សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្រ្តជូនប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីការគម្រាមដោយសារមីន

 

វិទ្យុជាតិកម្ពុជា៖ ស៊ីផុន ហ៊ុងគ្រី

b-22

b1-35

b2-35

b4-35

b3-36

មណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានផ្តល់នូវអំណោយជាសមិទ្ធផលសកម្មភាពមីនសម្រាប់ចុងឆ្នាំ២០២៣ ជូនដល់ប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីការគំរាមកំហែងដោយសារមីន។ នេះជាការលើកឡើង  របស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុង នាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការ ប្រកាសខេត្តមណ្ឌលគិរី ជាខេត្តអស់មីន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសាលាខេត្តមណ្ឌលគិរី ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ខេត្តមណ្ឌលគិរី គឺជាខេត្តទី១៤ ប្រកាសជាខេត្តអស់មីន ដែលបានបោសសម្អាតចាប់ពីឆ្នាំ ២០០២ ដោយប្រតិបត្តិករចំនួន៣ រួមមាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដីប្រមាណជា ១៧.៨៨៦.៥៦៤ ម៉ែត្រក្រឡា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។ នេះគឺជាស្នាដៃប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ប្រជាជនខេត្តមណ្ឌលគិរីទាំងមូល ឱ្យទទួលបាននូវសេរីភាពរួចចាកផុតពីការគំរាមដោយសារមីនដែលជាមរតកពីសង្រ្គាម ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងពលីស្វែងរកមកយ៉ាងលំបាក។
  ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា ជាមួយនឹងផ្លែផ្កានៃសន្តិភាព ការងារបោសសម្អាតមីន ពិតជាបានរួមចំណែកធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តលើកឡើងអំពីភាពជោគ ជ័យនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈ ពេលជាង ៣០ឆ្នាំនៅកម្ពុជា ដែលរាជរដ្ឋាភិបាលចំណាយថវិកាអស់ជាង ២០០ លានដុល្លារអាមេរិក ដើម្បីធានាសុខសុវត្ថិភាព និងសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ជាមួយនឹងភាពជោគជ័យនេះ កម្ពុជា នឹងទទួលបាននូវការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ហើយនៅឆ្នាំ២០២៤ ខាងមុខ កម្ពុជាមានកិតិ្តយសទទួលធ្វើជាប្រធាន នៃអនុសញ្ញាអូតាវ៉ា ដោយសម្រេចជ្រើសយកខេត្តសៀមរាប ជាទីកន្លែងសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជាង ២០០ប្រទេសចូលរួម។ ឯកឧត្តម បន្ថែមទៀតថា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា នឹងធ្វើឱ្យគណៈប្រតិភូមកពីជាង ២០០ប្រទេស ផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានពីកម្ពុជា ក៏ដូចជាក្លាយជាឯកអគ្គរដ្ឋទូត ផ្សព្វផ្សាយដំណឹងល្អ និងវិជ្ជមានពីកម្ពុជា ទៅកាន់សកលលោក។
   លោក ឈឹម កាន អភិបាលខេត្តស្តីទី បានសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិបត្តិករពាក់ព័ន្ធ រួមទាំងអាជ្ញាធរទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអនុវត្តការងារក្នុងការបោសសម្អាតមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុង ប្រទេសកម្ពុជា រួមទាំងខេត្ត មណ្ឌល គិរី ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ ក៏សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងអាជ្ញាធរមីនកម្ពុជា និងអាជ្ញាធរខេត្ត ដែលបានរៀបចំពិធីដ៏មានសារ:សំខាន់នេះឡើង ក្នុងគោល បំណងដើម្បីផ្សព្វផ្សាយខេត្ត មណ្ឌលគិរី ជាខេត្តអស់មីន ៕

Comments

Related posts