កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ជាលើកដំបូងក្នុងតំបន់អាស៊ី

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

photo_2023-11-16_10-27-16

ភ្នំពេញ៖កម្ពុជាទទួលបាននូវការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ពីភាពជោគជ័យនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង ៣០ឆ្នាំ មកនេះ ហើយនៅឆ្នាំ២០២៤ខាងមុខ កម្ពុជានឹងទទួលធ្វើជាប្រធាន នៃអនុសញ្ញាអូតាវ៉ា ដោយសម្រេចជ្រើសយកខេត្តសៀមរាប ជាទីកន្លែងសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជាង ២០០ប្រទេសចូលរួម។

ការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ជាលើកដំបូងក្នុងតំបន់អាស៊ីបន្ទាប់ពីប្រទេសន័រវែសធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខណៈដែលកិច្ចប្រជុំដ៏សំខាន់នេះធ្វើឡើងរយៈពេល៥ឆ្នាំម្តង។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១អាជ្ញាធមីនកម្ពុជាបានមានប្រសាសន៍ថា កិច្ចប្រជុំនៅប្រទេសស្វីស នៅខែធ្នូ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា នឹងទទួលញញួរ ធ្វើជាម្ចាស់ផ្ទះរៀបចំនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ប្រព្រឹត្តទៅក្នុងខេត្តសៀម រាប រយៈពេល១ឆ្នាំពេញនៃឆ្នាំ ២០២៤ ក្រោមអធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងរៀបចំផែនការរយៈពេល៥ឆ្នាំទៅមុខទៀត តាមរយៈការចេញសេចក្តីថ្លែងការណ៍ទីក្រុងសៀមរាប។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ថ្លែងបែបនេះ នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នៅអាជ្ញាធរមីន ក្រោមប្រធាន បទ"ការត្រៀមធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរឆ្នាំ ២០២៤" និងដំណើរបំពេញបេសកកម្មទៅហ្សឺណែវ ប្រទេសស្វីសដើម្បីទទួលញញួរ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអនុសញ្ញាអូតាវ៉ា។

ឯកឧត្តមបណ្ឌិត លី ធុជបានបន្តថា កិច្ចប្រជុំអនុសញ្ញាអូតាវ៉ានេះ នឹងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤នៅឯខេត្តសៀមរាប។  ជាមួយគ្នានេះ ក៏នឹងមានប្រទេសចំនួនជិត២០០លើពិភពលោក មកចូលរួមប្រជុំស្តីពីការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សជាតិ និងការចែករំលែកនូវបច្ចេកទេសបោសសម្អាតគ្រាប់មីន និងការផ្តល់សុវត្ថិភាពអ្នកបោសសម្អាតមីន នឹងរៀបចំផែនការគោលដៅបន្តនៃការអនុវត្តសកម្មភាពបោសសម្អាតមីននៅតាមបណ្តាប្រទេសមួយចំនួន ដើម្បីពិភពលោកគ្មានមីន ។

បើតាមឯកឧត្តមបណ្ឌិត លី ធុជ  កម្ពុជាមានសកម្មភាព៣សំខាន់ គឺការជំរុញការអនុវត្តគាំទ្រអនុសញ្ញាអូតាវ៉ាដល់៣៦ប្រទេស មិនទាន់ចូលជាសមាជិក និងប្រទេសជាសមាជិកអាស៊ាន ចំនួន ៤រួមមាន៖ប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា ឡាវ វៀតណាម គឺក្នុងឋានៈជាប្រធាន នៃកិច្ចប្រជុំនេះកម្ពុជា នឹងកៀគរប្រទេសទាំងនេះ ឲ្យចូលជាសមាជិកសន្ធិសញ្ញាអូតាវ៉ា។
នៅលើពិភពលោកនៅមានប្រទេសចំនួន ៣៣ដែលមានស្ថានភាពគ្រាប់មីន ធ្ងន់ធ្ងរពុំទាន់អាចបោសសម្អាតឲ្យអស់នៅឆ្នាំ ២០២៥បានទេ ត្រូវការពេលវេលា។
ការចូលជាសមាជិកអនុសញ្ញាអូតាវ៉ា ក្នុងគោលបំណងបញ្ចប់នូវការឈឺចាប់ និងសោកនាដកម្ម ដោយសារគ្រាប់មីនដែលទាមទារឲ្យប្រទេសជាសមាជិកអូតាវ៉ា ជួយគាំទ្រទាំងធនធាន ហិរញ្ញវត្ថុ និងបច្ចេកទេសបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់បណ្តាប្រទេសជាសមាជិក។


កម្ពុជា២០២៤ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នឹងកៀគរប្រទេសទាំង ៤នៃសមាជិកអាស៊ាន ដូចជា៖ឡាវ សិង្ហ បុរី,មីយ៉ាន់ម៉ា, វៀតណាម ឲ្យចូលជាសមាជិកអូតាវ៉ា ដើម្បីបំពេញបេសកម្មបោសសម្អាតមីន។
អនុញ្ញាអូតាវ៉ា មានប្រទេសចំនួន១៦៤ ជាសមាជិករួចមកហើយ រដ្ឋភាគីចូលជាសមាជិកអនុសញ្ញាអូតាវ៉ា និងទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ធនធានបច្ចេកទេស ។ កិច្ចប្រជុំអនុញ្ញាអូតាវ៉ា អនុវត្តរៀងរាល់៥ ឆ្នាំម្តង ប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំនិងធ្វើផែនការសកម្មភាព៥ឆ្នាំបន្តនៃអនុសញ្ញាអូតាវ៉ា។

សូមបញ្ជាក់ថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាអស់ជាង ២០០ លានដុល្លារអាមេរិកលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដើម្បីធានាសុខសុវត្ថិភាព និងសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋទូទាំងប្រទេស ៕

photo_2023-11-16_17-55-51

 

Comments

Related posts