ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថ្លែងថា សន្តិភាព មានភាពផុយស្រួយណាស់ ដែលអាចបាត់បង់គ្រប់ពេលវេលា

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថ្លែងថា សន្តិភាព មានភាពផុយស្រួយណាស់ ដែលអាចបាត់បង់គ្រប់ពេលវេលា ដែលទាមទារឱ្យមានការប្ដេជ្ញាការពារថែរក្សាសន្តិភាពឱ្យខានតែបាន ការពារបូរណភាពទឹកដី និង​ប្រជាជន។

ថ្លែងក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និង​ប្រគល់​អាវ​រងារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៅ​កង​ពលតូចអន្តរាគមន៍លេខ១៤ ដែលឈរជើងនៅចំណុចភ្នំបាយឃ្លះក្នុងឃុំត្នោតជុំ ស្រុកក្រគរ នៅថ្ងៃ​ទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ ​ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង នៃបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ មានប្រសាសន៍ថា សន្តិភាព មានភាពផុយស្រួយណាស់ ដែលអាចបាត់បង់គ្រប់ពេលវេលា ដូច​នេះ​យើងដាច់ខាតប្តេជ្ញាត្រូវការពារថែរក្សាសន្តិភាពឱ្យខានតែបាន ការពារបូរណភាពទឹកដី និង​ប្រជាជន។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា កងទ័ពត្រូវអនុវត្តតួនាទី ភារកិច្ច ឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងចូលរួមគាំទ្រលើកំណែទម្រង់លើវិស័យយោធា កងយោធពល​ខេមរ​ភូមិន្ទ និងទំនើបកម្មយោធា ឱ្យកាន់តែរីកចម្រើន រឹងមាំ បង្កើនកិត្យានុភាពលើឆាកអន្តរជាតិ និង​បង្កើន​សមត្ថភាពកងទ័ព ទប់ស្កាត់បដិវត្តពណ៌ ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់សកម្មភាពនានា ដែល​អាចជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាពទាំងក្នុងប្រទេស និងតំបន់ ប្រកបដោយប្រសិទ្ធភាព និង​គុណភាព។ ជាពិសេសការចូលរួមគាំទ្ររបស់កងទ័ព ទៅលើកំណែទម្រង់ គឺផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេសជាតិនិយាយជារួម និងចូលរួមជួយ​លើក​ស្ទួយ​ដល់​ជីវភាព​របស់​កង​ទ័ព​យើង និយាយដោយឡែក៕photo_2023-11-13_08-50-13

Comments

Related posts