ក្រោយពីត្រឡប់ពីការចូលរួមពិធីបុណ្យអុំទូកនៅភ្នំពេញប្រជាពលរដ្ឋត្រៀមទៅប្រមូលផលស្រូវឱ្យទាន់ពេលវេលា


វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

a13-14

a12-19
ភ្នំពេញ៖ ប្រជាកសិករបានឱ្យដឹងថា ក្រោយពីត្រឡប់ពីការចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញពួកគាត់បានត្រៀមប្រមូលផលស្រូវវស្សាឱ្យទាន់ពេលវេលា ខណៈដែលស្រូវរបស់ពួកគាត់ចាប់ផ្តើមទុំជាបណ្តើរៗហើយ។
ប្រជាពលរដ្ឋអ្នកធ្វើស្រែនាំគ្នាចាប់ផ្ដើមទៅប្រមូលផលស្រូវបន្ទាប់ពួកគាត់បានដើរកម្សាន្ដយ៉ាងសប្បាយរីករាយក្នុងព្រះរាជអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុករយៈពេលបីថ្ងៃនៅរាជធានីភ្នំពេញ។
លោកស្រី សំរិទ្ធ ថន វ័យប្រមាណជាង៦០ឆ្នាំមកពីស្រុកអង្គរជ័យ ខេត្តកំពតបានប្រាប់ឱ្យដឹងថា ពេលសប្បាយអុំទូករួចហើយ គឺដល់ពេលទៅច្រូតស្រូវដូវវស្សាតែម្ដង បើយើងមិនច្រូតឱ្យទាន់ពេលវេលាទេ វានឹងទុំខ្លាំងធ្វើឱ្យពិបាកច្រូត ណាមួយខ្លាចភ្លៀងកក់ខែពិបាកច្រូតផងដែរ។
លោកស្រីបញ្ជាក់ថា ក្នុងនាមកសិករសប្បាយចិត្តណាស់ពេលដល់ខែប្រមូលផលស្រូវនេះ បន្ទាប់ពីយើងចំណាយពេលស្ទូងជាង៦ខែកន្លងមក។
លោកស្រីបញ្ជាក់ថា យើងសប្បាយនៅអុំទូករួចហើយ ក៏ដល់ពេលទៅច្រូតល្មម៖
 «ខ្ញុំទៅពីពិធីបុណ្យអុំទូកវិញ នឹងហៅកូនចៅទៅប្រមូលផល ច្រូតស្រូវ ទុកហូបចា ។»
លោកអឿន សុភានៅខេត្តព្រៃវែងបានបញ្ជាក់ថា ក្រោយពីកម្សាន្ដនៅក្នុងពិធីអុំទូករួចហើយនោះគ្រួសារលោក និងអ្នកភូមិនឹងទៅបន្ដធ្វើស្រែចម្ការវិញ ដើម្បីទៅច្រូតស្រូវ ដែលចាប់ផ្តើមទុំជាបណ្ដើរៗហើយ ពេលច្រូតទុកដាក់រួចហើយងាយស្រួលប្រកបធ្វើការងារផ្សេងៗទៀត។
«ដោយសារតែការងារយើងជាអ្នករត់ផាស្អាប់ ពេលទំនេរយើងទៅលេងស្រុកដើម្បីជួយកិច្ចការងារច្រូតស្រូវ ហើយពេលរួចរាល់ពីការងារស្រែចម្ការយើងមកភ្នំពេញវិញ»។
សូមបញ្ជាក់ថាប្រទេសកម្ពុជាជាប្រទេសមួយដែលពឹងផ្អែកទៅលើកសិកម្មជាសំខាន់ព្រោះប្រជាជនប្រមាណ ៨០% ទៅ៨៥%ជាកសិករ ។ ស្រូវវស្សា ត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែឧសភា ដល់ខែតុលា ហើយអាចចាប់ផ្តើមប្រមូលផលនៅចន្លោះដើមខែធ្នូ និងខែមករា អាចមានទុំលឿនឬយឺតតាមរយៈពេលនៃការស្ទូងឬព្រោះរបស់កសិករ។ ខេត្តដែលផ្ដល់ស្រូវច្រើនជាងគេគឺខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ធំ ព្រៃវែង និងស្វាយរៀង៕

Comments

Related posts