ថៃអាចនឹងប្តូរទៅទិញនាវាចម្បាំងជំនួសនាវាមុជទឹកពីប្រទេសចិន ក្រោយកិច្ចព្រមព្រៀងមានបញ្ហា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-62

a7-68

អន្តរជាតិ៖ រដ្ឋមន្រ្តីការពារជាតិថៃបាននិយាយថា រដ្ឋាភិបាលថៃអាចនឹងប្តូរទៅទិញនាវាចម្បាំងវិញជំនួសឱ្យនាវាមុជទឹកពីប្រទេសចិន បន្ទាប់ពីភាគីចិនមិនអាចផ្តល់ម៉ាស៉ីនអាល្លឺម៉ង់ ដូចដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងដើម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ប្រទេសថៃបានចំណាយថវិកាសរុបប្រមាណ ៧ ពាន់លានបាត ឬស្មើនឹង ១៩៣,៧ លានដុល្លាររួចទៅហើយទៅកាន់ចិន សម្រាប់ការទិញនាវាមុជទឹក Yuan Class S26T ១ គ្រឿងក្នុងចំណោម ៣ គ្រឿងដែលបំពាក់ម៉ាស៉ីនម៉ាស៊ូតផលិតដោយអាល្លឺម៉ង់ ប៉ុន្តែកិច្ចព្រមព្រៀងត្រូវបានពន្យារពេលនៅពេលអាល្លឺម៉ង់ហាមឃាត់ការប្រើប្រាស់ម៉ាស៉ីនរបស់ខ្លួន សម្រាប់ផលិតផលយោធានាំចេញរបស់ចិន។ ចិន បានស្នើបំពាក់ម៉ាស៉ីនផលិតដោយចិនផ្ទាល់ជំនួសម៉ាស៉ីនអាល្លឺម៉ង់នៅក្នុងកិច្ចចរចាប៉ុន្មានជុំកន្លងមក ប៉ុន្តែពុំទទួលបានលទ្ធផលសម្រេចនោះទេ។ លោក Sutin Klungsang រដ្ឋមន្រ្តីការពារជាតិថៃបាននិយាយថា រដ្ឋាភិបាលថៃបានលើកឡើងទៅកាន់ចិន អំឡុងទស្សនកិច្ចរបស់លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថៃកាលពីសប្តាហ៍មុនថា ទីក្រុងបាងកកចង់ទិញនាវាចម្បាំងថ្នាក់ frigate ជំនួសឱ្យនាវាមុជទឹក។ បើតាមលោក Sutin ខាងភាគីចិនកំពុងតែពិចារណាលើរឿងនេះ ហើយនឹងមានការពិភាក្សាគ្នាបន្ថែមទៀតនៅខែក្រោយ៕

Comments

Related posts