មន្ទីរបញ្ចកោណថា មិនចង់ធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ទេ ក្រោយទាហានអាមេរិក ៣នាក់ ស្លាប់នៅហ្ស៊កដានី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a34-14

a36-9

a35-11

អន្តរជាតិ៖ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានសន្យាថា សហរដ្ឋអាមេរិកនឹងចាត់វិធានការ សកម្មភាពឆ្លើយតបចាំបាច់នានា ដើម្បីការពារកងទ័ពរបស់ខ្លួនក្រោយទាហានអាមេរិក ៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្ដហោះដ្រូននៅក្នុងប្រទេសហ្ស៊កដានី បើទោះជារដ្ឋបាលលោក ចូ បៃដិន បានសង្កត់ធ្ងន់ថាមិនចង់មានសង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយនៅមន្ទីរបញ្ចកោណលោក Lloyd Austin ដែលទើបតែចូលធ្វើការវិញក្រោយទទួលការវះកាត់ជំងឺមហារីកបានបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន និងរូបលោក មិនអត់ឱនឱ្យជាដាច់ខាតចំពោះការវាយប្រហារលើកងកម្លាំងអាមេរិក ហើយថាអាមេរិកនឹងចាត់វិធានការសកម្មភាពចាំបាច់នានា ដើម្បីការពារកងទ័ពអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយក្រុមមន្ត្រីរបស់រដ្ឋបាលលោក បៃដិន បានបញ្ជាក់ថាសហរដ្ឋអាមេរិកមិនមែនកំពុងចង់ធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់នោះទេ រីឯខាងមន្ទីរបញ្ចកោណក៏បានអះអាងដែរថាអ៉ីរ៉ង់ក៏មិនចង់ធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកនោះដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទាហានអាមេរិក ៣នាក់ត្រូវបានសម្លាប់ និងជាង ៤០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនដែលលោក បៃដិន អះអាងថាជាស្នាដៃរបស់ក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។ គួរបញ្ចាក់ថា នេះគឺជាការវាយប្រហារដែលបានសម្លាប់ទាហានអាមេរិកដំបូងបំផុត ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣មក ប៉ុន្តែអ៉ីរ៉ង់បានបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ៕

Comments

Related posts