ឯកឧត្តមផៃ ប៊ុនឈឿន៖ តំបន់ព្រំដែនមានសន្តិភាពជាមូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ

 

វិទ្យុជាតិកម្ពុជា៖ លោកគឹម ហឿន

IMG_6375

IMG_6374

IMG_6376

IMG_6380

IMG_6379

IMG_6378

ស្ទឹងត្រែង៖   ឯកឧត្តមផៃ ប៊ុនឈឿនរដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានចាត់ទុកតំបន់ព្រំដែនមានសន្តិភាពមានការអភិវឌ្ឍគឺជា មូលដ្ឋាន ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច  ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅជិតព្រំដែនរវាងប្រទេសនីមួយៗ  ។     
    ក្នុងពិធីជួបសំណេះសំណាលនិងប្រគល់សម្ភារៈឧគ្ឃោសនសព្ទ  សម្រាប់ផ្សព្វផ្សាយគោលនយោបាយ   ភូមិឃុំសង្កាត់មានសុវត្ថិភាព   នៅស្រុកសៀមប៉ាង  និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងថ្ងៃទី២៨ធ្នូឆ្នាំ២០២៣ ឯកឧត្តមផៃ ប៊ុនឈឿន មានប្រសាសន៍ថា៖  អាជ្ញាធរស្រុក  ឃុំ  និងសមត្ថកិច្ចពាក់ព័ន្ធ  ត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អ  ជាមួយសមត្ថកិច្ចនៃប្រទេសជិតខាង កសាង អភិវឌ្ឍតំបន់សមរភូមិ ឱ្យទៅជាតំបន់មានសុខសន្តិភាព    ព្រោះខេត្តស្ទឹងត្រែង ស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ មានទឹកដីភូមិសាស្ត្រជាប់ព្រំដែនជាង២០០គីឡូម៉ែត្រ។
     ឯកឧត្តមបញ្ជាក់ថា៖រាជរដ្ឋាភិបាលបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ ធ្វើយ៉ាងណាឱ្យតំបន់នៅតាមខ្សែបន្ទាត់ព្រំដែនមានសន្តិសុខល្អគ្រប់យ៉ាងគ្មានការជួញដូរគ្រឿងញៀន- គ្មានការជួញដូរមនុស្ស-គ្មានការបង្កអំពើហិង្សា   ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋមានសុវត្ថិភាព។
« យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ហើយនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ យើងបានកំណត់ច្បាស់ណាស់ព្រំដែន  គឺជាព្រំដែនសន្តិភាព  មិត្តភាព  សហប្រតិបត្តិការ និងអភិវឌ្ឍន៍  ប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាតំបន់មួយមានការអភិវឌ្ឍ   តំបន់ព្រំដែនខ្លះ  គឺជាសមរភូមិ ប្រែក្លាយពីសមរភូមិឱ្យទៅជាទីជួបជុំមនុស្ស  កន្លែងលក់ដូរទីផ្សារ»។
      លោកផាន់យុត អភិបាលស្រុកសៀមប៉ាង លោកលីមីណាអភិបាលស្រុកបុរីអូរស្វាយសែនជ័យបានបញ្ជាក់ដូចគ្នាថា៖ បច្ចុប្បន្នតំបន់ព្រំដែនអាជ្ញាធរនៃ ចំប៉ាសាក់-ខេត្តអត្តពឺប្រទេសឡាវ  និងខេត្តស្ទឹងត្រែងបានសហការគ្នាល្អឡើងវិញ  ហើយបន្ទាប់ពីមួយរយៈកន្លងមក  ត្រូវបានបិទច្រកដោយសារតែវិបត្តិជំងឺកូវីដ-១៩នោះ។
     លោកបន្តថា៖អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលរដ្ឋបាលខេត្ត  បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ  និងភ្ញៀវទេសចរបានរៀបចំផ្លាស់ប្ដូរ  ឈប់ប្រើបណ្ណឆ្លងដែន  មកប្រើបណ្ណព្រំដែនជំនួសវិញ។
     លោកបន្តថា៖ការប្រើបណ្ណព្រំដែនមានផលចំណេញ  ដល់ប្រជាពលរដ្ឋ ព្រោះក្នុងមួយឆ្នាំគាត់ចំណាយតែ២ម៉ឺនរៀលតែប៉ុណ្ណោះ  ហើយពេលដាច់ឆ្នាំបន្តសុពលភាពចំណាយតែ១ម៉ឺនរៀលប្រើប្រាស់បានមួយឆ្នាំទៀត ។
  លោកខនថន តំណាងឱ្យប្រជាពលរដ្ឋរស់នៅភូមិឧបសម្ព័ន្ធ ឬទ្ធីសែនជ័យ១បានយល់ថា៖នេះពិតជាបានជួយសម្រាលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ  ហើយអាចចេញចូលបានងាយស្រួលក្នុងការទាក់ទងគ្នា  ផ្នែកលក់ដូរផលិតផលកសិកម្មផ្សេងៗ  ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃទៀតផង។
    សូមបញ្ជាក់ថា៖យន្តការអភិវឌ្ឍព្រំដែនពង្រឹងសន្តិភាព ពិតជាបាន ជួយប្រជាពលរដ្ឋ  ដែលរស់នៅខេត្តស្ទឹងត្រែងមានភូមិសាស្ត្រ   ទឹកដីជាប់ ព្រំដែន  និងភូមិផងរបងជាមួយគ្នាកម្ពុជា- ឡាវ ដើម្បីបង្កើនភាពទំនាក់ទំនងល្អទាំង ផ្នែកសន្តិសុខ-សុខាភិបាល និងសេដ្ឋកិច្ច ៕

Comments

Related posts