អ៊ីស្រាអែល តាមសម្លាប់មេដឹកនាំរងម្នាក់របស់ក្រុមហាម៉ាសដល់ទឹកដីលីបង់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6952

IMG_6953

អន្តរជាតិ៖ កាលពីថ្ងៃអង្គារសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាបានរាលដាលទៅដល់ប្រទេសលីបង់ជាទីដែលការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលបានសម្លាប់មេដឹកនាំរងម្នាក់របស់ក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសលីបង់បានរាយការណ៍ថា មានការវាយប្រហារដោយយន្ដហោះដ្រូនលើការិយាល័យមួយរបស់ក្រុមហាម៉ាសស្ថិតនៅជាយទីក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ដែលជាមូលដ្ឋានដ៏រឹងមាំមួយរបស់ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់។ តាមប្រព័ន្ធផ្សព្វផ្សាយលីបង់ ការវាយប្រហារនេះបានសម្លាប់មនុស្សសរុប ៧នាក់។ ចំណែកទូរទស្សន៍របស់ហាម៉ាសវិញក៏បានទទួលស្គាល់ដែរថាលោក Saleh al-Aruri មេដឹកនាំរងម្នាក់របស់ខ្លួនបានស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលនៅលីបង់។ គួរបញ្ជាក់ថា ខាងយោធាអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយចំពោះការស្លាប់របស់លោក Aruri នោះទេ ប៉ុន្តែបាននិយាយថាយោធាខ្លួនបានប្រុងជើងការខ្ពស់សម្រាប់គ្រប់សេណារីយ៉ូទាំងអស់ ក្រោយមានសេចក្ដីរាយការណ៍ពីការស្លាប់នៃមេដឹកនាំរងក្រុមហាម៉ាសរូបនេះ។ លោក Saleh al-Aruri គឺជាអនុប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស និងជាស្ថាបនិកម្នាក់នៃកងពលតូចហាម៉ាស Al-Qassam។ លោក Aruri ក៏បានក្លាយជាមេដឹកនាំហាម៉ាសដំបូងគេបំផុតដែល ត្រូវបានអ៊ីស្រាអែលធ្វើឃាតនៅក្រៅដែនដីប៉ាឡេស្ទីនផងដែរ ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក៕

Comments

Related posts