សាលាភូមិន្ទរដ្ឋបាល ក្រសួងព័ត៌មាន និងសាលាជាតិគយ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍសមត្ថភាពតាមរយៈការអប់រំ

 

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ២១ ១១ ២៣

IMG_2614

IMG_2615

IMG_2619

IMG_2616

IMG_2621

IMG_2623

IMG_2624

IMG_2613

IMG_2612

 

Mc សាលាភូមិន្ទរដ្ឋបាល ក្រសួងព័ត៌មាន និង សាលាជាតិគយ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការ អភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាលការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ។ 

     នៅក្នុងពិធី ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល ជាមួយក្រសួងព័ត៌មាន និងសាលាជាតិគយ នៅសាលាភូមិន្ទរដ្ឋបាល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។

   ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយក សាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា ការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ មានគោលបំណងសំខាន់ គឺផ្ដោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការ អភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

      ឯកឧត្តមបណ្ឌិត គុណ ញឹម មានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាវឌ្ឍនភាព និងការ បោះជំហានមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលក្នុងនោះសាលាជាតិគយ ក៏មានបេសកកម្មក្នុងការបណ្តុះបណ្តាលធន ធានមនុស្ស ពង្រឹងសមត្ថភាពមន្ត្រី និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិផងដែរ។ តាមរយៈអនុស្សរណៈនេះ សាលាជាតិគយនឹងបានក្លាយជាដៃគូ និងភាគីមួយក្នុងចំណោមស្ថាប័នជាច្រើន ដែលជាដៃគូរវបស់សាលាភូមិន្ទរដ្ឋបាលដែលជាសាលាមួយដែលមានវ័យចំណាស់ ពោរពេញទៅដោយបទពិសោធន៍ និងការកសាងធនធានមនុស្សនៅក្នុងវិស័យសាធារណៈផងដែរ។

       ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា កិច្ចសហការតាមរយៈអនុស្សរណៈនេះ គឺជាកាតាលីករដ៏សំខាន់ ក្នុងការបន្តជំរុញ និងលើកកម្ពស់ នូវការកសាងសមត្ថភាពនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងព័ត៌មាន នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីពង្រឹងសមត្ថភាពជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែល មានលក្ខណៈ“បុរសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងចូលរួម សហការធានាបាននូវសន្តិសុខព័ត៌មាន ពោលគឺ ទី១, ពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ទី២, គុណភាពព័ត៌មាន និងទី៣.សុវត្ថិភាពព័ត៌មាន។ 

   ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមយ៉ាងមុតមាំថា ជាមួយគោលបំណងនៃអនុស្សរណៈ ដែលក្រសួងព័ត៌មាន និង សាលាភូមិន្ទរដ្ឋបាលចុះហត្ថលេខានៅថ្ងៃនេះ នឹងមានកិច្ចសហប្រតិបត្តិការយ៉ាង សកម្ម ដើម្បីរួមចំណែកដល់ដំណើរការបង្កើនសមត្ថភាពមន្ត្រីរាជការក្រសួងព័ត៌មាន តាមរយៈការចូលរួមកសាងចំណេះដឹងជំនាញបន្ថែម និងលទ្ធភាពបំពេញការងារដើម្បីគុណផលបច្ចុប្បន្ន និងត្រៀមខ្លួនបានកាន់តែល្អប្រសើរសម្រាប់កាវិវឌ្ឍនថ្មីៗ នាពេលអនាគត។ 

    ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងស្មារតីនៃការកែទម្រង់ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ “គឺការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែល មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើ ”ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន” ដើម្បីគាំទ្រដល់ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ជាមួយគ្នានេះ នៅក្នុងបរិការនៃសកលភាវូបនីយកម្ម ការប្រកួតប្រជែង ក៏ដូចជាការឆ្លើយតប ទៅនឹងវិបត្តិ និងបញ្ហាប្រឈមជាអន្តរជាតិនានា គឺតម្រូវផងដែរឱ្យមានការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងបង្កើនសមត្ថភាពរដ្ឋបាលសាធារណៈ ឱ្យកាន់តែមានសមត្ថភាព និងគុណផលគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបរិការខាងលើបានទាន់ពេលវេលា។ នៅក្នុងន័យនេះ ការពង្រឹង និងការកែលម្អសមត្ថភាពរដ្ឋបាលសាធារណៈ ដែលសំដៅប្រែក្លាយធនធានមនុស្សនៅក្នុងវិស័យសាធារណៈ ឱ្យកាន់តែមានសមត្ថភាព មានវិជ្ជាជីវៈច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការបំពេញការងារ គឺជាកិច្ចការគន្លឹះ និងមានសារៈសំខាន់បំផុត ដែលត្រូវយកចិត្តទុកដាក់។ 

    នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់ជាផែនទីចង្អុលផ្លូវសម្រាប់ការរៀបចំផែនការលម្អិតក្នុងទម្រង់ផ្សេងៗនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព និងយុត្តិធម៌៕

Comments

Related posts