ក្រោយប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ កងទ័ពជើងអាកាស បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើន

 

វិទ្យុជាតិកម្ពុជា = ស៊ឹង សុផារី ៣០.១២.២០២៣

a5-155

a2-156

a4-160

a3-162

ភ្នំពេញ៖ ក្រោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ កងទ័ពជើងអាកាស បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើន ដើម្បីបណ្តុះអ្នកបន្តវេនជំនាន់ក្រោយឱ្យមានសមត្ថភាព ក្នុងការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ។

 លោកវរសេនីយ៍ឯក ឃួន ថង់ស៊ីន នាយខុទ្ទកាល័យបញ្ជាការដ្ឋានកងទ័ពអាកាស និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវចងក្រងប្រវត្តិសាស្ត្របញ្ជាការដ្ឋានកងទ័ពជើងអាកាស បានមានប្រសាសន៍ថា ស្នាដៃចូលរួមប្រយុទ្ធការពារការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ក្រោមការដឹកនាំបញ្ជា
ផ្ទាល់របស់អគ្គសេនាធិការកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា និងក្រោយមកអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កងទ័ពជើងអាកាសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រើប្រាស់យន្តហោះ និងឧទ្ធម្ភាគចក្រ បំពេញកិច្ចប្រតិបត្តិការកម្ទេចជម្រកខ្មាំងនៅក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ចាប់ពីខែកុម្ភៈឆ្នាំ១៩៩០ ក្នុងខេត្តកំពង់ធំ កំពង់ឆ្នាំង កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ ឧត្តរមានជ័យ កំពត បាត់ដំបង និងខេត្តសៀមរាប រហូតដល់មានសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិល ដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាឆ្នាំ១៩៩៨ ។
  ក្រៅពីនេះ ក្រោយកិច្ចចរចាទីក្រុងប៉ារីសនិងការបោះឆ្នោតសកល១៩៩៣ ជាបន្តបន្ទាប់ ស្របទៅតាមការវិវឌ្ឍនៃនយោបាយរបស់កម្ពុជា កងទ័ពអាកាស មានការរីកចម្រើន ជំហានៗ”ឆ្លងកាត់ដំណាក់កាលនីមួយៗ ដោយបានបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្ដាប្រទេសក្នុងសកលលោក ជាពិសេសក្នុងចំណោមកងទ័ពអាកាសនៃប្រទេសអាស៊ាន ចូលរួមក្នុងកិច្ចប្រជុំ ចូលរួមលំហាត់យោធាផ្សេងៗ ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយ ដែលកើតឡើងនៅក្នុងផ្ទៃប្រទេស ជារៀងរាល់ឆ្នាំ ចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩ដោយប្រើប្រាស់កម្លាំងក្រុមការងារសុខាភិបាលរបស់អង្គភាព ដើម្បីចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាដើម ។
លោកវរសេនីយ៍ឯក បានបន្តទៀតថា ក្រោយពេលដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញមក កងទ័ពអាកាសត្រូវការកំណែទម្រង់រចនាសម្ព័ន្ធមួយចំនួន និងរបៀបរបបគ្រប់គ្រងបញ្ជាពង្រឹងសមត្ថភាព ផ្នែកសម្ភារសឹងគ្រប់ប្រភេទ បង្កើនឧត្តមភាពផ្នែកយោធាក្នុងការការពារជាតិទៅថ្ងៃខាងមុខ។ មួយវិញទៀត កងទ័ពអាកាសក៏ត្រូវប្រមូលផ្ដុំទៅលើការងារធំមួយទៀត គឺការបង្កើនធនធានមនុស្ស ដើម្បីបន្តវេនជំនាញប្រភេទទ័ពសម្រាប់អនាគតកាល ព្រោះជំនាញនីមួយៗរបស់កងទ័ពអាកាស ត្រូវការចំណេះដឹងនៃបច្ចុប្បន្នភាព បច្ចេកវិទ្យាដែលវិវឌ្ឍជាប់ជានិច្ចតាមពេលវេលា ។
« កងទ័ពជើងអាកាសមានដំណើរវិវត្តន៍ តើដំណើរវិវត្តន៍ទៅមុខនោះវាត្រូវរៀបចំផែនការបែបណា ? គន្លឹះសំខាន់គឺត្រូវការពង្រឹងធនធានមនុស្ស ដែលយើងត្រូវបង្កើនបន្ថែម បំពេញនៅក្រោយពេលដែលសង្គ្រាមស៊ីវិលបានបញ្ចប់ នោះហើយគឺការបណ្តុះបណ្តាលយុវជនបន្តពីព្រោះយើងដូចជាអាកាសយានិកបន្តវេន ហើយក៏ដូចជាអ្នកបច្ចេកទេសបន្តវេន ហើយក្នុងនោះក្រៅពីនេះ យើងបានជំរុញការអភិវឌ្ឍកសាង ពង្រឹងកសាងមូលដ្ឋានថ្មីៗ ដូចជានៅកងកេងជាដើម ហើយជាពិសេសគឺទៅលើប្រព័ន្ធការពារអាកាសរបស់យើងដែរ » ។
ជាចុងក្រោយ លោកវរសេនីយ៍ឯក បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ត្រូវតែរួមគ្នា សាមគ្គីគ្នា រក្សានូវសុខសន្តិភាព សុវត្ថិភាព ដែលបច្ចុប្បន្ននេះកម្ពុជា គឺផ្ទុយស្រឡះពីសភាពការណ៍ទាំងឡាយនៅបណ្ដាប្រទេសមជ្ឈិមបូព៌ាមួយចំនួន ដែលឃើញហើយថា ប្រជាពលរដ្ឋមានទុក្ខវេទនា ដូច្នេះទម្រាំស្វែងរកសន្តិភាពមកបាន គឺសម្តេចតេជោ បានធ្វើការងារជាច្រើន លះបង់គ្រប់បែបយ៉ាង ទម្រាំបានដូចសព្វថ្ងៃនេះ ដូច្នេះត្រូវរួមគ្នាថែរក្សាសន្តិភាព ត្រូវចូលរួមជាមួយកងយោធពលខេមរភូមិន្ទនិងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧ថ្មីនេះ ៕

Comments

Related posts