ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមពិធីបង្សុកូលជូនដល់អ្នកជំនាញការកសិកម្មនៃអតីតសហភាពសូវៀត ដែលទទួលមរណភាពក្នុងឧបទ្ទវហេតុនៅខេត្តកំពង់ចាមកាលពីឆ្នាំ១៩៨៣ 

វិទ្យុជាតិកម្ពុជា÷

 

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ព្រមទាំងឯកឧត្តម អ៊ុន ចិន្តា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មនៃអតីតសហភាពសូវៀតចំនួន ៨រូប និងខ្មែរ ១រូប ដែលបានទទួលមរណភាព នៅខេត្តកំពង់ចាម កាលពីឆ្នាំ១៩៨៣។   

 

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសមានទុក្ខ និងក្តីសោកស្តាយជាពន់ពេក និងសូមចូលរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយស្ថានទូត និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ជាពិសេសជាមួយក្រុមគ្រួសាររបស់អ្នកជំនាញការផ្នែកកសិកម្មទាំង ៩រូប ដែលបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍វាយប្រហារប្រដាប់អាវុធដោយក្រុមទាហានខ្មែរក្រហម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ ក្នុងអំឡុងពេលចុះបំពេញបេសកកម្មត្រួតពិនិត្យស្ថានីយ៍ពិសោធន៍ដំណាំកប្បាស នៅឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ 

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរួមចំណែក និងគំរូវីរភាពរបស់អ្នកជំនាញការកសិកម្មទាំង ៩រូប នៅតែដិតជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូបជាប់ជានិច្ច។ និងថា ការជួបជុំថ្ងៃនេះ គឺជាសក្ខីភាពនៃការចងចាំ និងដឹងគុណចំពោះអ្នកដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។  

 

នៅចំពោះមុខឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ី និងអង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា ប្រទេសរុស្ស៊ីគឺជាមិត្តមួយដ៏ល្អ ដែលបានជួយកម្ពុជាក្នុងគ្រាលំបាកនាសម័យសង្គ្រាម និងនាពេលក្រោយមក ដើម្បីស្ដារប្រទេសកម្ពុជាឡើងវិញ។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា សង្គ្រាមគឺជាប្រភពនៃវិនាសកម្ម និងការបែកបាក់។ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់អំពីតម្លៃកាត់ថ្លៃពុំបាននៃសន្តិភាព ដែលទាមទារឱ្យយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្សយូរអង្វែង៕IMG_20231125_162059_417IMG_20231125_162059_242IMG_20231125_162059_523IMG_20231125_162059_686

Comments

Related posts