ប្រជាពលរដ្ឋទទួលបានផលចំណេញច្រើនពីសមាជិក ប.ស.ស. និងអ្នកនៅក្នុងបន្ទុកគ្រួសារចំពោះការព្យាបាលជំងឺ និងការថែទាំសុខភាព


  វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២៩ ១១ ២០២៣

A8-103

  MC៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ ថ្លែងថា អ្នកនៅក្នុងបន្ទុកគ្រួសារនិងទទួលផលចំណេញជាច្រើន ក្នុងការព្យាបាលជំងឺ និងការថែទាំសុខភាព តាមរយៈការចូលជាសមាជិក ប.ស.ស។
  ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានថ្លែងថា កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គឺមានវិសាលភាព បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស រួមមានប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក ដើម្បីឱ្យបងប្អូនដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស គឺកូនក្រោមអាយុ ១៨ឆ្នាំ ប្តីឬប្រពន្ធដែលមានអាយុ ៦០ឆ្នាំចុះ អាចបង់ភាគទាន ប.ស.ស ផ្នែកថែទាំសុខភាពបាន ដោយគ្រាន់តែបង់ភាគទានត្រឹម១៥៦០០រៀលប៉ុណ្ណោះក្នុងម្នាក់។ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា  តាមការសិក្សាស្រាវជ្រាវកន្លងមក បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋម្នាក់ជាមធ្យមត្រូវចំណាយប្រហែល ២៥០ ដុល្លារក្នុងមួយឆ្នាំ ឬចន្លោះពី ១៥-២០ដុល្លារ ក្នុងមួយខែ ក្នុងករណីដែលមិនមានរបបថែទាំសុខភាព។ ដូចនេះការថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិកបសស តាមរបបស្ម័គ្រចិត្តនេះ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានប្រមាណ១៥ទៅ២០ដុល្លារក្នុងមួយខែ ក្នុងការទៅ រកសេវាព្យាបាលជំងឺ ជាពិសេសអ្នកដែលមានកូនតូច  ដែលជាទូទៅ គឺតម្រូវឱ្យមានការទៅពិនិត្យជួបពិភាក្សាជាមួយគ្រូពេទ្យជាញឹកញាប់។ 
«ដូច្នេះថ្វីដ្បិតតែកម្មវិធីនេះបើកទៅដល់កូនអាយុក្រោម១៨ឆ្នាំ ប៉ុន្តែបងប្អូនយើង អាចមានកូន៣នាក់ ដែលមានអាយុ១៥ឆ្នាំ ឬ១២ឆ្នាំ ឬក៏អាចក្រោម៥ឆ្នាំអីជាដើម ប្រសិនបើបងប្អូនបង់វិភាគទានផ្នែកថែទាំសុខភាព៣នាក់ ដោយគ្រាន់តែចំណាយក្នុងម្នាក់១៥៦០០រៀល។ យើងបង់វិភាគទាននេះឱ្យទៅកូនយើងទាំង៣មានន័យថា ក្នុងមួយខែយើងគ្រាន់តែចំណាយអស់ត្រឹមតែ១២ដុល្លារប៉ុណ្ណោះ ដែលយើងនឹងទទួលផលចំណេញ នៅពេលដែលកូនឈឺ កូនមាន
បសសទៅពេទ្យ ទោះបីជាទៅប៉ុន្មានដង ក៏យើងមិនបារម្ភក្នុងការចំណាយថវិកាច្រើនក្នុងការព្យាបាលនោះដែរ ដោយសារតែយើងមានបសស សម្រាប់ការពិនិត្យ និងព្យាបាលជំងឺ។»
  រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ នឹងបន្តធ្វើការជាមួយនឹងរោងចក្រម្ចាស់រោងចក្រ សហគ្រាស ដើម្បីចុះធ្វើការផ្សព្វផ្សាយ ទៅដល់បងប្អូនកម្មករ និយោជិត អំពីអត្ថប្រយោជន៍ ជាពិសេសបងប្អូនកម្មករនិយោជិត ដែលមានកូនតូចក្រោមអាយុក្រោម៦ឆ្នាំ ដែលទាមទារឱ្យមានការចំណាយការថែទាំសុខភាពច្រើន និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការចូលរួមបង់វិភាគទានស្ម័គ្រចិត្តនេះ ដើម្បីជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតជាដើម។
  គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត”  កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕

Comments

Related posts