លោក ពូទីន បានចុះឈ្មោះជាផ្លូវការជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតនៅខែមីនាខាងមុខ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a12-127

a13-112

អន្តរជាតិ៖ ប្រទេសរុស្ស៊ីបានទទួលស្គាល់ជាផ្លូវការចំពោះបេក្ខភាពរបស់លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែមីនាខាងមុខនេះ ដែលជាការបោះឆ្នោតដែលលោកស្ទើរតែ ប្រាកដក្នុងចិត្តថានឹងឈ្នះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតបាននិយាយថា ខ្លួនបានចុះឈ្មោះលោក ពូទីន និងមេដឹកនាំស្តាំនិយម លោក Leonid Slutsky ដែលស្មោះត្រង់នឹងលោកពូទីន ជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ ការបោះឆ្នោតនេះគ្រោងនឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ដែលជាវិធានការមួយដែលអ្នករិះគន់វិមានក្រឹមឡាំងនិយាយថា នឹងធ្វើឱ្យមានការលំបាកបន្ថែមទៀតក្នុងការធានាតម្លាភាព។ បន្ទាប់ពីកំណែទម្រង់រដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសនៅឆ្នាំ ២០២០ លោក ពូទីន អាចបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦។ ក្រុមសិទ្ធិមនុស្សនិយាយថា ការបោះឆ្នោតមុនៗត្រូវបានរំខានដោយភាពមិនប្រក្រតីជាច្រើនករណី ហើយថាអ្នកសង្កេតការណ៍ឯករាជ្យក៏ទំនងជាត្រូវបានរារាំងពីការត្រួតពិនិត្យការបោះឆ្នោតផងដែរ។ គួរបញ្ជាក់ថា លោក ពូទីន មានវ័យ ៧១ ឆ្នាំបានដឹកនាំប្រទេសរុស្ស៊ីចាប់តាំងដើមដំបូងនៃសតវត្សរ៍មកនេះមកម្ល៉េះ ដោយបានឈ្នះការបោះឆ្នោតប្រធានាធិបតីចំនួនបួនអាណត្តិ និងបានបម្រើការជានាយករដ្ឋមន្ត្រីក្នុងរយៈពេលខ្លីនៅក្នុងប្រព័ន្ធមួយដែលក្រុមប្រឆាំងស្ទើរតែមិនមាន៕

Comments

Related posts