សម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា រាជរដ្ឋាភិបាលអភិវឌ្ឍន៍គឺឈរលើគោលការណ៍ទទួលខុសត្រូវខ្ពស់


  វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ៣០ ១១ ២០២៣

a7-32
  MC៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលអភិវឌ្ឍន៍ដោយការទទួលខុសត្រូវ  មិនមែនសម្តែងឬថតកុននោះទេ។ 
  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងបែបនេះ ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
  សម្ដេចធិបតីបានថ្លែងថា ការអភិវឌ្ឍប្រទេស គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ចំនួន ២គឺបរិស្ថានអំណោយផលល្អ(សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ។  សម្ដេចធិបតីបន្តថា ផ្លែផ្កានៃសុខសន្តិភាពបានធ្វើឱ្យតំបន់កោះកុងប្រែមុខមាត់ មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយបានទាញយកប្រភពថាមពលអគ្គិសនី សម្រាប់បំពេញតម្រូវការទូទាំងប្រទេស។ សម្ដេចធិបតីចាត់ទុកថា វិស័យអគ្គិសនី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីបន្ថែមថា រាល់ពេលដែលរាជរដ្ឋាភិបាលនិយាយពីសុខសន្ដិភាព ស្ថិរភាព របស់ប្រទេសកម្ពុជា អ្នកខ្លះតែងតែចោទប្រកាន់ថា  រាជរដ្ឋាភិបាលផ្ដាច់ការតែម្ដង ខណៈដែលប្រទេសកម្ពុជា បើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាវិស័យថាមពលអគ្គិសនីនេះជាដើម។ ដូច្នេះ សន្ដិភាព សម្ដេចសុខចិត្ដឱ្យគេចោទថា ជាបុគ្គលផ្ដាច់ការក៏បានដែរ ជាជាងមិនអាច ស្វែងរក សន្ដិភាពជូនដល់ប្រជាជន។  សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងទទួលខុសត្រូវលើប្រជាពលរដ្ឋនិងប្រទេសជាតិចំនួន៣សំខាន់ ទី១ គឺជំរុញជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទី២ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ដោយគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់ និងទី៣ ទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។
   «រាជរដ្ឋាភិបាល មានភារកិច្ចដាក់គោលដៅនៅក្នុងការ បន្តជំរុញ កំណើន សេដ្ឋកិច្ច ជាតិ ហើយកាត់បន្ថយភាពក្រីក្រឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅទូទាំង ប្រទេស បាន កើនឡើង ដែលនេះគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។ ពីប្រទេសមានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ពីប្រជាពលរដ្ឋដែលគ្មានស្ថិរភាព គ្មាន សន្តិភាព ទៅជាកន្លែងដែលអាចអភិវឌ្ឍ អាចឱ្យប្រជាពលរដ្ឋរស់នៅបាននិងរីកចម្រើន។ ពីប្រទេសដែលក្រីក្ររាប់បាតដៃទទេចេញមក៤០ឆ្នាំជាងមុន ទៅជាប្រទេស ដែលមានជីវភាព ចំណូលមធ្យមកម្រិតទាប ដែលយើងដាក់ទិសដៅ ដើម្បីឱ្យយើងក្លាយ ទៅជាប្រទេស មាន ចំណូល មធ្យមកម្រិតខ្ពស់និងជីវភាព និងជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដើម្បីឱ្យជីវភាពរស់នៅ របស់ ប្រជាជនគ្រប់ទីកន្លែងទាំងអស់ កាន់តែកើនឡើង ដែលនេះគឺជាទិសដៅរបស់រាជរដ្ឋាភិបាល ៕»
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាត្រូវធានាឱ្យបាន នូវសន្តិសុខថាមពលអគ្គិសនី និង ឯករាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋ មិនត្រូវពឹងតែទិញពីប្រទេសជិតខាងទេ៕

Comments

Related posts