ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ ធំជាងឆ្នាំកន្លងទៅ ដោយមានចំនួនទូកចូលរួមប្រកួត កើនឡើងជាងឆ្នាំ២០១៩

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៥ វិច្ឆិកា ២០២៣

a20-1

a24

a25

a21-1

a22-1

a23

MC៖ ឯកឧត្ដម ប៊ូ ជុំសេរី អនុប្រធានអនុគណៈកម្មការបច្ចេកទេស និងគណៈកម្មការមេប្រយោគ បាន បញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ ធំជាងឆ្នាំកន្លងទៅ ដោយទូកចូលរួមប្រកួតចំនួន៣៣៧ ទូក គឺកើនឡើងជាងឆ្នាំ២០១៩ចំនួន៤០ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ប្រមាណ ៣០ ប្រទីប ដែលមានភាពល្អប្រណិត ដែលធ្វើឱ្យព្រះរាជពិធីបុណ្យនេះកាន់តែមានភាពអធិកអធម សប្បាយ រីករាយ។

ឯកឧត្ដម ប៊ូ ជុំសេរី អនុប្រធានអនុគណៈកម្មការបច្ចេកទេស និងគណៈកម្មការមេប្រយោគ បានប្រាប់ អ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូក ចូលរួមប្រកួតសរុប ចំនួន៣៣៧ទូក ក្នុងនោះទូកអុំបុរសមានចំនួន១៥៨ទូក ទូកចែវមានចំនួន៥២ទូក ក្នុងនោះមានទូកចែវ នារីចំនួន១ទូក។ ទូកខ្នាតអន្តរជាតិមានចំនួន១៣៤ ទូក ក្នុងនោះមានទូកនារីចំនួន២គូ ។ ចំណែកកីឡាករអុំទូកសរុបមាន ចំនួនជាង២០៤០០នាក់(២០៤១៧) ក្នុងនោះកីឡាករបម្រុងចំនួនជិត៣៨០០នាក់(៣៧៦៥)។ ឯកឧត្ដម បានបន្ថែមថា ឆ្នាំនេះទូកចូលរួមប្រកួតមានការកើនឡើងជាងឆ្នាំ២០១៩ចំនួន៤០ទូក និងមានប្រទីបរបស់បណ្តាក្រសួង ស្ថាប័ននានា ប្រមាណ៣០ប្រទីប ។ ឯកឧត្ដម មានប្រសាសន៍ រំពឹងថាក្នុងពិធីបុណ្យនេះនឹងមាន អ្នកចូល រួមកម្សាន្តនិងទស្សនាកាន់តែមានកំណើនខ្ពស់ ។ «សេដ្ឋកិច្ចយើងក៏ជឿនលឿន ប្រទេសក៏មានសន្តិសុខ សន្តិភាពគ្រប់កន្លែង ប្រជាពលរដ្ឋមាន ឆន្ទៈ ដើម្បីចូលរួមបុណ្យអុំទូក ដោយក្ដីសប្បាយរីករាយ  ម្យ៉ាងទៀតរាជរដ្ឋាភិបាលបានប្រកាសថា បុណ្យអុំទូកឆ្នាំនេះ មានការប្រារព្ធយ៉ាងអធឹកអធមជាងឆ្នាំមុនៗ ហេតុដូចនេះ ហើយប្រជាពលរដ្ឋនឹងមាន ការចូលរួមច្រើន»។
លោក ពន្លឺ ជាប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលឆ្នាំនេះ ប្រទេសកម្ពុជាយើងបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិង សំពះព្រះខែ អកអំបុកឡើងវិញ បន្ទាប់ពីខកខានអស់មួយរយៈពេលមក ។ លោកថា នេះជាឱកាសមួយក្នុងការបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវអន្តរជាតិដែលបានមកលេងកម្សាន្តនៅប្រទេសយើង ដូច្នេះសូមបងប្អូន យើង ដែលអញ្ជើញមកលេងកម្សាន្តនៅក្នុងពិធី សូមមានការប្រុងប្រយ័ត្នខ្លួនឱ្យបានល្អចៀសវាង កើតឧបទ្ទវហេតុដោយប្រការណាមួយ។
 «ជាទំនៀមទម្លាប់វប្បធម៌របស់សង្គមជាតិយើង  ដែលយើងត្រូវប្រារព្ធឡើងដោយមិនមានការ បង្កនូវអំពើហិង្សា។ យើងប្រារព្ធឡើងដើម្បីជាការដឹងគុណ ដល់ថ្ងៃ១៥កើតពេញបូណ៌មី ជាថ្ងៃអកអំបុក សំពះព្រះខែជាថ្ងៃទំនៀមទម្លាប់ប្រពៃណីខ្មែរ និងវប្បធម៌របស់ខ្មែរយើង  ចូរយើងរក្សាទាំងអស់គ្នា ដើម្បីឱ្យ ពិភពលោកបានដឹងថា ជាទំនៀមទម្លាប់ជាវប្បធម៌របស់ជនជាតិខ្មែរ ជាបេះដូងមួយរួមជាតិទាំងអស់គ្នា ដើម្បីឱ្យប្រទេសជាតិរបស់យើង និងវប្បធម៌របស់យើងរីកថ្កុំថ្កើងឡើងនៅលើពិភពលោក»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូកនេះគឺជាប្រពៃណីជាតិ ជាឱកាសដ៏ល្អ ដើម្បីឱ្យភ្ញៀវ ទេសចរអន្តរជាតិស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរដែលមាន តាំងពីបុរាណកាលមក នឹងជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី ២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ។ នាឱកាសនោះក៏មានការអុជកាំជ្រួចរៀងរាល់ពេលល្ងាចរយៈពេល៣ថ្ងៃ ចំនួន៣ដង និងនៅពាក់កណ្តាល អាធ្រាតថ្ងៃទី២ម្តងទៀត ដែលជាយប់ សំពះព្រះខែនិងអកអំបុក ដើម្បីអបអរសាទរព្រះរាជពិធី នេះផង ដែរ៕

Comments

Related posts