ផ្លូវចូលទៅកាន់ស្រុកសៀមប៉ាងជាប់ព្រំដែនឡាវ ត្រូវបានធ្វើការជួសជុលសាជាថ្មី

 

  វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿនស្ទឹងត្រែង

b8-20

b5-31

b6-27

b7-25

ស្ទឹងត្រែង៖ ក្រុមការងារបច្ចេកទេស  មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង  ធ្វើសកម្មភាពជួស ជុលផ្លូវគ្រួសក្រហមប្រវែង៨០គីឡូ ម៉ែត្រ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើចរាចរទៅមកបានងាយស្រួល  ។
       ក្នុងសកម្មភាពជួសជុលផ្លូវគ្រួសក្រហមទៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនៅថ្ងៃទី១៤ខែវិច្ឆិកានេះ លោកគង់សុធា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា៖ផ្លូវមួយខ្សែចាប់ពីចំណុចដុងក្រឡ  ចូលទៅកាន់ទីរួមស្រុកសៀមប៉ាងប្រវែង៤៥គីឡូម៉ែត្រ និងផ្លូវនៅភូមិបានមួង ឃុំសេកុង និងភូមិផាបាំងឃុំថ្មកែវ សរុបប្រវែង៣៥គីឡូម៉ែត្របន្ថែមទៀតត្រូវបានធ្វើការជួសជុលឡើងវិញនៅខែវិច្ឆិកានេះ ។
   លោកបន្តថា៖មន្ទីរបានចំណាយថវិកាថែទាំជួសជុលក្នុងមួយឆ្នាំ ២ ដង ដើម្បីប្រជាពលរដ្ឋធ្វើចរាចរបានងាយស្រួល  ចំណែកកសិករយើងក៏បានដឹក កសិកផល ស្រូវ ដំឡូងមីទៅកាន់ទីផ្សារបានឆាប់រហ័សដែរ ហើយក្រុមបច្ចេកទេស នឹងពន្លឿនការជួសជុលឱ្យហើយនៅសប្តាហ៍ទី៣ខែវិច្ឆិកានេះ ។      
       លោកអ៊ុកសារិន ប្រជាពលរដ្ឋរស់នៅភូមិពងគ្រៀល ឃុំព្រែកមាសបានបញ្ជាក់ថា៖នេះពិតជាបានបង្ហាញពីការយកចិត្តទុកដាក់បម្រើផលប្រយោជន៍ប្រជាជន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋា ភិបាល    ដែលកំពុងដឹកនាំដោយសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
     លោកបន្តថា៖ ផ្លូវមួយខ្សែនេះមានភាពលំបាកក្នុងការធ្វើចរាចរជារៀងរាល់ឆ្នាំហាក់បីដូចជាដាក់ទណ្ឌ កម្មមកលើប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង ព្រោះ(ខែវស្សាភក់-ខែ ប្រាំងដីហុយ)បង្កផលប៉ះពាល់ដល់សុខភាព។
      លោកផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាង បានទទួលស្គាល់ថា៖ ក្តីបារម្ភដែលប្រជាពលរដ្ឋលើកឡើងនេះ  ក៏ជាកង្វល់មួយរបស់អាជ្ញាធរដែរ   ហើយផ្លូវនេះអាជ្ញាធរស្រុកបានស្នើសុំទៅ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូនរួចមកហើយ ដើម្បីស្ថាបនាជាផ្លូវកៅស៊ូតែម្តង ។
       សូមបញ្ជាក់ថា៖ចូលទៅកាន់ស្រុកសៀមប៉ាងមានប្រវែង៤៥ គីឡូម៉ែត្រតែប៉ុណ្ណោះហើយ បងប្អូនប្រជាពលរដ្ឋសង្ឃឹមថា នៅឆ្នាំថ្មីខាងមុខនេះ រាជរដ្ឋាភិបាលនឹងផ្តល់ជាផ្លូវកៅស៊ូជូន  ងាយស្រួលក្នុងការធ្វើចរាចរទៅមក   ព្រោះប្រជាពល រដ្ឋបានស៊ូទ្រំានិងភាពលំបាកក្នុងការធ្វើចរាចរតាមផ្លូវនេះយូរឆ្នាំមក ហើយ៕

Comments

Related posts