ឯកឧត្តម កើត រិទ្ធ ណែនាំឱ្យក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ អនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់

វិទ្យុជាតិកម្ពុជា៖

 

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅរសៀល ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ ក.ន.យ. សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

 

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម និងលោកជំទាវ ទាំង៣៣រូប ដែលត្រូវបានព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជាអនុប្រធាន សមាជិក និងសមាជិកា នៃ ក.ន.យ. សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នេះ។ 

 

ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនអង្គប្រជុំអំពីទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលនឹងត្រូវដាក់ឱ្យអនុវត្តនាពេលខាងមុខដោយក្រសួងយុត្តិធម៌ ផ្អែកតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិងផ្អែកតាមវិធានការគន្លឹះជាអាទិភាព ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។

 

ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចជូនសមាជិក-សមាជិកានៃ ក.ន.យ. អំពីតួនាទី និងភារកិច្ចសំខាន់ៗរបស់ក.ន.យ. ដែលមានកំណត់ក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការផ្តល់យោបល់ជូនក្រសួងយុត្តិធម៌លើការងារសំខាន់ៗមួយចំនួន រួមមាន៖ (១)-ការផ្តល់យោបល់ផ្នែកច្បាប់ក្នុងការរៀបចំ និងតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ ដើម្បីធានាប្រសិទ្ធភាព សង្គតិភាពនិងអនុលោមភាពគតិយុត្ត ក៏ដូចជា ការធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌, (២)-ការសិក្សា ស្រាវជ្រាវ និងផ្តល់យោបល់ពាក់ព័ន្ធនឹងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃយុត្តិធម៌ ក៏ដូចជា កិច្ចដំណើរការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និង (៣)-ការចងក្រងអត្ថបទច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ការរៀបចំបោះពុម្ពផ្សាយនូវព្រឹត្តិប័ត្រច្បាប់, ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ដល់មន្ត្រីក្នុងវិស័យយុត្តិធម៌ ដោយសហការជាមួយអង្គភាពជំនាញរបស់ក្រសួងយុត្តិធម៌ព្រមទាំង ការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយ និងកម្មវិធីកែទម្រង់នានាក្នុងវិស័យយុត្តិធម៌។

 

មុននឹងបញ្ចប់, ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ ក.ន.យ., ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ជូនដល់ឯកឧត្តមអនុប្រធាន ឯកឧត្តម និងលោកជំទាវ សមាជិក-សមាជិកានៃ ក.ន.យ. និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ ក.ន.យ. ដើម្បីក្រុមការងារយកទៅរៀបចំដាក់ចេញនូវផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យសមាជិក-សមាជិកា និងលេខាធិការដ្ឋានក.ន.យ. អនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមភារកិច្ចដែលមានកំណត់នៅក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក.ន.យ. និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីជាឧត្តមប្រយោជន៍នៃវិស័យយុត្តិធម៌៕68612FCA-D134-44A1-9A50-D641DF84BFDC63825783-C59F-441D-B4BC-CE86528F3C483F28B392-817D-445B-A630-318B1C823CC2

Comments

Related posts