ប.ស.ស. ជំរុញមូលដ្ឋានសុខាភិបាលឯកជនពង្រឹងការផ្ដល់សេវាដល់សមាជិក ប.ស.ស. ឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសុវត្ថិភាព

បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញដល់មូលដ្ឋានសុខាភិបាលឯកជនដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ពង្រឹងការផ្ដល់សេវារបស់ខ្លួនទៅដល់សមាជិក ប.ស.ស. ឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសុវត្ថិភាព ខណៈចំនួនសមាជិក ប.ស.ស. បានកើនឡើងរហូតដល់ជិត២លាននាក់។
ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី បានថ្លែងក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការផ្តល់សេវារបបសន្តិសុខសង្គម ជាមួយមូលដ្ឋានសុខាភិបាលឯកជនដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ចាប់តាំងពីដំណើរការរហូតដល់ប្រមាណពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ប.ស.ស. មានសមាជិកទាំងវិស័យឯកជន និងវិស័យសាធារណៈ សរុបចំនួនជិត ២លាននាក់។
ឯកឧត្តម ម៉េង ហុង ថ្លែងថា៖ «ដូច្នេះ មូលដ្ឋានសុខាភិបាលឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ត្រូវពង្រឹងការផ្ដល់សេវារបស់ខ្លួនទៅដល់សមាជិក ប.ស.ស. ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព»។
ការជំរុញរបស់ឯកឧត្តមធ្វើឡើងនៅមុន១ថ្ងៃ ដែលរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការបន្ថែមទៀត ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ នឹងគ្របដណ្ដប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង៣លាននាក់បន្ថែមទៀត ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពគ្របដណ្ដប់ប្រជាជនប្រមាណ៥ លាននាក់។
ឯកឧត្តម ម៉េង ហុង លើកឡើងថា បច្ចុប្បន្ន ចំនួនសមាជិក ប.ស.ស. មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយតម្រូវការនៃការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនឹងមានការកើនឡើងផងដែរ។
ឯកឧត្តមអគ្គនាយកស្ដីទី បានបន្ថែមថា គិតត្រឹមប្រមាណពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនទូទាំងប្រទេសសរុបចំនួន ១ ៥២៧ មូលដ្ឋានសុខាភិបាល ដើម្បីធានាបាននូវការផ្តល់សេវាដែលនៅជិតសមាជិកបំផុត និងឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ជាមួយគ្នានេះ ប.ស.ស. ក៏មានគម្រោងពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលឯកជនបន្ថែមទៀតផងដែរ។
ឯកឧត្តម ម៉េង ហុង បានបន្ដថា ទន្ទឹមនឹងការពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលនេះ មូលដ្ឋានសុខាភិបាលឯកជន ដែលបានចុះកិច្ចព្រមព្រៀងរួច និងមូលដ្ឋានសុខាភិបាលឯកជនដែលចង់ចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ត្រូវធានាឱ្យបានថា  មន្ទីរពេទ្យខ្លួនមានបុគ្គលិកបំពេញការងារ និងប្រចាំការ២៤/២៤ម៉ោងពេញ១សប្តាហ៍។
ឯកឧត្តមថ្លែងថា៖ «បន្ទាប់ពីសមាជិក ប.ស.ស. ចូលដល់មូលដ្ឋានសុខាភិបាលរបស់ខ្លួន គឺផ្តល់ការពិគ្រោះ ការព្យាបាល និងថែទាំវេជ្ជសាស្រ្ត និងវេជ្ជបញ្ជាត្រឹមត្រូវស្របតាមពិធីសារនៃការព្យាបាលរបស់ក្រសួងសុខាភិបាល ផ្តល់សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាអមវេជ្ជសាស្រ្តតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត គ្មានការបង់ថ្លៃសេវា រាប់បញ្ចូលទាំងការបង់ថ្លៃក្រៅផ្លូវការដោយសមាជិក ប.ស.ស. និងឱសថត្រូវមានគុណភាព និងទទួលស្គាល់ពីក្រសួងសុខាភិបាល និងត្រូវបំពេញនូវក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ»។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ប្រធានមូលដ្ឋានសុខាភិបាលឯកជនដែលបានចុះកិច្ចព្រមព្រៀងផ្នែកថែទាំសុខភាពចំនួន ១៣៥ មូលដ្ឋានសុខាភិបាល និងផ្នែកហានិភ័យការងារចំនួន ៧៩ មូលដ្ឋានសុខាភិបាល ដែលសរុបប្រមាណ១៥០នាក់ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
ឯកឧត្តម ម៉េង ហុង ធ្លាប់បានលើកឡើងក្នុងកិច្ចប្រជុំជាមួយតំណាងមន្ទីរពេទ្យឯកជនដែលជាដៃគូ ប.ស.ស. ប្រមាណ ២០០នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ថា កន្លងមក កិច្ចសហការរបស់មូលដ្ឋានសុខាភិបាលជាមួយ ប.ស.ស. ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដោយមូលដ្ឋានសុខាភិបាលមួយចំនួនតូចមិនទាន់អនុវត្តបានគ្រប់ជ្រុងជ្រោយ ហើយការផ្តល់សេវាជូនសមាជិក ប.ស.ស. នៅមានកម្រិត ជាពិសេស ការទាមទារទូទាត់ថ្លៃសេវាព្យាបាលរបស់មូលដ្ឋានសុខាភិបាលដៃគូមួយចំនួននៅមានភាពមិនប្រក្រតីនៅឡើយ។
ឯកឧត្តមក៏បានស្នើដល់តំណាងមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ត្រូវចូលរួមអនុវត្តទៅតាមកិច្ចព្រមព្រៀងឱ្យបានត្រឹមត្រូវដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវា លើកកម្ពស់គុណភាពសេវាសុខាភិបាលប្រកបដោយវិជ្ជាជីវៈដល់សមាជិក ប.ស.ស. ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងទាន់ពេលវេលា។
មាត្រា៤៧ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម បានចែងថា ក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. មានតួនាទីត្រួតពិនិត្យ និងតាមដានការអនុវត្តកិច្ចព្រមព្រៀងរបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។កាលពីខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនេះដើម្បីធានាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវារបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។
យោងតាមអនុក្រឹត្យនេះ ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃប.ស.ស. មានតួនាទីត្រួតពិនិត្យ តាមដានការអនុវត្តកិច្ចព្រមព្រៀង និងវាយតម្លៃគុណភាពសេវារបស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ព្រមទាំងពិនិត្យនិងផ្តល់យោបល់លើលក្ខខណ្ឌនិងគុណសម្បត្តិរបស់មូលដ្ឋានសុខាភិបាលដែលស្នើសុំចុះកិច្ចព្រមព្រៀងជាមួយប.ស.ស.។
របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ពីឆ្នាំ២០១៨ ដល់ខែតុលាឆ្នាំ២០២៣ មានកម្មករនិយោជិតដែលជាសមាជិក ប.ស.ស. បានទៅពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ប្រមាណ១៦លានករណី។ បើគិតជាទឹកប្រាក់ រាជរដ្ឋាភិបាល បានចំណាយថវិកាអស់ប្រមាណ៤៦៣លានដុល្លារ ជំនួសកម្មករនិយោជិត៕401497203_845871564210105_1106486682089852500_n400539292_845871217543473_790489714054771943_n400214264_845871014210160_2880781246758576343_n400645942_845871510876777_116718665959780390_n

Comments

Related posts