អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុនកើនដល់ ១៦១នាក់ និង ១០៣នាក់នៅតែបន្តបាត់ខ្លួន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a7-153

a6-154

អន្តរជាតិ៖ ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុនបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្រោយគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅបានកើនដល់ ១៦១នាក់ ខណៈព្រិលធ្លាក់កំពុងបង្កភាពស្មុគស្មាញដល់ប្រតិបត្តិការជួយសង្រ្គោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ បើតាមក្រុមមន្ត្រីនៅក្នុងខេត្ត Ishikawa ចំនួនអ្នកបាត់ខ្លួនថយចុះពី ១៩៥នាក់មកនៅត្រឹម ១០៣នាក់។ ចំណែកប្រជាជន ២០,៧០០គ្រួសារក្នុងខេត្តមួយគ្មានអគ្គិសនីប្រើប្រាស់ និង៦៦,១០០គ្រួសារគ្មានទឹកប្រើគ្រប់គ្រាន់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK កាលពីថ្ងៃអាទិត្យលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា ការងារជាអាទិភាពគឺជួយសង្រ្គោះមនុស្សចេញពីគំនរបែកបាក់ និងផ្ដល់ជំនួយទៅកាន់សហគមន៍ដាច់ស្រយាល។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១១ ជប៉ុនបានរងគ្រោះដោយសារការរញ្ជួយដីដ៏មហាប្រល័យបង្កជារលកយក្សស៊ូណាមិ និងដែលបានបន្សល់ទុកមនុស្សប្រហែលជា ១៨,៥០០នាក់បានស្លាប់ និងបាត់ខ្លួន ហើយបង្កជាគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima ផងដែរ៕

Comments

Related posts