ក្រសួងកសិកម្ម បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ឱ្យមាននិរន្តភាព

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី១៤.១១.២០២៣

d6-24

d5-28

d2-37

d7-26

d3-34

d4-31

d1-37

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាននឹងកំពុងសហការ យ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីថែរក្សាជីវៈចម្រុះដ៏មានសារៈសំខាន់ទាំងនេះនៅក្នុងទន្លេមេគង្គឱ្យមាននិរន្តរភាព ។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម បានមានប្រសាសន៍ក្នុងសិក្ខាសាលាអន្តរជាតិ ស្ដីពីស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គនិងពិធីប្រគល់វិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្ដីពីត្រីទឹកសាបធំបំផុត ថា បច្ចុប្បន្ននេះ រដ្ឋបាលជលផល បានសហការជាមួយដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីធ្វើការសិក្សាស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ដ្រជលផល តាមដានការប្រែប្រួលធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល ។
ក្នុងនោះ ឯកឧត្តមបានស្នើដល់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងត្រីបបែលយក្សទឹកសាប និងដៃគូពាក់ព័ន្ធ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ជាមួយនឹងរដ្ឋបាលជលផល នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមចំណែកការពារ និងអភិរក្សប្រភេទត្រីមេពូជទៅក្នុងទន្លេមេគង្គ ដែលជាប្រភពពូជត្រី សម្រាប់ចែកចាយទៅលើបឹងទន្លេសាប ទន្លេមេគង្គក្រោម និងតំបន់លិចទឹកផ្សេងៗទៀត ដែលជាកន្លែងនេសាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើការនេសាទសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
 « រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមពង្រឹងការគ្រប់គ្រងការពារនិងអភិរក្សធនធានជលផលឱ្យមាននិរន្តរ ភាព ជាពិសេស ការពារ និងអភិវឌ្ឍធនធានជលផលនៅដងទន្លេមេគង្គក្នុងខេត្តក្រចេះ ស្ទឹងត្រែង ដែលជាជម្រកសត្វផ្សោត និងជាកន្លែងរស់នៅរបស់ត្រីមេពូជសំខាន់ៗ រួមទាំង ប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ ដូចជាត្រីបបែលយក្សទឹកសាប ត្រីរាជ ត្រីត្រសក់ ។ល ។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសហការជាមួយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID រៀបចំសិក្ខាសាលាអន្តរជាតិ ស្ដីពីស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គនិងពិធីប្រគល់វិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្ដីពីត្រីទឹកសាបធំបំផុត នាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់នូវធាតុចូលសំខាន់ៗពីលក្ខណៈជីវសាស្ត្រនៃត្រីបបែលយក្សទឹកសាប និងអបអរសាទរដល់កំណត់ត្រាពិភពលោក ដែលបង្ហាញអំពីត្រីដែលធំបំផុតនៅលើពិភពលោក និងត្រីបបែលដែលមានទំហំរហូតដល់ជាង៣០០គីឡូក្រាម ៕

Comments

Related posts