អ៊ីរ៉ង់ ប្រារព្ធពិធីកាន់ទុក្ខសម្រាប់មនុស្ស ៨៤ នាក់ដែលបានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a22-30

a24-25

a23-25

អន្តរជាតិ៖  អ៊ីរ៉ង់បានប្រារព្ធពិធីកាន់ទុក្ខមួយសម្រាប់មនុស្សយ៉ាងតិច ៨៤នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន ២ ដង ក្នុងហ្វូងមនុស្សដែលកំពុងប្រារព្ធពិធីរំលឹកខួបវិញ្ញាណក្ខន្ធ របស់ឧត្តមសេនីយឆ្មាំបដិវត្តន៍ លោក Qasem Soleimani ដែលបានស្លាប់ដោយការវាយប្រហារដោយដ្រូនរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារទេ ប៉ុន្តែលោក Mohammad Jamshidi អនុប្រធានផ្នែកកិច្ចការនយោបាយរបស់ប្រធានាធិបតីអ៉ីរ៉ង់បានសរសេរនៅលើបណ្ដាញសង្គម X ថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលគឺជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលលោកហៅថា ជាការវាយប្រហារភេរវកម្មប្រឆាំងអ៉ីរ៉ង់។ ចំណែកលោក Ebrahim Raisi ប្រធានាធីបតីអ៊ីរ៉ង់បានថ្កោលទោសដោយចាត់ទុកថាការវាយប្រហារបំផ្ទុះគ្រាប់បែកនោះជាទង្វើឃោរឃៅគ្មានមនុស្សធម៌ ខណៈលោក Ayatollah Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់បានសន្យាសងសឹកវិញយ៉ាងចាស់ដៃចំពោះអ្នកនៅពីក្រោយការវាយប្រហារនេះ។ គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែក ២ លើកបានកើតឡើងនៅក្បែរផ្នូរបញ្ចុះសពមួយក្នុងទីក្រុង Kerman នាឱកាសដែលមនុស្សម្នាជាច្រើននាក់បានចូលរួមពិធីរំឮកវិញ្ញាណក្ខន្ធក្នុងខួបឆ្នាំនៃការសម្លាប់លោក Qasem Soleimani អតីតឧត្តមសេនីយ៍អ៊ីរ៉ង់ក្នុងការវាយប្រហារយន្ដហោះដ្រូនរបស់សហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០៕

Comments

Related posts