ក្នុងរយៈពេលមួយខែ ប្រជាពលរដ្ឋប្រមាណ ២៩ពាន់គ្រួសារ រងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ

 

វិទ្យជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ១០ ២០២៣

s6-13

s1-25

s2-24

s3-23

s-8

ភ្នំពេញ ៖ ក្នុងរយៈពេលមួយខែ ប្រជាពលរដ្ឋប្រមាណ ២៩ពាន់គ្រួសារបាន រងផលប៉ះពាល់ពីការប្រែប្រួល អាកាសធាតុ ដែលបង្ករឱ្យមានការខូចខាតផ្ទះសំបែង ស្រូវ ដំណាំ សត្វ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាច្រើនកន្លែងផងដែរ។
ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាមជ្ឈ មណ្ឌលសន្និបាតនិងពិព័ណ៍អន្តរជាតិជ្រោយចង្វារ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល មួយខែ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្ពុជារងផលប៉ះពាល់ពីការប្រែប្រួល អាកាសធាតុ ដោយខេត្ត-ក្រុងចំនួន២០ ស្មើនឹង៧៨ក្រុង ស្រុក និង២៤៩ឃុំ សង្កាត់ និងប៉ះពាល់ប្រជាជន ចំនួនប្រមាណ២៩ពាន់គ្រួសារ ដែលក្នុងនោះបានជម្លៀសប្រជាជនប្រមាណជាង២ពាន់គ្រួសារ  ទៅកាន់ កន្លែងមានសុវត្ថិភាព។ បន្ថែមពីនោះទៀត ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បង្កឱ្យលិចផ្ទះ ប្រជាពលរដ្ឋ ចំនួនប្រមាណជា១ម៉ឺន៥ពាន់ខ្នង ហើយធ្វើឱ្យប៉ះពាល់និងស្លាប់មនុស្សចំនួន៦នាក់ផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ចំពោះការប៉ះពាល់ស្រូវរបស់ប្រជាពលរដ្ឋ មកដល់ពេលនេះ កំពុងតែសិក្សាបន្ត ដោយសារតែកន្លែងខ្លះទឹកស្រកហើយ ប៉ុន្តែពុំមានបញ្ហាចោទឬខូចខាតនោះទេ រីឯកន្លែងខ្លះទៀត ទឹកស្រកហើយ ប៉ុន្តែមានបញ្ហាខូចខាត ដូច្នេះតាមការប៉ាន់ប្រមាណថា និងខូចខាតប្រមាណជាង៥ពាន់ ហិកតា។
 «ឥឡូវនេះយើងមានទួលសុវត្ថិភាពជាច្រើន ហើយយើងបានជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាព គាត់ដឹងអស់ហើយនៅពេលខាងមុខ ដឹងថាជិតដល់ថ្ងៃ ពេលវេលា ដែលព័ត៌មានរបស់គ្រោះមហន្តរាយ ឬរបស់ក្រសួងធនធានទឹកដែលបានផ្តល់ជូនគឺជូនដំណឹងមកពួកគាត់នឹងរត់ទៅ ដូច្នេះឆ្នាំនេះធូរស្រាល មែនទែន។ ការខូចខាតនៅឆ្នាំនេះគឺតិចតួចជាទីបំផុត បើប្រៀបធៀបនឹងឆ្នាំ២០២២ នៅឆ្នាំ២០២៣នេះ យើងដោះស្រាយបញ្ហាបានជាច្រើន មកដល់ថ្ងៃនេះយើងឃើញបងប្អូនប្រជាជន ដែលរងគ្រោះដោយសារ ទឹកជំនន់នេះ ស្លាប់មនុស្សចំនួន៥នាក់ប៉ុណ្ណោះ ប៉ុន្តែយើងរងគ្រោះទៅលើស្រូវក៏អត់ច្រើនប៉ុន្មានដែរ ឥឡូវនេះមកដល់ថ្ងៃនេះទឹកក៏បានស្រកជាបណ្តើរៗ ហើយក្រសួងជំនាញកំពុងចុះសិក្សាស្រាវជ្រាវ » ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារងគ្រោះដោយជំនន់ទន្លេមេគង្គ និងជំនន់ទឹក ភ្លៀង បានបង្កផលប៉ះពាល់ និងខូចខាតដល់មូលដ្ឋានរាជធានី ខេត្តចំនួន២០,  ប៉ះពាល់ប្រជាជនចំនួន ២៩,៤៨៩គ្រួសារ ដែលក្នុងនោះ ជម្លៀស ២,០២៩គ្រួសារ ប្រជាជនរងគ្រោះស្លាប់ ៦នាក់ (ស្រ្តី ៤) រងរបួស ៦នាក់ សាលារៀនលិចទឹក ៨៦កន្លែង។ ទឹកជំនន់ក៏បានជន់លិចដំណាំស្រូវចំនួន ២២,៧១៣ហិកតា និងខូចខាត ៤,៥៨៣ហិកតា ដំណាំរួមផ្សំលិចទឹកចំនួន ៣,០២៦ហិកតា និងខូចខាត ១,២៩៧ហិកតា ជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពចំនួន ៦,៨៧៨ក្បាល និងងាប់ ៦ក្បាល។ បន្ថែមពីលើនេះ ទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង ៥,០៦៩ម៉ែត្រ, ផ្លូវក្រួសក្រហម បេតុង និងដីសប្រវែង ១៧៤,៨៧៦ម៉ែត្រ ,ប៉ះពាល់និងខូចខាតស្ពានឈើ បេតុង និងស្ពានបាឡេចំនួន ៥៣ កន្លែង៕

Comments

Related posts