ក្រសួងកសិកម្មផ្សព្វផ្សាយពីស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គកម្ពុជាហើយទទួលបានវិញ្ញាបនបត្រកំណត់ត្រាពិភព លោក ស្ដីពីត្រីទឹកសាបធំបំផុត

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី,រូបភាព សុភាវិសិទ្ធិពង្ស ១៤.១១.២៣

d2-37

d-24

d1-37

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសហការជាមួយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID រៀបចំសិក្ខាសាលាអន្តរជាតិ ស្ដីពីស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គនិងពិធីប្រគល់វិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្ដីពីត្រីទឹកសាបធំបំផុត នាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់នូវធាតុចូលសំខាន់ៗពីលក្ខណៈជីវសាស្ត្រនៃត្រីបបែលយក្សទឹកសាប និងអបអរសាទរដល់កំណត់ត្រាពិភពលោក ដែលបង្ហាញអំពីត្រីដែលធំបំផុតនៅលើពិភពលោក និងត្រីបបែលដែលមានទំហំរហូតដល់ជាង៣០០គីឡូក្រាម ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម , ឯកឧត្តម ប៉ាទ្រិក ម័រហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា, លោកបណ្ឌិត ហ្សេប ហូហ្គេន ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លោក យីប ជុងវៃ តំណាងស្ថាប័នកំណត់ត្រាពិភពលោក លោកបណ្ឌិត ហេង គង់ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងអ្នកចូលរួមសរុបជាង១០០នាក់ ។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត ហ្សេប ហូហ្គេន ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលើកឡើងថា តាមរយៈគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គនិងត្រីបបែលយក្សទឹកសាប គឺសម្រេចបានជោគជ័យនិងសម្រេចបាននូវសមិទ្ធផលជាច្រើន ដូចជា ៖ ការរៀបចំបង្កើតមន្ទីរពិសោធន៍ ការសិក្សាស្រាវជ្រាវ សិក្ខាសាលានិងការបណ្ដុះបណ្ដាលដល់មនុស្សជាច្រើននាក់ ការបង្កើតផលិតផលក្នុងការផ្សព្វផ្សាយដែលធ្វើការចែកចាយទៅដល់ប្រជាពលរដ្ឋរាប់លាននាក់ ជាពិសេសគឺកិច្ចការពារនិងការរកឃើញនូវប្រភេទសត្វនិងជីវៈចម្រុះនៅក្នុងទន្លេមេគង្គនេះ ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាទ្រិក ម័រហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងនេះ កើតឡើងបានដោយមានការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងពិភពលោក ពីសំណាក់អ្នកស្រាវជ្រាវ ក៏ដូចជាស្ថាប័ននានា ។ឯកឧត្ដម ក៏បានធ្វើការកត់សម្គាល់ថា អ្នកនេសាទក្នុងមូលដ្ឋានក៏មានសារៈសំខាន់ដែរ ដែលគាត់បានទាក់ទងជាមួយមន្ត្រីគម្រោង ដោយពួកគាត់បានយល់អំពី គុណតម្លៃនៃជីវៈចម្រុះនេះ ។ ការថែរក្សាទន្លេមេគង្គ ក៏មិនមែនគ្រាន់តែជាកិច្ចខិតខំប្រឹងប្រែងក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ដោយទន្លេមេគង្គលាតសន្ធឹងឆ្លងកាត់ប្រទេសដទៃទៀតផងដែរ ជាពិសេសលើអាងទន្លេមេគង្គ ដែលមានភាពជាដៃគូរវាងយូ.អេស.អេ.អាយ.ឌី ជាមួយកិច្ចផ្តួចផ្តើមទន្លេមេគង្គ ដែលផ្ដោតទៅលើការអភិរក្សតំបន់ទន្លេមេគង្គទាំងមូល ។ ស្ថាប័នទាំងអស់បានធ្វើការជាមួយគ្នា ក្នុងការស្រាវជ្រាវ ការពារនិងគ្រប់គ្រង ដើម្បីថែរក្សាជីវៈចម្រុះនៅក្នុងទន្លេមេគង្គដ៏មានសារៈសំខាន់ ។ គម្រោងនេះគឺជាផ្នែកមួយ របស់រដ្ឋាភិបាលអាមេរិក ដែលទទួលថវិកាពីUSAID ហើយUSAID ក៏គាំទ្រដល់គម្រោងមរតកបៃតងនៅក្នុងប្រទេសកម្ពុជាផងដែរ និងគម្រោងដទៃទៀតដែលជួយ ការពារនិងអភិរក្សជីវៈចម្រុះនានា ។
 ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាថ្នាក់អន្តរជាតិនេះឡើង ក្នុងគោលបំណងដើម្បីផ្តល់នូវធាតុចូលសំខាន់ៗពីលក្ខណៈជីវសាស្ត្រចំនួនត្រីបបែលយក្សទឹកសាប តាមស្ថានភាពនៃជម្រក នឹងប្រភពអាហារក្នុងមេគង្គកម្ពុជានិងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងសម្រាប់ការរៀបចំផែនការសិក្សាស្រាវជ្រាវ ការពារនិងអភិរក្សបបែលយក្សទឹកសាបឱ្យមាននិរន្តរភាព ៕

Comments

Related posts