះទៀត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងស្នើសុំរដ្ឋាភិបាល ក្នុងការសាងសង់ផ្ទះនេះជាគំរូមួយ ដើម្បីទុកឱ្យប្រជាពលរដ្ឋសាងសង់តាម។
 « នៅឆ្នាំនេះយើងក៏មានបញ្ហាមួយទៀត រឿងខ្យក់កន្ត្រាក់ក្នុងកំឡុងតែមួយខែនោះទេ ដែលធ្វើឱ្យ ខ្យល់កន្ត្រាក់កើតឡើងរហូតដល់ជាង២០០លើក ហើយក៏ធ្វើឱ្យយើងស្លាប់មនុស្ស៦នាក់ផងដែរ អ៊ីចឹងយើង កំពុងតែរកវិធីដោះស្រាយបញ្ហានេះ ថាតើយើងធ្វើយ៉ាងម៉េចឱ្យផ្ទះប្រជាពលរដ្ឋមានភាពធន់។ មុននេះខ្ញុំក៏បានទៅមើលអង្គការមួយដែលលោកកំពុងសង់ផ្ទះតាមរបៀបធន់ទៅហ្នឹងខ្យល់អាកាស អ៊ីចឹងលោកកំពុងសង់ផ្ទះនេះ ហើយខ្ញុំនឹងខិតខំរកគំរូផ្ទះនេះ និងអញ្ជើញគាត់ចូលរួមជាមួយខេត្តក្រុង តំបន់ណាដែលខ្យល់កន្ត្រាក់ច្រើន ហើយសាងសង់របៀបម៉េចឱ្យធន់ ដើម្បីកុំឱ្យឆ្នាំណា ត្រូវចាយដែក ស័ង្កសី រហូត ត្រូវជួយដោះស្រាយបញ្ហាជូនប្រជាជន នៅឆ្នាំនេះ យើងកើតបញ្ហាដែលខូចផ្ទះសំបែងរហូតទៅដល់ជាង១ម៉ឺនខ្នង នេះដែលយើងកំពុងរកវិធីដោះស្រាយ ហើយយើងសហការជាមួយអង្គការដៃគូ ពន្យល់ប្រជាជនដើម្បីធ្វើការសាងសង់ យើងស្នើសុំរដ្ឋាភិបាល នូវចំណែកណាមួយដើម្បីសង់គំរូជូនចំពោះប្រជាជនបន្តទៀត » ។ សូមបញ្ជាក់ថា ក្នុងរយៈពេល៩ ខែឆ្នាំ ២០២៣ នេះខ្យល់កន្រ្តាក់បានកើតមានចំនួន ២៦៣លើក ក្នុងក្របខណ្ឌទូទាំងប្រទេសដែល បណ្តាលឱ្យរលំផ្ទះនិងខូចខាតធ្ងន់ធ្ងរចំនួន ១,៩៥៦ខ្នង របើកដំបូលនិងខូចមធ្យម ១២,៦៦៤ខ្នង ប្រជាជនរងគ្រោះស្លាប់ ៩នាក់ និងរបួស ១៦៩នាក់ របើកដំបូលសាលារៀន ៩១អគារ៕

Comments

Related posts