ឯកឧត្តម កើត រិទ្ធ ណែនាំសាលាដំបូងខេត្តកំពង់ស្ពឺ ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

 

កំពង់ស្ពឺ៖ឯកឧត្តម កើត រិទ្ធ ណែនាំសាលាដំបូងខេត្តកំពង់ស្ពឺ ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ដើម្បីធ្វើឱ្យតាមទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ។

 

ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម ស៊ិន វិរៈ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺជំនួសលោកជំទាវ ចាតសូ រស្មី ដែលត្រូវបានផ្ទេរភារកិច្ចទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុងនាថ្ងៃទី២០ខែតុលា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាសមាជិកទី១ នៃឧត្តម-ក្រុមប្រឹក្សានៃអង្គចៅក្រមឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ។ កិច្ចការនេះ នៅតែជាអាទិភាព ដែលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី១។  

 

ផ្អែកតាមការប្រគល់ភារកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌បាននិងកំពុងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តវិធានការគន្លឹះទី៥ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ដើម្បីសម្រេចឱ្យបានចេញជាលទ្ធផលនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នូវកិច្ចការអាទិភាពគឺ (ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី២)-ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស និង (ទី៣)-ការត្រួតពិនិត្យនិងការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។ ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, ក្រសួងយុត្តិធម៌បានរៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការសំខាន់ៗចំនួន ៣ ដែលត្រូវបានចាត់ទុកជាបទបញ្ជា និងទិសដៅការងារដ៏មុតស្រួចដែលត្រូវអនុវត្ត គឺ៖ (ទី១)-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, (ទី២)-យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង (ទី៣)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ជារួម យុទ្ធនាការដ៏មានសារៈសំខាន់ទាំង ៣ នេះ មានសសរស្តម្ភ ចំនួន ២ គឺសសរស្តម្ភទី១-ការកែទម្រង់លើការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និងសសរស្តម្ភទី២-ការកែទម្រង់លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលសសរស្តមទាំងពីរនេះមាននៅក្នុងច្បាប់ ហើយស្របច្បាប់។ ថ្លែងក្នុងវេទិការនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនអង្គពិធីអំពីគោលបំណង និងភាពចាំបាច់នានាក្នុងការដាក់ចេញនូវយុទ្ធនាការទាំង ៣ នេះ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖ 

 

ទី១-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ គឺជាយុទ្ធនាការដែលមានទិសដៅធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន និងឆាប់រហ័ស ដែលគ្របដណ្តប់ទាំងលើរឿងក្តីរដ្ឋប្បវេណី ទាំងលើរឿងក្តីព្រហ្មទណ្ឌ និង សម្រាប់តុលាការគ្រប់ជាន់ថ្នាក់ ដោយរួមទាំងអង្គការអយ្យការផងដែរ ។

 

ទី២-យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធនាការដែលមានលក្ខណៈស្របទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងសង្គម និងស្របតាមប្រពៃណីរបស់អ្នកស្រុកនៅកម្ពុជា និងមានមូលដ្ឋានគ្រឹះមួយដ៏ធំ គឺនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានពន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ និងការបែកបាក់ជាតិ ដែលកម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ និងការបង្រួបបង្រួមអធិបតេយ្យភាព និងបូរណភាពទឹកដី។ យុទ្ធនាការនេះមានគោលបំណងសំខាន់ៗ ចំនួន ៤គឺ៖ (ទី១)-ជួយកាត់បន្ថយចំនួនសំណុំរឿង និងការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះ, (ទី២)-បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី៣)-ធានាបាននូវភាពសុខដុមរមនាក្នុងសហគមន៍ និងសង្គមជាតិ តាមរយៈការព្យាយាមសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ និង (ទី៤)-ដំណោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាមានភាពងាយស្រួលក្នុងការអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ច។ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការថ្នាក់ជាតិក្នុងការដឹកនាំ និង អនុវត្តយុទ្ធនាការនេះ នឹងត្រូវដាក់បញ្ចូលជារបៀបវារៈមួយ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលដ៏ខ្លីខាងមុខនេះ។ ការបង្កើតអាជ្ញាធរជាតិនេះ គឺដើម្បីបំពេញបន្ថែមលើយន្តការដែលមានស្រាប់ និងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន ដែលចង់បាននូវដំណោះស្រាយវិវាទមួយ និងជាដំណោះស្រាយវិវាទដែលគូភាគីវិវាទទាំងអស់អាចទទួលយកបាន ហើយអាជ្ញាធរជាតិនឹងរៀបចំឱ្យមានក្រុមចល័តចុះធ្វើការសម្រុះសម្រួលផ្សះផ្សាវិវាទរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែម្តង។ 

 

ទន្ទឹមនេះ, ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរបស់អាជ្ញាធរជាតិ ក្របខណ្ឌគតិយុត្តមួយច្បាស់លាស់សម្រាប់កិច្ចដំណើរការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទត្រូវបានកំណត់ ជាពិសេស កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ នឹងទទួលបានតម្លៃគតិយុត្តជាភស្តុតាងរឹងមាំ និងមានអានុភាពជាលិខិតអនុវត្តដូចសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ។  

 

ទី៣-យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ មានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១)-ការបង្កើតច្រក និងយន្តការសម្រាប់ទទួលបណ្តឹងអំពីភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីជួយត្រួតពិនិត្យ និង ជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ពិសេស ប្រជាពលរដ្ឋក្រីក្រ និង ជនងាយរងគ្រោះក្នុងសង្គម, (២)-ការចូលរួមដោះស្រាយភាពអយុត្តិធម៌និង ភាពមិនប្រក្រតីក្នុងប្រព័ន្ធតុលាការ សំដៅលើកកម្ពស់ភាពយុត្តិធម៌ នៅក្នុងចំណាត់ការរឿងក្តីដោយតុលាការ  និង (៣)-ការលើកកម្ពស់តម្លាភាព សុចរិតភាព ភាពស្អាតស្អំ និងភាពត្រឹមត្រូវ នៅក្នុងប្រព័ន្ធតុលាការ ។ ជារួម, យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ផ្តោតការយកចិត្តទុកដាក់លើការត្រួតពិនិត្យលើគុណភាពនៃសេចក្តីសម្រេចរបស់តុលាការ និងប្រសិទិ្ធភាពនៃចំណាត់ការរឿងក្តីរបស់តុលាការ៕C885E969-AD12-44E9-8E26-EAD42C23D8AAF091FB16-3F18-4A3B-9ACE-1BF2BAF32B964AADC69D-2467-4BCA-B749-8CFCDA8F98139C96900A-EC61-4253-B0F9-57FAF7568E09

 

 

 

Comments

Related posts