ពិព័រណ៍គំនូរផាត់ពណ៌បង្កប់ពីអត្ថន័យអភិរក្សព្រៃឈើនៅជួរភ្នំក្រវាញទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ១១ ២០២៣

a4-116

a-86

a1-115

a2-115

a3-119

ពិព័រណ៍គំនូរផាត់ពណ៌ ដែលបង្កប់ ពីអត្ថន័យអភិរក្សព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។
ផ្ទាំងគំនូរដែលគូរ និងផាត់ពណ៌ដោយវិចិត្រករបរទេសនិងបានដាក់ តាំងពិព័រណ៍ជាសាធារណៈនៅក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃកន្លងទៅនេះ បានបង្កប់នូវអត្ថន័យពីធនធានជីវៈចម្រុះនៅតំបន់ជួរភ្នំក្រវាញ ជីវភាពសហគមន៍នៅតំបន់នោះ ។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) ដែលសហការជាមួយក្រុម Mural for Cambodia បានឱ្យដឹងថា ការតាំងនូវផ្ទាំងគំនូរទាំងនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ ខណៈកំពុងគ្របដណ្ដប់ទៅដោយព្រៃស្រោងក្រាស់ មានពណ៌បៃតងគ្រប់រដូវកាល និងជាជួរព្រៃធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារៈសំខាន់ចំពោះការរក្សាតុល្យភាពអាកាសធាតុរបស់សកលលោកទាំងមូល និងជាប្រភពទាញទឹកភ្លៀង និងថាមពលអគ្គិសនីដ៏សំខាន់សម្រាប់កម្ពុជា។
បើតាមតំណាងក្រុម Mural for Cambodia បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ចង់ផ្សព្វផ្សាយពីប្រពៃណីវប្បធម៌ ក៏ដូចជាតំបន់ទេសចរណ៍របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកឱ្យបានស្គាល់បន្ថែម ខណៈដែលកម្ពុជា មានទីតាំងទេសចរណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើនកន្លែង ជាក់ស្ដែងដូចនៅតំបន់ជីផាត ស្ថិតក្នុងខេត្តកោះកុង ដែលពួកគេបានទៅលេង និងគូរគំនូរនៅទីនោះ មានទេសភាពស្រស់ស្អាតខ្លាំង។
លោក ហ្វុនគី(Fonki ) សិល្បករកូនកាត់ខ្មែរ-កាណាដា បានបញ្ជាក់បន្ថែមថា ផ្ទាំងគំនូរបង្កប់នូវអត្ថន័យអភិរក្សព្រៃឈើ ក្នុងនោះមានការបង្ហាញពីសហគមន៍ជីផាត អំពីសារៈសំខាន់នៃធនធានដ៏សម្បូរបែបនៅតំបន់ជួរភ្នំក្រវាញ។ ផ្ទាំងគំនូរដ៏ស្រស់ស្អាតមួយចំនួន ក៏បានចែកដល់សិស្ស និងសាលារៀននៅតាមសហគមន៍នៃតំបន់ជួរភ្នំក្រវាញផងដែរ ខណៈគម្របព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ អំណោយផលដល់ពពួកប្រភេទសត្វកម្រ សម្រាប់ផ្ដល់តម្លៃដល់ការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍវិស័យថាមពល ការលក់ឥណទានកាបូន និងវិស័យទេសចរណ៍ធម្មជាតិ៕

Comments

Related posts