អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំសកម្មភាពជាច្រើនក្នុងការបំផុសចំណេះដឹងបន្ថែមដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូក


វិទ្យុជាតិកម្ពុជា ៖ សុភា វិសិទ្ធិពង្ស ២៨.១១.២០២៣

a10-22

a11-19

a13-13

a12-18
MC ; អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំសកម្មភាពជាច្រើនក្នុងការបំផុសចំណេះដឹងបន្ថែមដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូក ដើម្បីឱ្យចេះប្រុងប្រយ័ត្នជាប់ជានិច្ចកុំឱ្យឆ្លងមេរោគអេដស៍ ។
ឯកឧត្តមឱសថការី ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយ UNAIDS មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អង្គការសង្គមស៊ីវិលដូចជា AHF FHI360 RHAC KHANA MHC CWPD នឹងរៀបចំប្រគុំតន្ត្រី និង សកម្មភាពមួយចំនួន ចាប់ពីថ្ងៃទី២៦ ២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ ។
ឯកឧត្តមបានបន្តថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកម្មវិធី ដូចជា៖១. អប់រំផ្ទាល់២. ចែកខិតប័ណ្ណព័ត៌មានអប់រំ ៣. ជួសឈាមចុងម្រាមដៃ៤. ចែកស្រោមអនាម័យ៥. វេទិកាសំណួរ-ចម្លើយ ទទួលរង្វាន់លើកទឹកចិត្តជាដើម ។ យុទ្ធនាការផ្សព្វផ្សាយអប់រំក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរៀបជាស្តង់ និងក្រុមចល័តសម្រាប់ផ្សព្វផ្សាយអប់រំសុខភាពដល់កីឡាករអុំទូកនិងប្រជាពលរដ្ឋទូទៅស្តីពីការបង្ការការចម្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការចែកស្រោមអនាម័យ ចែកទឹករំអិល ដោយឥតគិតថ្លៃ។
 « យើងបានរៀបចំនូវយុទ្ធនាការផ្សព្វផ្សាយ បើសហការជាមួយមជ្ឈមណ្ឌលជាតិ ប្រយុទ្ធជាមួយជំងឺអេដស៍សើស្បែកនិងកាមរោគ ក្រសួងសុខាភិបាលជាមួយអង្គការដៃគូសង្គមស៊ីវិល យើងបានធ្វើការផ្សព្វផ្សាយ ថ្ងៃទី២៨យើងបានធ្វើនៅទីធ្លាអូ.ស៊ី.អាយ.ស៊ី ហើយនៅថ្ងៃទីម្ភៃប្រាំមួយដល់ថ្ងៃទី២៨បន្តធ្វើការ ប្រគំតន្ត្រី ហើយការផ្សព្វផ្សាយនូវរមណីយដ្ឋានវត្តភ្នំរបស់យើង ហើយនៅក្នុងឱកាសទីនោះ យើងមានរោងសម្រាប់ប្រឹក្សាផងសម្រាប់តេស្តឈាមផង ដោយមិនគិតកម្រៃ ហើយយើងក៏បានចែកស្រោមអនាម័យនៅទីនោះផងដែរ ហើយបន្ទាប់មកនៅពេលព្រឹកនិងពេលរសៀល ដូចពេលយប់ដែរយើងមានក្រុមការងារចល័តក្នុងការចែកស្រោមអនាម័យ សម្រាប់រយៈពេលពីរថ្ងៃទី២៥ដល់ថ្ងៃទី២៨នេះ យើងគ្រោងស្រោមអនាម័យរហូតដល់ជាងដប់ម៉ឺនស្រោម » ។
ឯកឧត្តមក៏បានអំពាវនាវសុំឱ្យមានស្នេហាស្មោះត្រង់ប្តីមួយប្រពន្ធមួយ សុំប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅពេលមានដៃគូក្រៅ និងប្រញាប់ទៅធ្វើតេស្តឈាមរកមេរោគអេដស៍ប្រសិនបើសង្ស័យថា មានផ្ទុកមេរោគអេដស៍ ដើម្បីឆាប់បានទៅទទួលសេវាផ្តល់ប្រឹក្សា និងទទួលឱសថពន្យារជីវិតដោយឥតគិតថ្លៃ ។
សូមបញ្ជាក់ថា តាមរបាយការណ៍បានឱ្យដឹងថា ក្នុង១ឆ្នាំមានអ្នកឆ្លងថ្មីចំនួន ១៤០០នាក់ អ្នកស្លាប់មានចំនួន ១១០០នាក់ក្នុងមួយឆ្នាំ ហើយបច្ចុប្បន្នមានអ្នកទទួលសេវាព្យាបាលចំនួន ៦៧០០០នាក់ ៕

Comments

Related posts